កម្ពុជានឹងមានផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ភ្នំពេញ-ព្រំដែនថៃ

Admin 26/January/2023 16:27
ចែករំលែក

“គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុង និងភ្ជាប់ទៅក្រៅប្រទេសផងដែរ”

ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន CRBC កាលពីថ្ងៃទី ២៣ មករា ២០២៣ ជុំវិញលទ្ធផលសិក្សាបឋមនៃគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត

កម្ពុជាបានប្រកាសពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងដែលកំពុងមានស្រាប់ ដោយតភ្ជាប់ពីភ្នំពេញ-ប៉ោយប៉ែត ដើម្បីប្រែក្លាយទៅជាផ្លូវរថភ្លើងល្បឿនដំបូងគេក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ គម្រោងនេះនឹងជួយបម្រើឱ្យវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែសម្បូរបែប និងទំនើបកម្មជាងមុន។

លទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព (feasibility study) បានបង្ហាញថា ផ្លូវរថភ្លើងល្បឿនលឿននេះអាចត្រូវការទុនវិនិយោគយ៉ាងហោចណាស់​ ៤ពាន់លានដុល្លារ ដែលច្រើនជាងពីរដង ធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ២០២២។

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចាប់ផ្តើមសិក្សាគម្រោងនេះនៅដើមខែមករា ឆ្នាំ២០២២ ហើយនៅថ្ងៃទី២៣ ខែមករា ២០២៣ ក្រុមអ្នកជំនាញក្រុមហ៊ុននេះ បានធ្វើបទបង្ហាញទៅដល់ក្រសួងសាធារការ និងដឹកជញ្ជូន ដើម្បីឆ្ពោះទៅជំហានបន្ទាប់ក្នុងការចាប់ផ្តើមការសាងសង់គម្រោងនៅពេលដ៏ឆាប់ខាងមុខ។ ក្រុមហ៊ុនចិន CRBC ក៏ជាអ្នកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។

យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុន CRBC ​ដែលចេញផ្សាយដោយក្រសួងសាធារណការ  និងដឹកជញ្ជូន បានបង្ហាញថា គម្រោងផ្លូវរថភ្លើងល្បឿននេះ គឺមានប្រវែងសរុប ៣៨២គ.ម ហើយអាចត្រូវការពេលសាងសង់ប្រហែល ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣ម៉ែត្រ ជាមួយនឹងល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម ក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ហើយក្នុងនោះ  ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ។

ក្រសួងសាធារណការ  និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលផែនការសម្រេចបាននូវទំហំពាណិជ្ជកម្មទេ្វភាគី​រវាងប្រទេសទាំងរំពឹងកើនដល់ ១៥ ពាន់លានដុល្លារអាមេរិក​នៅត្រឹមឆ្នាំ២០២៥។

ប្រភពដដែលបញ្ជាក់ទៀតថា គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុង និងភ្ជាប់ទៅក្រៅប្រទេសផងដែរ។

លទ្ធផលនៃកិច្ចពិភាក្សានេះ ត្រូវបានក្រសួងសាធារណការ  និងដឹកជញ្ជូន ចាត់ទុកជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ជំនួបពិភាក្សានេះ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ។

ការធ្វើបទបង្ហាញជុំវិញលទ្ធផលបឋមនៃការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត បានធ្វើឡើង ក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ជំរុញដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពន្លឿនការសិក្សាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដោយត្រូវអភិវឌ្ឍលើផ្លូវរថភ្លើងមានស្រាប់ចំនួនពីរខ្សែគឺទី១ តភ្ជាប់ពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅ​ប៉ោយប៉ែត។

ការអំពាវរបស់សម្តេច តេជោហ៊ុន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ មករា ២០២៣។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន គឺដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។

បច្ចុប្បន្ន កម្ពុជាមានតែផ្លូវរថភ្លើងពីរខ្សែប៉ុណ្ណោះកំពុងដំណើរការ ដែលតភ្ជាប់ពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញ ទៅ​ប៉ោយប៉ែត ជាមួយនឹងល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ៣០គ.ម ក្នុងមួយម៉ោង ដោយភាគច្រើនផ្តោតលើការដឹកជញ្ជូនទំនិញ។ ផ្លូវរថភ្លើងទាំងពីរខ្សែនេះ ត្រូវបានសាងសង់ជាលើកដំបូងនៅដើមទសវត្សរ៍ ១៩២០ និងចុងទសវត្សរ៍ ១៩៦០។​ បច្ចុប្បន្នផ្លូវរថភ្លើងទាំងពីរខ្សែនេះប្រតិបត្តិការដោយក្រុមហ៊ុន Royal Railways ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង