ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗនៅចិនចាប់ផ្តើមកម្រើកឡើងវិញ ក្រោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល

Bunthoeun Chhut 31/January/2023 15:37
ចែករំលែក

ចំណុចសំខាន់៖

  • ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗចំនួន ១០០ ​ក្រុមហ៊ុន បានប្រមូលប្រភពទុនប្រហែល ១៥ ពាន់លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណ
  • ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ៦៦ ក្រុមហ៊ុន ខកខនមិនបានទូទាត់បំណុលទាន់ពេលវេលា ដោយបានពន្យាពេលទូទាត់បំណុលដែលមានទំហំទឹកប្រាក់ជាង ១៦២ ពាន់លានដុល្លារ នៅចន្លោះខែមករា ២០២១ និងខែតុលា ២០២២
  • ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនជាច្រើនខ្វះទុន ដែលបណ្តាលមកពីការធ្លាក់ចុះនៃការលក់។ មួយវិញទៀតគឺបញ្ហាប្រឈមក្នុងការកៀរគរប្រភពទុន ដោយសារវិធានការណ៍ទប់ស្កាត់របស់រដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុកាលពីឆ្នាំ២០២១
  • ធនាគាររដ្ឋចិនបញ្ចេញសាច់ប្រាក់ជាង ៥៧០ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាប់គាំងបញ្ហារំហូរសាច់ប្រាក់

“ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះវិស័យអចលនទ្រព្យដើម្បីបញ្ចៀសពីវិបត្តិជាប់គាំង ក៏ព្រោះតែសកម្មភាពវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ មានចំណែកដល់ទៅ៣០ ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ចិន”

ក្តីសង្ឃឹមរបស់ទីផ្សារ​អចលនទ្រព្យនៅក្នុងប្រទេសចិនហាក់បង្ហាញសញ្ញាវិជ្ជមានកាន់តែល្អប្រសើរ ដែលបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនបានកៀរគរប្រភពទុនតាម​រយៈការបោះផ្សាយសញ្ញាបណ្ណ បានស្ទុះ​ងើបឡើងវិញគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ២០២២។

ការណ៍នេះត្រូវបានគេមើលឃើញថា គឺជាការខិតខំរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគបរទេសក្នុងការចូលរួមផ្តល់ប្រភពទុនដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ក្នុងដំណើរឆ្ពោះទៅស្តារឡើងវិញ បន្ទាប់ពីទីផ្សារអចលនទ្រព្យជាប់គាំងអស់រយៈពេលជាង២ឆ្នាំមកនេះ ដោយសារឥទ្ធិពលបំណុល ៣០០ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande ដែលបង្កឡើងដោយជំងឺកូវីដ-19។ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះវិស័យអចលនទ្រព្យដើម្បីបញ្ចៀសពីវិបត្តិជាប់គាំង ក៏ព្រោះតែសកម្មភាពវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ មានចំណែកដល់ទៅ៣០ ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ចិន។​

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗចំនួន ១០០ ​ក្រុមហ៊ុន បានប្រមូលប្រភពទុនប្រហែល ១៥ ពាន់លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន Caixin ដែលបានដកស្រង់របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ China Real Estate Information បានបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗចំនួន ១០០ ​ក្រុមហ៊ុន បានប្រមូលប្រភពទុនប្រហែល ១៥ ពាន់លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលទំហំទឹកប្រាក់នេះកើនជាង ៨០ ភាគរយ​ ធៀបនឹងខែវិច្ឆិកា ឆ្នាំដដែល ហើយកើនជាង ៣០​ ភាគរយ​ បើធៀបនឹងឆ្នាំ២០២១។ ភាគច្រើននៃទុនដែលប្រមូលបាននេះ គឺជាសញ្ញាបណ្ណក្នុងស្រុក។​

អ្វីទៅជាសញ្ញាបណ្ណ? ហេតុអ្វីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនប្រមូលទុនវិនិយោគ តាមរយៈបោះផ្សាយសញ្ញាបណ្ណ?

