ផ្លេតហ្វមឌីជីថលថ្មីអាចបើកប្រាក់ខែមុនថ្ងៃកំណត់ដោយស្វ័យប្រវត្តិ

Bunthoeun Chhut 16/March/2023 18:54
ចែករំលែក

“តាមរយៈការច្របាច់បញ្ចូលគ្នាចំណេះ-ជំនាញ និងបទពិសោធន៍រវាងក្រុមហ៊ុនទាំងពីរ យើងនឹងអាចបង្កើតបាននូវថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏មានសក្តានុពលមួយ ដែលអនុញ្ញាតឱ្យអតិថិជនចូលទៅប្រើប្រាស់ដោយខ្លួនឯងដើម្បីបើកប្រាក់​ខែមុនថ្ងៃកំណត់ ដោយស្វ័យប្រវត្តិដែលមានលក្ខណៈងាយស្រួល តម្លៃសមរម្យ ហើយជាសេវាកម្មហិរញ្ញវត្ថុអាចទុកចិត្តបាន”

គ្រឹះស្ថានហិរញ្ញវត្ថុ S.H.G Finance បានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Asia Impact Development ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី លើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់សេវាបើកប្រាក់ខែ​មុនថ្ងៃកំណត់ដោយស្វ័យប្រវត្តិ សម្រាប់និយោជិតដែលបម្រើការងារនៅស្ថាប័នឯកជននានានៅក្នុងប្រទេសកម្ពុជា។

នេះគឺជាដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏មានសក្តានុពលមួយដើម្បីជួយលើកកម្ពស់កម្រិតជីវភាពនយោជិត ជំរុញផលិតភាពការងារ និងរួមចំណែកជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ នៅឯសណ្ឋាគារ TRIBE Phnom Penh Hotel ដោយមានការចូលរួមចុះហត្ថលេខារវាងលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល S.H.G Finance Plc ដែលជាផ្នែកមួយបណ្តុំ​អ៊ីកូស៊ីស្តឹមរបស់ក្រុមហ៊ុន ZILLENNIUM GROUP​ និងលោក Hitoshi Sugamoto អគ្គនាយកក្រុមហ៊ុន Asia Impact Development

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល S.H.G Finance Plc បានលើកឡើងថា គោលបំណងនៃការបង្កើតនថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់បើកប្រាក់ខែមុនថ្ងៃកំណត់ដោយស្វ័យប្រវត្តិ គឺដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក ហើយអ្នកប្រើប្រាស់គោលដៅគឺជានយោជិតដែលបម្រើការងារនៅតាមស្ថាប័ននានានៅកម្ពុជា។ លោកបន្តថា តាមរយៈថ្នាលបច្ចេកវិទ្យានេះក្រុមហ៊ុនទាំងពីរនឹងបង្កើតបាននូវដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យមានបរិយាបន្នវត្ថុ ដែលសំដៅដល់ការផ្តល់សេវាមានលក្ខណៈច្នៃប្រឌិត និងសម្បូរបែប។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល S.H.G Finance Plc ធ្វើបទ​បង្ហាញនៅក្នុងពិធីចុះ MoU

លោកថ្លែងថា៖ “តាមរយៈការច្របាច់បញ្ចូលគ្នាចំណេះ-ជំនាញ និងបទពិសោធន៍រវាងក្រុមហ៊ុនទាំងពីរ យើងនឹងអាចបង្កើតបាននូវថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏មានសក្តានុពលមួយ ដែលអនុញ្ញាតឱ្យអតិថិជនចូលទៅប្រើប្រាស់ដោយខ្លួនឯងដើម្បីបើកប្រាក់​ខែមុនថ្ងៃកំណត់ ដោយស្វ័យប្រវត្តិដែលមានលក្ខណៈងាយស្រួល តម្លៃសមរម្យ ហើយជាសេវាកម្មហិរញ្ញវត្ថុអាចទុកចិត្តបាន”។​​

S.H.G Finance គឺស្ថាប័នហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០១៦។​ ហើយនៅឆ្នាំ២០២០ ស្ថាប័នហិរញ្ញវត្ថុមួយនេះ​បានក្លាយជាផ្នែកមួយនៃបណ្តុំអ៊ីកូស៊ីស្តឹមរបស់ក្រុមហ៊ុន ZILLENNIUM GROUP ដែលជាទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។​ ចាប់ពីពេលនោះមក S.H.G Finance បានប្រែក្លាយជាស្ថាប័នផ្តល់សេវាកម្មឥណទានតាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល។

លោក Hitoshi Sugamoto អគ្គនាយកក្រុមហ៊ុន Asia Impact Development បានលើកឡើងថាគ្រឹះស្ថានហិរញ្ញវត្ថុ S.H.G Finance គឺជាដៃគូប្រតិបត្តិការអាជីវកម្មដ៏មានសក្តានុពល ហើយលោកបានចាត់ទុកកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនាពេលនេះនឹងនាំមកនូវដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក Hitoshi Sugamoto អគ្គនាយកក្រុមហ៊ុន Asia Impact Development ធ្វើបទបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍

Asia Impact Development គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានការិយាល័យប្រតិបត្តិការនៅប្រទេសជប៉ុន សឹង្ហបូរី ឥណ្ឌូនេស៊ី និងម៉ុងហ្គោលី។ បច្ចុប្បន្នក្រុមហ៊ុននេះផ្តោតលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុដោយប្រិតបត្តិការនៅលើកម្មវិធីទូរស័ព្ទដៃឈ្មោះថា Beever ដោយផ្តោតលើការផ្តល់សេវាកម្មទូទូទាត់ប្រាក់ខែ និងប្រតិបត្តិការហិរញ្ញវត្ថុនៅលើថ្នាលបចេ្ចកវិទ្យាឌីជីថលជាច្រើនផ្សេងទៀត ហើយគិតមកទល់បច្ចុប្បន្ន​កម្មវិធីនេះមានអ្នកចុះឈ្មោះប្រើប្រាស់ជាង ១០ម៉ឺននាក់។

យោងតាមការ​ស្ទង់មតិរបស់ក្រុមហ៊ុន Asia Impact Development បានបង្ហាញថា ការប្រើប្រាស់​ថ្នាលបច្ចេកវិទ្យាឌីជីថលដែលអនុញ្ញាតដល់នយោជិតអាចស្នើបើកប្រាក់ឈ្នួលមុនថ្ងៃកំណត់ដោយស្វ័យប្រវត្តិ​ បានជំរុញលើកទឹកចិត្តនយោជិតទៅបំពេញការងារ​ និងជំរុញផលិតភាពការងារប្រសើរជាងមុនដល់ទៅ ៧៣ ភាគរយ និងកាត់បន្ថយការផ្លាស់ប្តូរបុគ្គលិករហូតដល់ ៥៥ ភាគរយ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង