របាយការណ៍ធនាគារជាតិនៃកម្ពុជាបង្ហាញពីការចាប់ផ្តើមងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជា

Torng Rotanak 24/April/2023 10:20
ចែករំលែក

ចំណុចសំខាន់

  • វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមងើបឡើងវិញកាលពីឆ្នាំ ២០២២
  • កម្មភាពលក់ផ្ទះជាប់ដី (ផ្ទះល្វែង និងវីឡា) ក្នុងឆ្នាំ ២០២២ បានកើនឡើង ៨០% ធៀបនឹងឆ្នាំ ២០២១ បើទោះបីជាការលក់ខុនដូធ្លាក់ចុះ ៥៨%។
  • តម្លៃលំនៅឋាននៅភ្នំពេញបានកើនឡើង ៤% កាលពីឆ្នាំ ២០២២ ខណៈតាម​បណ្តាខេត្តកើនឡើង ៧%

«វិស័យសំណង់នៅបន្តទទួលរងផលប៉ះពាល់ ជាពិសេសសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជន។ ប៉ុន្តែសំណង់លំនៅឋានបានកើនឡើង ដោយសារកំណើនតម្រូវការក្នុងស្រុកជាពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម»។


របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមងើបឡើងវិញកាលពីឆ្នាំ ២០២២ ទោះបីជាទទួលរងសម្ពាធពីវិបត្តិនៅឡើយក្តី ដោយសារកំណើនតម្លៃផ្ទះ និងការលក់លំនៅឋានតម្លៃទាបនិងមធ្យម។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា៖«តម្លៃលំនៅឋាននៅភ្នំពេញបានកើនឡើង ៤% កាលពីឆ្នាំ ២០២២ ខណៈតាម​បណ្តាខេត្តកើនឡើង ៧% ដែលបង្ហាញថាវិស័យអចលនទ្រព្យបានចាប់ផ្តើមឡើងវិញទោះជានៅទទួលរងសម្ពាធពីវិបត្តិនៅឡើយក្តី»។

វិស័យសំណង់នៅបន្តទទួលរងផលប៉ះពាល់ ជាពិសេសសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជន។ ប៉ុន្តែសំណង់លំនៅឋានបានកើនឡើង ដោយសារកំណើនតម្រូវការក្នុងស្រុកជាពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។ យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា សកម្មភាពលក់ផ្ទះជាប់ដី (ផ្ទះល្វែង និងវីឡា) ក្នុងឆ្នាំ ២០២២ បានកើនឡើង ៨០% ធៀបនឹងឆ្នាំ ២០២១ បើទោះបីជាការលក់ខុនដូធ្លាក់ចុះ ៥៨%។

របាយការណ៍នេះហាក់ស្របតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យដែលបង្ហាញពីការធ្លាក់ចុះតម្លៃខុនដូរ នៅឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០១៩ ដោយសារការថមថយតម្រូវការ។ យោងតាមការព្យាករទីផ្សារអចលនទ្រព្យ២០២៣ របស់ក្រុមហ៊ុន CBRE Cambodia តម្លៃខុនដូ បានធ្លាក់ចុះពី ១១% ទៅ ២៣% បើធៀបទៅនឹងឆ្នាំ ២០១៩ ពោលគឺមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ គិតត្រឹមឆ្នាំ ២០២២ ការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជាមានចំនួន ៤១ ០០០យូនីត ដែលរួមមានខុនដូបីប្រភេទគឺតម្លៃសមរម្យ មធ្យម និងកម្រិតខ្ពស់។

តែយ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យសុទ្ធសឹង តែបានបង្ហាញសុទិដ្ឋិនិយម ចំពោះការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ដែលនឹងរុញច្រានទីផ្សារអចលនទ្រព្យ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ការបើកប្រទេសវិញទាំងស្រុងរបស់ចិនដែលជាវិនិយោគិនសក្តានុពលសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាចាប់ពីដើមខែកុម្ភៈមកក៏កំពុងផ្តល់សញ្ញាវិជ្ជមានបន្ថែមទៀតទីផ្សារកម្ពុជា។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ដែលមានឯកទេសខាងទិញ លក់ ជួល ខុនដូបានលើកឡើងថា៖«ជនជាតិបរទេសដែលទិញអចលនទ្រព្យ ជាពិសេសខុនដូភាគច្រើនគឺជាជនជាតិកូរ៉េ ជប៉ុន ចិន និងអាណិកជនខ្មែររស់់នៅឯនាយសមុទ្រជាដើម»។ លោកបន្តថា ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ គឺជាចលករដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង