សៀវភៅអចលនទ្រព្យទាំង៥សម្រាប់អ្នកចាប់ផ្តើមវិនិយោគអចលនទ្រព្យ

Admin 14/February/2023 15:37
ចែករំលែក

ការចាប់ផ្ដើមប្រលូកក្នុងការវិនិយោគលើ វិស័យអចលនទ្រព្យអាចមានភាពស្រពិចស្រពិល ។សៀវភៅអចលនទ្រព្យទាំង៥នេះ នឹងជួយតម្រង់ទិសអ្នកដែលមានគម្រោងវិនិយោគ តាមរយៈយុទ្ធសាស្ត្រ និងក្បួនជាច្រើន ដែលវិភាគលើអត្ថបទសំខាន់ៗ ដូចការស្វែងរកកម្ចី ការវិភាគស្ថានភាពនៃទីផ្សារអចលនទ្រព្យ និងគន្លឹះក្នុងកាបង្កើតចំណូលឱ្យបានច្រើន សម្រាប់ឱ្យអ្នកវិនិយោគថ្មីថ្មោងដើម្បីវិនិយោគប្រកបដោយទំនុកចិត្ត និងអាចទទួលបានលទ្ធផលសមប្រកប។

1/ The Millionaire Real Estate Investor by Gary Keller (មហាសេដ្ឋីវិនិយោគិនអចលនទ្រព្យ)

ផ្ដោតលើទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យទាំងមូល ក៏ដូចជាមូលហេតុមួយចំនួនដែលជំរុញការទិញ លក់របស់អ្នកវិនិយោគនៅក្នុងទីផ្សារមួយនេះ។ មិនតែប៉ុណ្ណោះ សៀវភៅស្ដីពីសេដ្ឋីវិនិយោគអចលនទ្រព្យនេះ ផ្ដល់នូវមេរៀនទាក់ទងនឹងគន្លឹះនៃការស្វែងរកប្រភពទុនសម្រាប់ការវិនិយោគអចលនទ្រព្យ សិក្សាពីទីផ្សារ និងការគ្រប់គ្រងអចលនទ្រព្យផ្សេងៗ ដែលសុទ្ធសឹងតែជាគន្លឹះ និងជាមូលដ្ឋានវិនិយោគដ៏សំខាន់។ បន្ថែមពីនេះ អ្នកនិពន្ធក៏បានបង្ហាញពីវដ្ដនៃទីផ្សារអចលនទ្រព្យ ដែលមានសារសំខាន់ក្នុងការវិនិយោគផងដែរ។

2/ The Book on Rental Property Investing by Brandon Turner (សៀវភៅស្ដីពីការវិនិយោគលើអចលនទ្រព្យជួល)

អចលនទ្រព្យជួលត្រូវបានចាត់ទុកថាជាវិធីវិនិយោគដែលអាចជួយឱ្យម្ចាស់អចលនទ្រព្យអាចបង្កើតប្រភពចំណូលទៀងទាត់ និងចំណូលអកម្មផងដែរ។ នៅក្នុងសៀវភៅការវិនិយោគលើអចលនទ្រព្យជួល ឬ The Book on Rental Property Investing ផ្ដោតសំខាន់លើវិធីក្នុងការស្វែងរកអចលនទ្រព្យ និងដើមទុនវិនិយោគ។លើសពីនេះ ការគ្រប់គ្រងមើលថែអចលនទ្រព្យ និងការស្វែងរកអ្នកជួលក៏ជាកត្តាសំខាន់ ដែលលោកBrandon Turner បានលើកយកមកពិភាក្សានៅក្នុងសៀវភៅនេះ។ ជាងនេះទៅទៀតសៀវភៅមួយក្បាលនេះក៏បានលាតត្រដាងពីយុទ្ធសាស្ត្រ ក្នុងការបង្កើតចំណូលអកម្មតាមរយៈការជួលអចលនទ្រព្យផងដែរ។

3/ The Real Estate Game: The Intelligent Guide to Decision Making and Investment by William J. Poorvu  (ហ្គេមអចលនទ្រព្យ៖​  ក្បួនវៃឆ្លាតក្នុងការសម្រេចចិត្ត និងការវិនិយោគ)

ការសម្រេចចិត្តវិនិយោគលើអចលនទ្រព្យប្រភេទណាមួយក៏ដោយតែងទាមទារឱ្យមានការគិតឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។ នៅក្នុងសៀវភៅនេះ នឹងជួយឱ្យលោកអ្នកអានទទួលបានចំណេះដឹងបន្ថែមកាន់តែស៊ីជម្រៅក្នុងការសម្រេចចិត្តវិនិយោគ។ អ្នកនិពន្ធ លើកឡើងពីកត្តាជាច្រើនដែលជះឥទ្ធិពលលើការសម្រេចចិត្តវិនិយោគ ដូចជា កត្តាអចលនទ្រព្យ កត្តាទីផ្សារមូលធន និងកត្តាមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើង។ ថែមទាំងបង្ហាញពីវិធីសាមញ្ញ និងឧបសគ្គក្នុងការស្វែងរកប្រភពទុនសម្រាប់ការវិនិយោគផងដែរ។

4/ The Complete Guide to Real Estate Finance for Investment Properties by Steve Berges (ក្បួនសម្រាប់ស្វែងរកប្រភពទុន និងអចលនទ្រព្យសម្រាប់វិនិយោគ)

ក្នុងសៀវភៅមួយក្បាលនេះ លោក Steve វិភាគវែកញែកយ៉ាងល្អិតល្អន់ពីរបៀបនៃការស្វែងរកប្រភពទុន ការទទួលបានកម្ចីដើម្បីយកទៅវិនិយោគឱ្យបានផលចំណេញខ្ពស់ អមជាមួយការយល់ដឹងទាក់ទងនឹងពន្ធនានាផងដែរ។ ព្រោះជាទូទៅ អចលនទ្រព្យតែងមានជាប់បន្ទុកបង់ពន្ធ។ បន្ថែមពីនោះ លោក Steve ក៏បានផ្ដល់គន្លឹះក្នុងការរៀនពីហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើអចលនទ្រព្យ ដើម្បីជួយ ឱ្យសម្រេចចិត្តដែលនាំមកនៅផលចំណេញ និងជៀសវាងហានិភ័យផ្សេងៗ។

5/ The BiggerPockets Real Estate Investing Handbook by Joshua Dorkin and Brandon Turner

ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលភាគច្រើនត្រូវបានចាត់ទុកថា ជាជម្រើសដ៏ល្អមួយក្នុងការបង្កើតទ្រព្យសម្បត្តិនិងអាចជួយសម្រេចគោលសេរីភាពផ្នែកហិរញ្ញវត្ថ។ យ៉ាងណាមិញ ផ្លូវជីវិតរបស់យើងម្នាក់ៗមានភាពខុសគ្នា ដូច្នេះហើយ ការទទួលបានចំណេះដឹង និងស្វែងយល់ឱ្យបានស៊ីជម្រៅពិតជាមានសារសំខាន់ នឹងជួយឱ្យអ្នកងាយស្រួលក្នុងការចាប់ផ្តើមវិនិយោគអចលនទ្រព្យ។។ នៅក្នុងសៀវភៅនេះផងដែរ លោក Joshua and Brandon នឹងបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសង្គម ការផ្លាស់ប្ដូរផ្នត់គំនិត ក្នុងការវិនិយោគលើអចលនទ្រព្យ។

តាមរយៈការអានសៀវភៅដែលបានណែនាំទាំងអស់នេះ អ្នកអានដែលមានបំណងចង់ប្រឡូកវិនិយោគលើវិស័យដ៏មានសក្តានុពលនេះ អាចទទួលបានចំណេះដឹងថ្មីៗរួមផ្សំជាមួយយុទ្ធសាស្ត្រជាក់ស្ដែងសម្រាប់យកទៅអនុវត្តហើយ ងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគ និងទទួលបានផ្លែផ្កា។

អត្ថបទ៖ កែម ស្រីណែត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង