ចំណុចសំខាន់៖
- វិស័យមូលបត្រ ជាប្រភពទុនដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនត្រូវការទុនចង់ពង្រីកអាជីវកម្ម តែសម្រាប់ក្រុមហ៊ុនវិស័យអចលនទ្រព្យមានចំនួនតិចតូច ដែលបានប្រើប្រភពទុនពីវិស័យនេះ
- បច្ចុប្បន្ន មាន១៨ ក្រុមហ៊ុនហើយ ដែលទទួលបានការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា ដោយបានកៀរគរទុនប្រមាណ ៣១៧ លានដុល្លារ
- ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាភាគច្រើនគឺប្រើប្រាស់ប្រភពទុនពីគ្រឹះស្ថានធនាគារ បណ្តាញវិនិយោគិនដែលជាដៃគូរ និងការប្រើប្រាស់ទុនពីអតិថិជន
- ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនក្នុងតំបន់អាស៊ានបានប្រើប្រាស់ប្រភពទុនពីវិស័យមូលបត្រ ដើម្បីពង្រីកវិសាលភាព។ ខ្លះបានពង្រីកខ្លួនរហូតមានទ្រព្យសកម្មដល់ទៅខ្ទង់ពាន់លានដុល្លារ
វិស័យមូលបត្រ ត្រូវបានចាត់ទុកថាជាប្រភពទុនដ៏មានសក្តានុពលសម្រាប់បណ្តាក្រុមហ៊ុន ជាពិសេសគឺក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលត្រូវការទុនសម្រាប់ពង្រីកគម្រោងអភិវឌ្ឍ ដោយក្រុមហ៊ុនទាំងនោះអាចកៀរគរទុនពីសាធារណជនទូទៅ ស្ថាប័នរដ្ឋ និងវិនិយោគិនសក្តានុពលជាច្រើន តាមរយៈការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធ ឬមូលបត្របំណុល នៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងកម្មវិធីចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុន Golden Tree លើការបោះផ្សាយសញ្ញាបណ្ណបៃតង កាលពីថ្ងៃទី១៩ មករា ឯកឧត្តមស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានអំពាវនាវទៅដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យគួរពិនិត្យមើលពីលទ្ធភាព ដើម្បីធ្វើពិពិធកម្មហិរញ្ញប្បទាន (diversification) តាមរយៈវិស័យមូលបត្រ ដើម្បីកៀរគរប្រភពទុនយកទៅអភិវឌ្ឍគម្រោងអចលនទ្រព្យ។ ឯកឧត្តមបន្តថា ប្រភពទុននេះនឹងជួយជំរុញវិស័យអចលនទ្រព្យឱ្យកាន់តែរីកចម្រើន ហើយថែមទាំងរួមចំណែកអភិវឌ្ឍន៍វិស័យមូលបត្រផងដែរ។
ឯកឧត្តមថ្លែងថា៖ “វិស័យមូលបត្របានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលក្រុមហ៊ុនអចលនទ្រព្យសម្រាប់ប្រមូលទុនយកទៅអភិវឌ្ឍគម្រោងវិនិយោគ”។ បើតាមឯកឧត្តមស៊ូ សុជាតិ ក្រុមហ៊ុនទាំងអស់នៅកម្ពុជាសុទ្ធតែអាចកៀរគរប្រភពទុន ដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្មពីផ្សារមូលបត្រ ប៉ុន្តែទាមទារឱ្យមានការបំពេញបែបទ និងអនុលោមតាមបទដ្ឋានពីនិយ័តករមូលបត្រកម្ពុជា។
ក្រុមហ៊ុនទាំងអស់នៅកម្ពុជាសុទ្ធតែអាចកៀរគរប្រភពទុន ដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្មពីផ្សារមូលបត្រ ប៉ុន្តែទាមទារឱ្យមានការបំពេញបែបទ និងអនុលោមតាមបទដ្ឋានពីនិយ័តករមូលបត្រកម្ពុជាការប្រើប្រាស់ទុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាភាគច្រើនគឺប្រើប្រាស់ប្រភពទុនពីគ្រឹះស្ថានធនាគារ ការប្រើប្រាស់ទុនពីបណ្តាញវិនិយោគិនដែលជាដៃគូរ និងការប្រើប្រាស់ទុនពីអតិថិជន។ សម្រាប់វិស័យមូលបត្រ នឹងក្លាយជាជម្រើសប្រភពទុនដ៏មានសក្តានុពលបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ។
បច្ចុប្បន្ន មាន១៨ ក្រុមហ៊ុនហើយ ដែលទទួលបានការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា។ ក្នុងនោះមានចំនួន ៩ ក្រុមហ៊ុនបានសម្រេចការចុះបញ្ជីជាមូលបត្រកម្មសិទ្ធ និង៩ផ្សេងទៀតចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងអស់នេះបានប្រមូលទុនពីទីផ្សារមូលបត្រកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣១៧ លានដុល្លារអាមេរិក។
ក្នុងចំណោមនោះ មានតែក្រុមហ៊ុនអចលនទ្រព្យតែពីរប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ទី១គឺក្រុមហ៊ុន JS Land Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធកាលពីខែ កុម្ភះ ២០២២ ដោយបានកៀរគរទុនប្រមាណ ១២លានដុល្លារ។ និងមួយទៀតគឺ Golden Tree ដែលជាក្រុមហ៊ុនអចលនទ្រព្យផ្តោតលើការផ្តល់សេវាកម្មជួលអគារការរិយាល័យ គ្រប់គ្រង និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បានចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៩ មករា ២០២៣ លើការបោះផ្សាយសញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា។ ក្រុមហ៊ុននេះ បានកៀរគរមូលនិធិប្រហែល ១,៥ លានដុល្លារ ដោយជោគជ័យពីការបោះផ្សាយសញ្ញាបណ្ណបៃតង។
ប្រទេសផ្សេទៀតនៅក្នុងតំបន់អាស៊ានដូចជាវៀតណាម និងប្រទេសថៃជាដើម ដែលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើននៅក្នុងប្រទេសទាំងនេះសុទ្ធតែបានប្រើប្រាស់ទីផ្សារមូលបត្រ (ឬទីផ្សារមូលធន) ជាប្រភពទុនដ៏សំខាន់សម្រាប់ដំណើរការគម្រោងអភិវឌ្ឍអចលនទ្រព្យរបស់ពួកគេ។ ជាក់ស្តែងក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេនៅវៀតណាមបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធនៅផ្សារមូលបត្រហូជីមិញកាលពីឆ្នាំ២០១៨ ដោយបានកៀរគរទុនប្រហែល ១,៣ពាន់លានដុល្លារអាមេរិក។ នៅប្រទេសថៃវិញ ក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យ Sansiri ស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនទៀតក៏បានប្រើប្រាស់ប្រភពទុនពីវិស័យមូលបត្រដែរ ដែលរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើននៅទូទាំងប្រទេសថៃ ហើយមានទ្រព្យសកម្មសរុបប្រមាណ ៣,៤ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១៕