មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ តារាស្រីកំពូលទាំង៨រូបនេះ ក៏ជាអ្នកវិនិយោគលើអចលនទ្រព្យ ដែលម្នាក់ៗមានទ្រព្យសម្បត្តវិនិយោគតម្លៃរាប់សិបលានដុល្លារ។ ភាគច្រើននៃការទិញអចលនទ្រព្យគឺក្នុងគោលបំណងសម្រាប់ការវិនិយោគ ដែលអចលនទ្រព្យខ្លះបង្កើតផលចំណេញដល់ខ្ទង់១០ លានដុល្លារ។
1/ IU
តារាស្រីកំពូលដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈកូរ៉េ ហើយនរណាៗក៏ស្គាល់នោះគឺ IU។ មិនត្រឹមតែជាតារាចម្រៀងទោលមានប្រជាប្រិយភាពខ្លាំងក្លានោះទេ គាត់ក៏ជាតារាសម្ដែងស្រីកំពូលមួយរូបផងដែរ។ IU ត្រូវបានគេដឹងថា បានទិញអចលនទ្រព្យមួយកន្លែងនៅក្នុងតំបន់ Gwacheon ស្ថិតក្នុងខេត្ត Gyeongi-do មានតំលៃជិត ៥លានដុល្លារ កាលពីឆ្នាំ២០១៨។ ដែលក្រោយមកត្រូវបានអភិវឌ្ឍទៅជាផ្លូវរថភ្លើង (Metropolian Express Train) ហើយ IU ទទួលបានផលចំណេញជិត ២លានដុល្លារ។ បន្ថែមពីនោះ IU ក៏មានផ្ទះទី២ របស់ខ្លួនដែលស្ថិតនៅតំបន់ទីប្រជុំជន Gangnam ក្នុងទីក្រុងសេអ៊ូល ដែលមានតម្លៃរហូតដល់ទៅជិត ១០លានដុល្លារអាមេរិក។
2/ Song Hye-Kyo
ថ្មីៗនេះតារាសម្ដែងស្រីជើងចាស់ Song Hye-Kyo បានត្រលប់មកបង្ហាញខ្លួនសារជាថ្មីនៅក្នុងរឿងភាគ “The Glory” ដែលទទួលបានការចាប់អារម្មណ៍ កោតសរសើរពាសពេញបណ្ដាញសង្គមអំពីសាច់រឿង និងការសម្ដែងដ៏ល្អរបស់តារារូបនេះផ្ទាល់។ បន្ថែមពីលើសមត្ថភាព និងកេរ៍ឈ្មោះ Song Hye-Kyoត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិរាប់សិបលានក្នុងការទិញអចលនទ្រព្យ។ កាលពីឆ្នាំ ២០២១ តារាស្រីរូបនេះបានទិញផ្ទះមួយកន្លែងក្នុងតំបន់ Hannam-dong ទីក្រុងសេអ៊ូល ដែលមានតម្លៃជាង ១៥លានដុល្លារអាមេរិកទុកសម្រាប់ឲ្យម្ដាយរបស់ខ្លួនចូលនិវត្តន៍។ មិនតែប៉ុណ្ណោះ Song Hye-Kyo ក៏មានផ្ទះមួយផ្សេងទៀត តម្លៃប្រមាណ ១៨លានដុល្លារផងដែរ។
3/ Bae Suzy
Suzy បានទិញផ្ទះសម្រាប់នៅកាលពីឆ្នាំ ២០១៦ ដែលមានតម្លៃប្រមាណជាង ៣លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់ Samseong-dong, Gangnam district ជាតំបន់ពេញនិយម ប្រជុំទៅដោយអ្នកមាន និងតារាល្បីៗជាច្រើនរស់នៅតំបន់នោះ។
4/ Son Ye-Jin
តួឯកស្រីក្នុងរឿង “Crash Landing on You” ដែលជារឿងភាគកូរ៉េដ៏ល្បីខ្លាំងមួយក្នុងឆ្នាំ ២០១៩ Son Yi-jin ក៏ជាវិនិយោគិនអចលនទ្រព្យមួយរូប បន្ថែមពីលើភាពជោគជ័យលើវិថីសិល្បៈ។ នៅក្នុងភាគទី១៨នៃកម្មវិធីទូរទស្សន៍មានឈ្មោះថា Mnet TMI News បានឲ្យដឹងថាតារាស្រីរូបនេះបានទិញអគារពាណិជ្ជកម្មស្ថិតក្នុងតំបន់ Gangnam District ជាមួយនឹងតម្លៃជាង ១២ លានដុល្លារអាមេរិក។ ហើយកាលពីឆ្នាំ២០១៨ Son Ye-jin ក៏បានលក់អលនទ្រព្យមួយកន្លែងក្នុងតម្លៃជាង ១០លានដុល្លារ និងទទួលបានផលចំនេញជាង ៣លានដុល្លារ។