សញ្ញា​បណ្ណ​គឺជា​មូលបត្រ​បំណុល ដែល​តំណាង​ឱ្យ​ចំនួន​ទឹកប្រាក់​ដែល​វិនិយោគិន​បាន​ផ្តល់​ទៅកាន់​បុគ្គល​បោះផ្សាយ​ខ្ចី ដែល​ក្នុងនោះ​អាចជា ក្រុមហ៊ុន ឬរដ្ឋាភិបាល​។ វិនិយោគិន​ ដែល​វិនិយោគ​ទៅលើ​សញ្ញា​បណ្ណ ​នឹងអាច​ទទួលបាន​ការប្រាក់​ជាប្រចាំ​ដែលបានកំណត់ ហើយ​ទទួលបាន​ប្រាក់​ដែល​បាន​វិនិយោគ​ត្រលប់​មកវិញ​នូវ​កាលបរិច្ឆេទ​កំណត់​សង​ ដែលគេ​ហៅថា​ឥណប្រតិទាន​។ ​នេះគឺជាជម្រើសមួយទៀត ដែលអាចនិយាយបានថាវាមានភាពទូលំទូលាយជាងការប្រើប្រាស់កម្ចីពីធនាគារ ដើម្បីផ្តល់លទ្ធភាពដល់ក្រុមហ៊ុនទាំងឡាយណាដែលត្រូវការទុនយកទៅពង្រីកប្រតិបត្តិការ ឬបង្កើនការអភិវឌ្ឍគ​ម្រោងវិនិយោគរបស់ខ្លួន។  ជាឧទាហរណ៍ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសចិន ការបោះផ្សាយសញ្ញាបណ្ណដែលមានឥណប្រតិទានរយៈពេលបីឆ្នាំ ដែលបច្ចុប្បន្នអាចផ្តល់ការប្រាក់ជាមធ្យម 2,6 ភាគរយក្នុងមួយឆ្នាំ។

បំណុលទូទាត់ឆ្នាំ២០២៣ ច្រើនជាងឆ្នាំមុន

 នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ត្រូវបានប៉ាន់ប្រមាណថានឹងត្រូវទូទាត់បំណុលពីការបោះផ្សាយសញ្ញបណ្ណក្នុងទំហំទឹកប្រាក់ ១៤១ ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រភព Caixin។ ប្រភពដដែលបានបញ្ជាក់ទៀតថា បំណុលត្រូវទូទាត់នៅចុងឆ្នាំ២០២៣នេះ គឺច្រើនជាង ១០ពាន់លានដុល្លារធៀបនឹងឆ្នាំ២០២២។​

វិស័យអចលនទ្រព្យដែលឧបនាយករដ្ឋមន្រ្តីចិនគឺលោកលីវ ហឺ ចាត់ទុកជាសសរស្តម្ភជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចចិន ដែលវិស័យនេះបានជួបព្យុះភ្លៀងអស់រយៈពេលជិតពីរឆ្នាំហើយគិតមកទល់បច្ចុប្បន្ន ។ មូលហេតុគឺ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនជាច្រើនខ្វះទុន ដែលបណ្តាលមកពីការធ្លាក់ចុះនៃការលក់ និងមួយវិញទៀតគឺបញ្ហាប្រឈមក្នុងការកៀរគរប្រភពទុន ដោយសារវិធានការណ៍ទប់ស្កាត់របស់រដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុកាលពីឆ្នាំ២០២១។

នៅចន្លោះខែមករា ២០២១ និងខែតុលា ២០២២ យ៉ាងហោចណាស់មាន ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ៦៦ ក្រុមហ៊ុន ខកខនមិនបានទូទាត់បំណុលទាន់ពេលវេលា ដោយបានពន្យាពេលទូទាត់បំណុលដែលមានទំហំទឹកប្រាក់ជាង ១៦២ ពាន់លានដុល្លារ។ ចំណែកឯការលក់របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចំនួន ១០០ ក្រុមហ៊ុននៅទូទាំងប្រទេសចិន ត្រូវបានប៉ាន់ប្រមាណថាសម្រេចការលក់បានក្នុងទំហំទឹកប្រាក់ជាង ១ទ្រីលានដុល្លារពេញមួយឆ្នាំ២០២២ ដែលបង្ហាញការធ្លាក់ចុះជាង ៤០ ភាគរយ​ធៀបនឹងឆ្នាំ២០២១។

“ធនាគាររដ្ឋចិនបញ្ចេញសាច់ប្រាក់ជាង ៥៧០ ពាន់លានដុល្លារ”

យ៉ាណាមិញ រយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីជ្រោមជ្រែង និងស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងរាំងស្ទះ ដោយក្នុងនោះគឺផ្តល់គោលការណ៍អនុញ្ញាតិដល់ធនាគាររដ្ឋចិនបញ្ចេញសាច់ប្រាក់ជាង ៥៧០ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាប់គាំងបញ្ហារំហូរសាច់ប្រាក់ អាចបញ្ចប់គម្រោងសាងសង់។​ ការសម្រេចលុបចោលគោលការគ្មានកូវីដ១៩ ឬ zero-Covid policy ក៏បាន​ចូលរួមជាចំណែកមួយក្នុងការទាញយកទំនុកចិត្តសារជាថ្មីពីវិនិយោគិនទាំង​ក្នុង និងក្រៅស្រុក និងជំរុញការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនផងដែរ។

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង