រយៈពេល២២ឆ្នាំដល់បច្ចុប្បន្ន កម្ពុជាអនុម័តគម្រោងសាងសង់ជាង ៦ម៉ឺនគម្រោង

Torng Rotanak 03/May/2023 15:39
ចែករំលែក

ចំណុច​សំខាន់៖

  • នៅ​ក្នុង​ឆ្នាំ​២០២២ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​​​ក្នុង​វិស័យ​សំណង់​កើន ២៤​ក្រុមហ៊ុន​បើ​ធៀប​នឹង​ឆ្នាំ​២០២១
  • នៅក្នុង​ឆ្នាំ​២០២២ គម្រោង​សាងសង់​បុរីមាន​ចំនួន​ ៥១០​គម្រោង​
  • ផ្ទៃ​ក្រឡា​កម្រាល​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​ចំនួន ១៧៣លាន​ម៉ែត្រ​ការ៉េគិត​ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០២២

 

“បើ​គ្មាន​គម្រោង​សាងសង់​តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​អភិវឌ្ឍ​លឿនតាម​វិធី​ណា?”

វិស័យ​សំណង់​ កំពុង​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​កម្ពុជា ដោយ​រាប់​តាំង​ពី​ការ​បង្កើត​ការងារ​ ការ​ទាក់ទាញ​វិនិយោគ​បរទេស និង​ការ​ចូល​ចំណែក​នៅ​ក្នុង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ទោះបីកម្ពុជា បាន​រង​ឥទ្ធិពល​អាក្រក់ពី​វិបត្តិ​កូវីដ១៩ និង​​កលិយុគ​សេដ្ឋកិច្ច​ប៉ុន្តែកម្ពុជា​នៅ​តែ​បន្ត​អនុម័ត​គម្រោង​សាងសង់ នា​ពេល​បច្ចុប្បន្ន។​

ស្ថិតិ​បង្ហាញ​ថា​ នៅក្នុងឆ្នាំ ២០២២ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្ដល់វិញ្ញាបនបត្រអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៣៣៦ ក្រុមហ៊ុន ប្រកបអាជីវកម្មក្នុងវិស័យសំណង់ គឺមានការកើនឡើង ២៤ ក្រុមហ៊ុន បើធៀបទៅនឹងឆ្នាំ ២០២១ ដែលមាន ៣១២ ក្រុមហ៊ុន។

តួ​លេខ​នេះ​បញ្ជាក់​ថា ទោះ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​អាក្រក់​ពី​សេដ្ឋកិច្ច​សកល តែ​គម្រោង​សាងសង់​នៅ​តែ​កើន ដែល​​ចំនួន​អគារ​ខ្ពស់​និង​បុរីកើន​ដល់ជាង​ ៣​ពាន់​កន្លែង​នៅ​ក្នុង​ឆ្នាំ​២០២២ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានចេញកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ ទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួន ៣ ៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦ ៥៩៦ ៩៣៦ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២ ៦៣៤ ៩៩២ ១០០ដុល្លារ ដោយ​ឡែក​ បើ​គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរី។

បច្ចុប្បន្ន​វិស័យ​សំណង់​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់។បើគិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ចំនួន ៦១ ៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង១៧៣ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៦៨ ៨៣៧ លានដុល្លារ។

ក្រសួងបានលើកឡើងទៀតថា គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានីភ្នំពេញចំនួន៨៦គម្រោង ស្មើនឹង៩៣អគារ ខេត្តព្រះសីហនុចំនួន១៤គម្រោង ស្មើនឹង១៦អគារ និងខេត្តបន្ទាយមានជ័យចំនួន១៣គម្រោង ស្មើនឹង១៥អគារ) ក្នុងនោះ ពី៥ជាន់ទៅ៩ជាន់ មានចំនួន៩៩អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន២៤អគារពី២០ទៅ២៩ជាន់ មានចំនួន១៣អគារ និងពី៣០ ជាន់ ទៅ៣៩ជាន់ មានចំនួន៦អគារ។

ចំណែកសំណង់លំនៅឋានមានចំនួន៤ ៣២១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប៣ ៧០៧ ៤៥៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ១ ៤១២ លានដុល្លារ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង