ផែនការអភិវឌ្ឍក្រុងថ្មីក្នុងស្រុកវាលវែងនាពេលអនាគត

Bunthoeun Chhut 09/March/2023 13:58
ចែករំលែក

តំបន់សក្តានុពលពីរស្ថិតក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ នឹងត្រូវដាក់ចូលជាផែនការចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍទៅជាក្រុងថ្មីមួយនាពេលអនាគត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៧មីនា ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ឃុំប្រម៉ោយ និងឃុំថ្មដា ត្រូវបានរដ្ឋបាលខេត្តដាក់ចូលជាជាផែនការចក្ខុវិស័យប្រែក្លាយទៅជាក្រុងថ្មីមួយ ដោយសារតែតំបន់ទាំងនេះមានអំណោយផលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធានធម្មជាតិ និងកសិកម្មជាដើម។

ឯកឧត្តមថ្លែងថា៖ “ការបង្កើតទីក្រុងថ្មីនេះ គ្រាន់តែជាការគិតរបស់ថ្នាក់ខេត្តនាពេលបច្ចុប្បន្ន ដែលមិនទាន់មានគោលការណ៍ជាលក្ខណៈថ្នាក់ជាតិនៅឡើយនោះទេ។ ប៉ុន្តែវាជាចក្ខុវិស័យ ជាទិសដៅទៅខាងមុខដែលយើងកំពុងតែរៀបចំ ជំរុញឱ្យទៅជាក្រុងថ្មីមួយ។”

“ជាទិសដៅទៅខាងមុខ យើងកំពុងតែរៀបចំ ជំរុញឱ្យទៅជាក្រុងថ្មីមួយ”

ស្រុកវាលវែង មានឃុំចំនួន ៥ ដែលរួមមាន៖ ឃុំប្រម៉ោយ និងឃុំថ្មដា ឃុំអន្លង់រាប ឃុំក្រពើរពីរ និងឃុំអូសោម។ ស្រុកវាលវែង ជាពិសេសតំបន់ផ្លូវបុប្ផាលាក់ខ្លួន គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយក្នុងខេត្តពោធិ៍សាត់។

ការប្រកាសពីផែនការអភិវឌ្ឍក្រុងថ្មីក្នុងស្រុកវាលវែងនាពេលនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ កំពុងជំរុញកិច្ចសហប្រតិបត្តិការដើម្បីត្រៀមបើកច្រកទ្វារព្រំដែនអន្តរជាតិ ថ្មដា-បានថានសេន។ បើតាមឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ច្រកទ្វារព្រំដែននេះរំពឹងបើកដំណើរការជាផ្លូវការដ៏ឆាប់ខាងមុខ។

ការបើកច្រកព្រំដែនថ្មីនេះ ត្រូវបានគេរំពឺងថា នឹងជួយជំរុញរំហូរនៃការដោះពាណិជ្ជកម្ម ការវិនិយោគ និងរំហូរទេសចរជាដើម ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរគ្រោងជំរុញទំហំពាណិជ្ជកម្មទេ្វរភាគីឱ្យកើនដល់ ១៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥។

លោកច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong ធ្លាប់បានលើកឡើងថា ស្រុកវាលវែងកំពុង មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាតំបន់មានផ្លូវក្រវាត់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដែលការតភ្ជាប់នេះនឹងធ្វើឱ្យមានចរន្តនៃធ្វើការពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនាពេលអនាគត។

លោកថ្លែងថា៖ “ស្រុកវាលវែង គឺជាតំបន់មួយដែលចាប់ផ្តើមមានសក្តានុពល ហើយមានផ្លូវក្រវាត់តភ្ជាប់រវាងខេត្តពោធិ៍សាត់ ទៅប្រទេសថៃ…ជាតំបន់ជាប់ព្រំដែន ដែលអនាគតនឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាកើតឡើង។ ហើយប៉ែកនៅជិតភូមិភាគព្រំដែននឹងមានការបើកកាស៊ីណូ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។”

រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ឬហៅថា ផ្លូវបុប្ផាលាក់ខ្លួន ដែលមានប្រវែង ១៨២ គីឡូម៉ែត្រ ដោយតភ្ជាប់ចេញពីទីរួមខេត្តពោធិ៍សាត់ ទៅស្រុកវាលវែង ដល់ថ្មដា ច្រកព្រំដែនកម្ពុជា-ថៃ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង