ចំណុចសំខាន់
- គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗកំពុងអភិវឌ្ឍ និងសិក្សាលទ្ធភាពសង់មានតម្លៃសរុប ៣០ប៊ីលានដុល្លារ
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកន្លងមកតែងផ្តល់អត្ថប្រយោជន៍ធំ៥ ដល់វិស័យអចលនទ្រព្យ
- ឥទ្ធិពលវិជ្ជមានតែងកើតមានលើសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច
«ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមកបានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យ។ គម្រោងធំៗជាច្រើនបានបង្កើតឱកាសវិនិយោគថ្មី និងបង្កើនតម្លៃនៃអចលនទ្រព្យដែលមានស្រាប់»។
ប្រទេសកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនកំពុងត្រូវបានអភិវឌ្ឍ។ គម្រោងទាំងនេះមានទឹកប្រាក់វិនិយោគបូកបញ្ចូលគ្នារហូតដល់ទៅ ៣០ ប៊ីលានដុល្លារ ហើយនឹងផ្តល់ផលវិជ្ជមានច្រើនដល់វិស័យអចលនទ្រព្យ។ ក្នុងចំណោមវិនិយោគធំៗ គម្រោងទីក្រុងរាម តម្លៃ ១៦ប៊ីលានដុល្លារបានបើកការដ្ឋានអភិវឌ្ឍ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៨។ បន្ថែមលើនេះ មានគម្រោងជាច្រើនផ្សេងទៀត ដូចជា គម្រោងផ្លូវដែកល្បឿនលឿនមានទឹកប្រាក់ចំនួន ៤ប៊ីលានដុល្លារ តភ្ជាប់ទីក្រុងភ្នំពេញ និងប៉ោយប៉ែត គម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅបាវិត គម្រោងផ្លូវល្បឿនលឿនតម្លៃ ១,៤ប៊ីលានតភ្ជាប់រាជធានីភ្នំពេញទៅបាវិត ស្របពេលគម្រោងផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រដែលចំណាយទុនវិនិយោគ ២ប៊ីលានដុល្លារ បានបើកដំណើរការរួចហើយតភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លើសពីនេះ អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ប៊ីលានដុល្លារកំពុងសាងសង់យ៉ាងសកម្ម ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៥ ខណៈអាកាសយានដ្ឋានសៀមរាបតម្លៃ ៨៨០លានដុល្លារគ្រោងនឹងបើកនៅដំណើរការនៅខែតុលាឆ្នាំនេះ ស្របពេលគម្រោងអាកាសយានដ្ឋានអន្តរជាតិតម្លៃ ៣០០លានដុល្លារ ផ្សេងទៀតនឹងត្រូវសាងសង់នៅលើកោះរ៉ុង។
ខាងក្រោមនេះ គឺជាផលវិជ្ជមាន៥ ដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗផ្តល់អត្ថប្រយោជន៍ដល់វិស័យអចលនទ្រព្យ។
១ – បង្កើនតម្លៃអចលនទ្រព្យ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាចបង្កើនតម្លៃអចលនទ្រព្យដែលមានទីតាំងនៅជិតគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី។
២ – ការតភ្ជាប់កាន់តែប្រសើរ៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជាបណ្តាញផ្លូវថ្នល់ អាកាសយានដ្ឋាន និងប្រព័ន្ធដឹកជញ្ជូនសាធារណៈអាចបង្កើនការតភ្ជាប់ ដែលផ្តល់ភាពងាយស្រួលសម្រាប់មនុស្សក្នុងការផ្លាស់ទី និងចូលទៅកាន់ផ្នែកផ្សេងៗនៃទីក្រុង។ នេះអាចបង្កើនតម្រូវការអចលនទ្រព្យនៅក្នុងតំបន់នោះ ជាពិសេសប្រសិនបើពីមុនវាពិបាកទៅដល់ ឬមានទំនាក់ទំនងមិនល្អ។
៣ – មានតម្លៃជួលខ្ពស់៖ ដោយសារតម្រូវការអចលនទ្រព្យក្នុងតំបន់កើនឡើង តម្លៃជួលក៏អាចកើនឡើងដែរ។ ម្ចាស់អចលនទ្រព្យអាចគិតថ្លៃជួលខ្ពស់សម្រាប់អចលនទ្រព្យនៅក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ជាពិសេសប្រសិនបើតំបន់នេះកាន់តែមានប្រជាប្រិយភាពដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីនោះ។
៤ – ឱកាសអភិវឌ្ឍន៍កាន់តែច្រើន៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីក៏អាចបង្កើតឱកាសសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗដែរ។ អ្នកអភិវឌ្ឍន៍លំនៅឋាន ឬរីហ្សតនានានឹងសាងសង់អចលនទ្រព្យថ្មីនៅក្នុងតំបន់ដែលពីមុនមិនមានការអភិវឌ្ឍ ដែលអាចនាំឱ្យមានឱកាសវិនិយោគថ្មីសម្រាប់អ្នកវិនិយោគអចលនទ្រព្យ។
៥ – ផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាចមានឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលអាចទាក់ទាញអាជីវកម្ម និងមនុស្សកាន់តែច្រើនមកកាន់តំបន់អភិវឌ្ឍទាំងនោះ។ នេះអាចបង្កើនតម្រូវការអចលនទ្រព្យ ដែលនាំឱ្យតម្លៃអចលនទ្រព្យកើនឡើង និងការជួលបានថ្លៃ។
សរុបមក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាអាចមានឥទ្ធិពលខ្លាំងដល់ទីផ្សារអចលនទ្រព្យ។ វាអាចបង្កើតឱកាសវិនិយោគថ្មី និងបង្កើនតម្លៃនៃអចលនទ្រព្យដែលមានស្រាប់។ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍ អ្នកវិនិយោគអចលនទ្រព្យអាចទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើតំបន់ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ឬគ្រោងទុក។