ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យបានបង្កើតចំណូលចូលថវិកាជាតិប្រមាណ ៩០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ។ នេះបើតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។
នេះគឺជាផ្នែកមួយ ដែលបង្ហាញថា ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា ខណៈដែលការវិនិយោគក្នុងវិស័យនេះមានចំណែកដល់ទៅជាង ៣០ភាគរយ នៃរំហូរវិនិយោគពីក្រៅប្រទេសនៅកម្ពុជានារយៈពេលប្រហែល៦ចុងក្រោយនេះ។ (ចុចទីនេះអានបន្ថែម)
យោងតាម របាយការណ៍ស្តីពីសមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានទំហំទឹកប្រមាណ ៣,៧ ទ្រីលានរៀល ឬប្រហែល ៩០០លានដុល្លារអាមេរិក។ ហើយចំណូលដែលប្រមូលបានទាំងនេះគឺគិតចាប់ពីឆ្នាំ ១៩៩៩ រហូតមកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២។
ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ គឺជាផ្នែកមួយនៃការងារប្រមូលចំណូលពីសេវាផ្សេងៗដែលកត់ត្រាដោយ ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។ ចំណូលពីសេវាទាំងនោះរួមមាន សេវាសុរិយោដី សេវាសំណង់ ការជួលទីតាំងរោងចក្រ សេវាព័ត៌មានសុរិយោដីតាម ប្រពន្ធអេឡិចត្រូនិក និងពន្ធលើការផ្ទេរអចលនទ្រព្យ។ ចំណូលដែលប្រមូលបានពីសេវាទាំងនេះបូកបញ្ចូលគ្នាសម្រេចបានទំហំទឹកប្រាក់ប្រមាណ ៤,៤ ទ្រីលានរៀល ឬប្រហែល ១ប៊ីលានដុល្លារ។ ហើយក្នុងនោះ គ្រាន់តែចំណូលប្រមូលបានពីសេវាផ្ទេរកម្មសិទ្ធអចលនទ្រព្យមានចំណែកដល់ទៅ ៨០ ភាគរយ។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ មានការកំណត់អត្រាពន្ធ ៤% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះត្រូវបានប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា ការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន) ទោះបីអចលនទ្រព្យនោះមានប័ណ្ណកម្មសិទ្ធិជាប្លង់រឹង និងប្លង់ទន់ក្តី។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យដែលមានតម្លៃ ៧ម៉ឺនដុល្លារចុះក្រោម ដើម្បីសម្រួលដល់ពលរដ្ឋដែលមានចំណូលមធ្យមក្នុងការទទួលបានលំនៅឋានសមរម្យ។ ការលើកលែងនេះគឺបានធ្វើឡើងចាប់ពីឆ្នាំ២០២០ ហើយប្រសិនបើមិនមានការប្រែប្រួលនោះទេ ការអនុវត្តគ្រោងនឹងចាប់ផ្តើមឡើងវិញចាប់ពីខែមករាឆ្នាំ២០២៣៕