លោកឧកញ៉ា លីម ហេង៖ វិនិយោគិនចិនត្រលប់មកកម្ពុជា បណ្តើរៗហើយ

Admin 24/February/2023 12:05
ចែករំលែក

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការថា វិនិយោគចិនចាប់ផ្តើមវិលត្រលប់ស្វែងរកឱកាស​វិនិយោគនៅកម្ពុជាជាបណ្តើរៗហើយ ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែបង្ហាញចំណងមិត្តភាពល្អប្រសើរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីថ្មីៗនេះ។

ការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង បានធ្វើឡើងបន្ទាប់ពីជំនួបធុរកិច្ចកម្ពុជា-ចិន (ហៃណាន) កាលពីថ្ងៃទី ២២ កុម្ភៈ។ ជំនួបកិច្ចពិភាក្សានេះដឹកនាំដោយអ្នកឧញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ឈិន ហុងឡាំង អនុប្រធានប្រធាន ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ព្រមទាំងមានការអញ្ជើញចូលរួមពី ធុរជន វិនិយោគិន ពីប្រទេសចិន និងកម្ពុជា ប្រមាណ ៨០ នាក់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា​ នៅក្នុងជំនួបកិច្ចពិភាក្សានោះ ភាគគីទាំងពីរបានសម្រេចចុះអនុស្សរណយោគយល់គ្នា ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៦ កុម្ភៈ ក្រុមហ៊ុន ZILLENNIUM GROUP ដែលជាបណ្ដុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ក៏បានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MAOCUTONG (CHINA)INDUSTRIAL GROUP ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា មានមូលដ្ឋាននៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ គឺធ្វើឡើងដើម្បីសិក្សាពីលទ្ធភាពវិនិយោគលើវិស័យសក្តានុពល និងជំរុញការវិនិយោគផ្ទាល់ពីវិនិយោគិនចិនជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)   

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង