បច្ចេកវិទ្យាជាការងារមានសក្ដានុពលនៃវិស័យសេដ្ឋកិច្ចឌីជីថល

Torng Rotanak 03/April/2023 11:33
ចែករំលែក

ចំណុច​សំខាន់៖

    • ការ​ស្រាវជ្រាវ​នានា​រក​ឃើញ​ថា ប្រមាណ​៦០% ជួយ​ឱ្យ​យុវជន​​ទទួល​បាន​ការងារ​ធ្វើ​ បើ​គាត់​មាន​ជំនាញ​ឌីជីថល​ជា​មូលដ្ឋាន​
    • បច្ចុប្បន្ន​យុវជនប្រមាណ១២%​ប៉ុណ្ណោះ​ មាន​ជំនាញ​ឌីជីថល ដែល​ជួយ​ធានា​ដល់​និរន្តរភាព​ការងារ​​របស់​គេ​
    • យុវជន​កម្ពុជា​​ប្រមាណ៨៧%​ពុំ​មាន​ជំនាញ​ឌីជីថល​សមស្រប ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វិស័យ​ឯកជនដែល​ចង់​បាន

ការផ្លាស់ប្តូរទៅជា​សេដ្ឋកិច្ចឌីជីថល ជា​វិស័យ​អាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ​ដូច​ជា​កម្ពុជា ដែល​ត្រូវ​រក​ចំណុច​ខ្លាំង​របស់​ខ្លួន ដើម្បី​បង្កើន​សក្ដានុពល​​សេដ្ឋកិច្ច​ឌីជីថល។ ការ​សិក្សា​នានា​រក​ឃើញ​ថា សេដ្ឋកិច្ច​ឌីជីថល មានឥទ្ធិពល​វិជ្ជមានលើការបង្កើត​ការងារ កំណើនផលិតភាព និង​ការច្នៃប្រឌិត ឬ​ការ​បង្កើត​ថ្មី ដើម្បី​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ កាន់​តែ​ឆាប់​រហ័ស។​

ក្រៅ​ពី​នេះ ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​ឌីជីថល បាន​ចូល​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ចំពោះ​បញ្ហា​សង្គម ឬ​ការ​អភិវឌ្ឍ​​នានា​ដូ​ច​ជា​ ការ​ទទួល​និង​ផ្ដល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លា​ភាព ការ​យល់​ដឹង​អំពី​បញ្ហា​សង្គម និង​ការ​ផ្ដល់​ជំនួយ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក។

ប៉ុន្តែ​វិស័យ​បច្ចេកវិទ្យាឌីជីថល​នៅ​កម្ពុជា​ មាន​ការ​អភិវឌ្ឍ​តិច​តួច​ប៉ុណ្ណោះ​​នា​ពេល​បច្ចុប្បន្ន​នេះ។

អគ្គនាយក​​ក្រុមហ៊ុន Flexible Solution លោក​ សុង​ ហេង

អគ្គនាយក​​ក្រុមហ៊ុន Flexible Solution លោក​ សុង​ ហេង​ លើក​ឡើង​ថា​​ ការងារ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​​​មា​ន​តម្រូវ​ការ​ខ្ពស់​​នៅ​កម្ពុជា។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​​ផ្នែកនេះ​វិញ មាន​តិច​តួច​មិន​ទាន់​ឆ្លើយ​តប​​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ឡើយ។

លោក​បន្ថែម​ថា តម្រូវការផ្នែកបច្ចេកវិទ្យាឌីជីថល គឺមានកំណើនខ្លាំងដោយសារកម្ពុជាបានចាប់យកវិស័យឧស្សហកម្ម៤.០ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​​សេដ្ឋកិច្ច​ឌីជីថលមាន​លក្ខណៈ​ពិសេស​៤​ចំណុច​​ដែល​ខុស​ពី​សេដ្ឋកិច្ច​បែប​ប្រពៃ​ណី ក្នុង​នោះ​ ១. ការ​មិន​ផ្ដោត​ខ្លាំង​លើ​ទីតាំង​ភូមិសាស្រ្ត ២. តួនាទីរបស់​ថ្នាល (platform) ៣. ឥទ្ធិពល​នៃ​បណ្ដាញ និង​ ៤. ការ​ប្រើប្រាស់​ទិន្នន័យ​ធំ (big data)។