5/ Kim Yoona, Girl Generation
Yoona ជាសមាជិកក្រុមចម្រៀងស្រី Girl Generation ម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងតាំងតែពីទើបប្រលូកក្នុងសិល្បៈដំបូងរហូតមកដល់ពេលបច្ចុប្បន្ន។តារាស្រីរូបនេះមិនត្រឹមតែល្បីខាងផ្នែកចម្រៀងទេ តែអាជីពជាតារាសម្ដែងក៏មានការគាំទ្រខ្លាំងក្លាផងដែរ ដោយនាពេលថ្មីៗនេះ ទើបតែដើរតួរសម្ដែងក្នុងរឿង “Big Mouth” ដែលទទួលបានការគាំទ្រយ៉ាងច្រើន។ ផ្អែកលើជោគជ័យរបស់Yoona មិនចម្លែកទេដែលតារាស្រីនេះមានទ្រព្យសម្បត្តិច្រើន។ កាលពីឆ្នាំ ២០១៨ Yoona បានទិញអគារ៦ជាន់មួយកន្លែងក្នុងតម្លែប្រមាណ ១០ប៊ីលានវ៉ុន ដែលស្មើរនឹង ៩លានដុល្លារនាពេលនោះ។
6/ Yuri, Girl Generation
សមាជិកម្នាក់ទៀតរបស់ក្រុមចម្រៀង Girl Generationដែលមានទ្រព្យសម្បត្តវិនិយោគលើអចលនទ្រព្យគឺ Yuri។ ជោគជ័យទាំងក្នុងវិស័យសម្ដែង និងចម្រៀង តារាស្រីរូបនេះត្រូវបានគេដឹងថាទើបតែទិញអគារមួយ នៅ Gangnam District មានកម្ពស់៥ជាន់ ក្នុងតម្លៃជិត ១១លានដុល្លារកាលពីឆ្នាំ ២០២០។ Yuri ក៏បានទិញអចលនទ្រព្យមួយពីមុនផងដែរ កាលពីឆ្នាំ ២០១២ មានតម្លៃជាង ១លានដុល្លារអាមេរិក។
7/ Jun Ji-Hyun
តារាស្រីរូបនេះបានបង្ហាញខ្លួននៅក្នុងរឿងល្បីៗជាច្រើនដែលបូករួមទាំងរឿង “My love from the stars” និង “ The legend of the blue sea”។ បន្ថែមពីលើនេះ Jun Ji-Hyun គឺជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យម្នាក់ដែលមានទ្រព្យវិនិយោគដល់ទៅ ៨៨ ប៊ីលានវ៉ុន ស្មើរនឹងប្រមាណ ៧០លានដុល្លារអាមេរិក។ កាលពីពេលកន្លងទៅ Jun Ji-Hyun បានទិញអគារផ្សារទំនើបមួយ ដែលមានតម្លៃរហូតដល់ទៅ ៤០លានដុល្លារ ហើយបានជួលទៅឲ្យក្រុមហ៊ុនអេឡិត្រូនិច សាមសុង (Samsung)ក្នុងតម្លៃប្រមាណ ៦សែនដុល្លារអាមេរិកក្នុងមួយខែ។ មិនតែប៉ុនណ្ណោះ តារាស្រីរូបនេះក៏មានអចលនទ្រព្យនៅតាមតំបន់ល្បីៗក្នុងទីក្រុងសេអ៊ូលរួមទាំង Yongsan-dong និង Samseong-dong ស្ថិតក្នុង Gangnam district។ កាលពីឆ្នាំ ២០២២កន្លងទៅ Jun Ji-Hyun បានលក់អចលនទ្រព្យមួយកន្លែងជាមួយតម្លៃជាង ១៨លានដុល្លារ ហើយរកបានផលចំនេញខ្ទង់ ១១លានដុល្លារ ។
8/ Kim Tae-Hee
Kim Tae-Hee និងស្វាមីដែលមានឈ្មោះថា Rain ត្រូវបានគេដឹងថាជាគូរស្វាមី ភរិយាដែលមានទ្រព្យសម្បត្តិអចលនទ្រព្យច្រើនជាងគេនៅក្នុងវិស័យសិល្បៈនៅកូរ៉េខាងត្បូង។ កាលពីឆ្នាំ២០២១ Kim Tae-Hee បានលក់អចលនទ្រព្យរបស់ខ្លួនដែលបានទិញកាលពីជាង ៧ឆ្នាំមុន ដោយទទួលបានផលចំណេញរហូតដល់ទៅជាង ៦លានដុល្លារអាមេរិក។
អត្ថបទ៖ កែម ស្រីណែត