ការរំពឹងនៃការងើបឡើងវិញនៃកំណើនភ្ញៀវទេសចរអន្តរជាតិ និងរំហូរវិនិយោគពីក្រៅប្រទេស នឹងក្លាយជាកត្តារុញច្រានដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសគឺបង្កើនឱ្យមានតម្រូវការលើប្រតិបត្តិការទិញ-លក់ ឬជួលក្នុងទីផ្សារខុនដូ។
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាបានបង្ហាញពីសញ្ញាល្អប្រសើរឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាអាចគ្រប់ស្ថានភាពជំងឺកូវីដ-១៩ បានដោយជោគជ័យ និងកំពុងដាក់ចេញវិធានការសំខាន់ៗដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាទទួលបានទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសជាទិសដៅដ៏មានសក្តានុពលសម្រាប់ដំណើរកម្សាន្ត។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។ ស្របពេលដែលរដ្ឋាភិបាលប្រទេសបានសម្រេចដកចេញនូវវិធានការណ៍ដ៍តឹងរឹងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងសម្រេចបើកព្រំដែនឡើងវិញ ដែលកត្តានេះកម្ពុជារំពឹងថានៅឆ្នាំ ២០២៣ន អាចទទួលភ្ញៀវទេសចរអន្តរជាតិដល់ ៤លាននាក់ ដែលភាគច្រើនគឺជាភ្ញៀវទេសចរជនជាតិចិន។
រំហូរវិនិយោគពីក្រៅចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា
រំហូរវិនិយោគផ្ទាល់ពីបរទេសដែលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា សម្រចបានទំហំទឹកប្រាក់ប្រហែល ៤,៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ដែលបង្ហាញការកើនឡើងជាង ៧ ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមប្រភពដដែលបានបង្ហាញទៀតថា ការវិនិយោគទាំងនេះភាគច្រើនគឺជាវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ីមានដូចជា ចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ហើយការវិនិយោគរបស់វិនិយោគិនបរទេសទាំងនេះគឺភាគច្រើនផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
កត្តាតម្រូវការ និងការផ្គត់ផ្គង់
ការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជាមានចំនួន ៤១ ០០០យូនីតក្នុងឆ្នាំ ២០២២ ដែលរួមមានខុនដូបីប្រភេទគឺតម្លៃសមរម្យ មធ្យម និងកម្រិតខ្ពស់។ តម្លៃខុនដូ បានធ្លាក់ចុះពី ១១% ទៅ ២៣% បើធៀបទៅនឹងឆ្នាំ ២០១៩ ពោលគឺមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការព្យាករណ៍ទីផ្សារអចលនទ្រព្យ២០២៣ របស់ក្រុមហ៊ុន CBRE Cambodia។ ចំណែកឯ ការជួលប្រចាំខែនៃខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏បានបង្ហាញការធ្លាក់ចុះចន្លោះពី ២៤% ទៅ ២៦%។ ការធ្លាក់ចុះនៃតម្លៃលក់ និងការជួលនេះត្រូវបានមើលឃើញថា ដោយសារតែការផ្គត់ផ្គង់ខុនដូមានច្រើនលើសលប់ក្នុងពេលបច្ចុប្បន្ន និងការថមថយនៃការវិនិយោគពីបរទេសនៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។
ការមើលឃើញរបស់អ្នកជំនាញ
អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យសុទ្ធសឹង តែបានបង្ហាញសុទ្ធិដ្ឋិនិយម ចំពោះការងើបឡើងវិញនៃការមកដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលនឹងរុញច្រានសកម្មភាពសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ។ ហើយវិស័យដែលអាចទទួលបានផលច្រើនជាងគេគឺសកម្មភាពក្នុងវិស័យទេសចរណ៍រាប់ពីភោជនីយដ្ឋាន បដិសណ្ឋារកិច្ច រហូតដល់សេវាមគ្គុទេស និងវិស័យបន្ទាប់គឺទំនងអាចជាទីផ្សារអចលនទ្រព្យ។
ឧកញ៉ា សៀង មុំសោភា សមាជិកក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា៖ “នៅពេលដែលបើកចំហឱ្យមានជើងហោះហើរកាន់តែច្រើន មិនមែនមានតែកំណើនភ្ញៀវទេសចរអន្តរជាតិទេ អ្នកវិនិយោគបរទេសក៏ចាប់ផ្តើមវិលត្រលប់មកស្វែងរកឱកាសវិនិយោគនៅកម្ពុជាឡើងវិញដែរ។ ដែលកត្តានេះនឹងជំរុញឱ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញជាថ្មីម្តងទៀត។”
ដ្បិតចិនជាវិនិយោគិន និងជាភ្ញៀវទេសអន្តរជាតិនាំមុខគេនៅកម្ពុជា។ តែបើនិយាយពីតម្រូវការច្រើនជាងគេពីអ្នកទិញអចលនទ្រព្យនៅកម្ពុជា ក្នុងចំណោមជនជាតិបរទេស សម្រាប់រស់នៅ និងវិនិយោគ គឺមិនមែនជាតិចិនជាអ្នកនាំមុខគេនោះទេ ព្រោះការវិនិយោគរបស់ចិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាភាគច្រើនគឺជាអ្នកផ្គត់ផ្គង់ ពោលគឺជាអ្នកសាងសង់ ហើយលក់ទៅឱ្យជនជាតិបរទេសដទៃទៀត ដែលមករស់នៅ និងប្រកបការងារនៅកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាប្រចាំសប្តាហ៍របស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា បានលើកឡើងថា៖ “ជនជាតិបរទេសដែលទិញអចលនទ្រព្យ ជាពិសេសខុនដូភាគច្រើនគឺជាជនជាតិកូរ៉េ ជប៉ុន ចិន និងអនិកជនខ្មែររស់់នៅឯនាយសមុទ្រជាដើម។” លោកមើលឃើញថា ការមកដល់ភ្ញៀវទេសចរអន្តរជាតិ គឺជាចលករដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា។ រូបភាព៖ Z1News
ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារប្រមាណ១ ៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។
រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។
បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈក្រុមហ៊ុន ERA Cambodia ក៏មានយុវជនក្នុងស្រុកជាច្រើនផងដែរដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ និងសម្រាប់រស់នៅ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