​របាយការណ៍​ដដែល​ បង្ហាញ​​ទៀត​ថា​ ការ​វាយ​តម្លៃ​ជា​លក្ខណៈ​អន្តរជាតិ​រក​ឃើញ​ថា ការ​ត្រៀម​ខ្លួន​​របស់​កម្ពុជា ក្នុ​ងការ​ចាប់​យក​វិស័យ​ឌីជីថល​ ស្ថិត​នៅ​កម្រិត​ទាប។​ ជាក់​ស្ដែង​ ចំពោះ​កត្តា​ជំរុញ​ការ​ត្រៀម​ខ្លួន កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី១០២ ក្នុង​ចំណោម​ប្រទេស​១៤១​ ​ឬ​ឈរ​នៅ​លេខ៧ នៅ​អាស៊ាន ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ប្រទេស​ ដែល​មាន​ល្បឿនទាប​ក្នុង​ការ​ត្រៀម​ខ្លួន​ផ្នែក​ឌីជីថល ជា​ពិសេស​​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ចាប់​យក​បច្ចេកវិទ្យា។ ការ​ចាប់​យក​បច្ចេកវិទ្យា​ក្នុង​ចំណោម​រដ្ឋាភិបាល​ និង​ធុរកិច្ច​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន​Zillenuim Group លោក​ គុយ វ៉ាត

បញ្ហា​នេះ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន​Zillenuim Group លោក​ គុយ វ៉ាត លើកឡើងថា ការ​ជួយ​គ្នា​​​និង​បណ្ដុះ​​បណ្ដាលធនធាន​​​ផ្នែក​ឌីជីថល​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​​និង​ប្រទេស​កម្ពុជា។ ចំណុច​សំខាន់​នៃ​កម្មវិធី​សិក្សា​​ គឺ​រៀន​ផង​ ធ្វើ​ការងារ​ផង និង​ទទួល​បាន​បទ​ពិសោធន៍​ លើ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​និង​សមត្ថភាព​ខ្លួន​ឯង។ ​ហើយ​​មូលដ្ឋាន​ចំណេះ​ដឹង​ជា​ចំណុច​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​ល្អ​នូវជីវភាព​​រស់នៅ​ប្រចាំ​ថ្ងៃ។​

ឆ្លើយ​តប​ទៅ​បញ្ហា​នេះ អគ្គនាយក​នៃ​ក្រុមហ៊ុន Flexible Solution លោក សុង​ ហេង​ លើ​កឡើង​ថា​​​ក្រុមហ៊ុន​របស់​យើង​​ កំពុង​រៀប​ចំ​បណ្ដុះបណ្ដាញ​ធនធាន​ផ្នែក​ឌីជីថល​នៅ​កន្លែង​​ផ្ទាល់ ​ចំនួន៣០០​០​នាក់​បន្ថែម​ ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ។

លោក​បន្ថែម​ថា ​បំណង​នៃ​ការ​បណ្ដុះ​បណ្ដាល​ (On-the-job training) ចូ​ល​រួម​ចំណែក​​​សេដ្ឋកិច្ច​ឌី​ជីល​ ១០​ដងក្នុង​​សេដ្ឋកិច្ច​​កម្ពុជា​ និង​បណ្ដុះ​បណ្ដាល​ធនធាន​​ឱ្យ​ច្រើន​និង​ចែក​រំលែក​ធនធាន​​​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ និង​ឆ្លើយ​តប​តម្រូវ​ការរបស់​ក្រុមហ៊ុន​​។ លោក​បញ្ជាក់​ទៀត​ថា​ រៀន​ផង​និង​ធ្វើ​ការ​ងារ​ផង (on- the-job training) ​ក្នុង​រយៈ​ពេល​៦​ខែ​ទៅ​​១​ឆ្នាំ​ ជួយ​អភិវឌ្ឍ​សមត្ថភាព​លឿន និង​ចំណាយ​តិច ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ​ជាក់​លាក់។

របាយ​ការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ក្នុង​តំបន់​ ប្រកប​ដោយ​ជវភាព និង​មាន​អំណោយ​ផល​លើ​ផ្នែក​ប្រជាសាស្រ្ត​ សម្រាប់​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ តាម​រយៈ​ការ​អភិវឌ្ឍ​​ឧស្សាហកម្មទីបួន និង​ផ្នែក​ឌីជីថល។ បច្ចុប្បន្ន កម្ពុជា​មាន​យុវជន​​ដែល​ពេញ​កម្លាំង​ប្រមាណ៦​លាន​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី១៥ឆ្នាំ ទៅ​៣៥​ឆ្នាំ​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​​ផ្នែក​អភិវឌ្ឍ​ឌីជីថល​ ចូល​រួម​នៅ​ក្នុង​សង្គម​កាន់​តែ​ឆាប់​រហ័ស តាម​រយៈ​ភាព​ងាយ​ទទួល​យក និង​ការ​ចាប់​យក​​បច្ចេកវិទ្យាថ្មី​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង