ដោយ អាន ស៊ីថាវ
ចំណុចសំខាន់៖
- តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដែលដំណើរការមានចំនួន ៤៨តំបន់
- យ៉ាងហោចណាស់តំបន់សេដ្ឋកិច្ចនីមួយៗ ត្រូវការដីយ៉ាងតិចបំផុត ១០០ហិចតា
- គោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺដើម្បីជំរុញការនាំចេញតាមផែនការរបស់រដ្ឋាភិបាលកម្ពុជា
“តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា មានសហគ្រាសសរុបជិត៥០០ និងបានបង្កើតការងារសរុបចំនួន ១៣ម៉ឺននាក់នៅទូទាំងប្រទេស”
ល័ក្ខខ័ណ្ឌនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា មានគោលបំណងដើម្បីទាក់ទាញការវិនិយោគពីបរទេស។ ការទាក់ទាញវិនិយោគនោះ គឺផ្ដល់អត្ថប្រយោជន៍ជាពិសេសតាមរយៈការផ្ដល់ដីធ្លី និងការអនុគ្រោះពន្ធនានា ក្នុងគោលបំណងបង្កើតសហគ្រាសជំនួញ ការបង្កើតការងារក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅប្រទេសកម្ពុជា អ្នកវិនិយោគបរទេសមកបណ្ដាក់ទុក ជាលក្ខណៈបណ្ដោះៗ ដែលភាគច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាការវិនិយោគរបស់ជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម និងសិង្ហបុរីជាដើម។ ភាគច្រើន ប្រទេសនីមួយៗបានបង្កើតក្រុមហ៊ុន ឬសហគ្រាសដែលពាក់ព័ន្ធនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជាក់ស្ដែងបើយោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយករណីសិក្សានៅ ខេត្តព្រះសីហនុ មានរោងចក្រ/សហគ្រាសប្រមាណ ១៧៥និងផ្តល់ការងារជាង ៣ ម៉ឺន កន្លែងកំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិននិងតំបន់អាស៊ីអាគ្នេយ៍។
សហគ្រាសនោះបានផ្ដល់ការងារជាង ៣ ម៉ឺនកន្លែងដែលកំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)។
សហគ្រាសដែលបើករោងចក្រ/សហគ្រាសនៅទីនោះ មានដូចជា រោងចក្រដេរសម្លៀកបំពាក់ បរិក្ខារធ្វើដំណើរគ្រឿងបង្គុំអគ្គិសនី-អេឡិចត្រូនិក គ្រឿងសង្ហារិមបរិក្ខារសូឡា និងសម្បកកង់រថយន្ត ជាដើម។
គិតត្រឹម២០០៦ ដល់ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា មាន៤៨តំបន់ ដែលដំណើរការ និងភាគច្រើនគ្រប់គ្រងដោយចិន។ ខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេគឺនៅខេត្តព្រះសីហនុ។ ផ្ទៃដី បង្កើតតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មានចំនួនយ៉ាងហោចណាស់ ១០០ហិចតា។
តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា មានសហគ្រាសសរុបជិត៥០០ និងបានបង្កើតការងារសរុបចំនួន ១៣ម៉ឺននាក់នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការទាក់ទាញអ្នកវិនិយោគបរទេសតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលកម្ពុជាជឿជាក់ថា ជាកត្តាអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើតការងារបានឆាប់រហ័ស៕