កម្ចីក្នុងវិស័យអចលនទ្រព្យកើនដល់ ៨ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២

Bunthoeun Chhut 07/February/2023 15:37
ចែករំលែក

គ្រឹះស្ថានធនាគារនៅតែ​បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងដល់វិស័យអចលនទ្រព្យ តាមរយៈការគាំទ្រក្នុងការផ្តល់កម្ចីទៅដល់ក្រុមហ៊ុនអភិវឌ្ឍ និងអ្នកទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់ជាដើម។ ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ចីអចលនទ្រព្យដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជា បានបង្ហាញការកើនឡើង ២៥ ភាគរយ បើធៀបនឹងត្រឹមដំណាច់ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ឬហៅកាត់ថា​ CBC ដែលចេញរបាយការណ៍ត្រីមាសទី៤ កាលពីសប្តាហ៍មុន បានបង្ហាញថា កម្ចីអចលនទ្រព្យបានកើនដល់ ៨ ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២២ ដែលទំហំកម្ចីនេះបានកើនពីត្រឹមប្រមាណ ៦,៤ ពាន់លានដុល្លារអាម៉េរិកពីដំណាច់ឆ្នាំ២០២១។

កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយ CBC ដែលជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

គិតត្រឹមឆ្នាំ ២០២២ កម្ចីលក្ខណៈបុគ្គលនេះបានកើនដល់ជាង ១៤ ពាន់លានដុល្លារ។ សមតុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៣ ភាគរយ បណ្ណឥណទាន ០,៨ ភាគរយ និងកម្ចីអចលនទ្រព្យមានចំណែកធំជាងគេដល់ទៅជិត ៥៦ ភាគរយ នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប។

កម្ចីអចលនទ្រព្យ ភាគច្រើនផ្តោតលើការទិញលំនៅឋាន ហើយទំហំកម្ចីដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ បានបង្ហាញពីទំនុកចិត្តរបស់គ្រឹះស្ថានផ្តល់កម្ចីចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា  ជាពិសេសទីផ្សារលំនៅឋាន ស្របពេលទីផ្សារនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការក្នុងស្រុក។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង