ចំណុចសំខាន់៖
- វិស័យសំណង់-អចលនទ្រព្យធ្លាប់ជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់នៅមុនពេលផ្ទុះឡើងកូវីដ-១៩ ដែលមានចំណែកដល់ទៅ៣០% នៃរំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេសនៅកម្ពុជា
- ក្រសួងសេដ្ឋកិច្ចរំពឹងថា វិស័យសំណង់អាចងើបឡើងវិញក្នុងអត្រា ៧% នៅឆ្នាំ២០២៣នេះ
- ការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេស ជាកត្តាសំខាន់ជួយឱ្យវិស័យសំណង់ស្ទុះងើបឡើងវិញ
ស្ថានភាពវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាហាក់បង្ហាញសញ្ញាល្អប្រសើរឡើងច្រើននៅក្រោយស្ថានភាពកូវីដ១៩ ដោយសារគម្រោងដែលបានផ្អាក និងគម្រោងថ្មីៗចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ។ ប៉ុន្តែបើនិយាយពីទំហំទុនវិនិយោគដែលបានចាក់បញ្ចូលក្នុងវិស័យសំណង់ពេញមួយឆ្នាំ២០២២នេះ គឺតិចជាង៤ ដងឯណោះ បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គម្រោងសាងសង់ដែលទទួលបានការអនុម័តក្នុងឆ្នាំ២០២២ មានប្រមាណ ៣ ៨០០ គម្រោង ហើយមានផ្ទៃក្រឡាសំណង់ជាង ៦លាន ៥សែនម៉ែត្រការ៉េ។
គម្រោងសាងសង់ទាំងនេះបូកបញ្ចូលគ្នាមានទុនវិនិយោគប្រមាណ ២ ៦០០ លានដុល្លារ ដែលតិចជាង ៤ដង បើធៀបនឹងឆ្នាំ២០១៩ ពោលគឺមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលទុនវិនិយោគវិស័យសំណង់នាពេលនោះមានប្រមាណ ១១ ពាន់លានដុល្លារអាមេរិក។
តើពេលណាការវិយោគវិស័យសំណង់-អចលនទ្រព្យអាចមានសន្ទុះកំណើនដូចមុនវិញ?
ការព្យាករណ៍នានា និងការវាយតម្លៃរបស់អ្នកជំនាញ បានលើកឡើងខុសៗគ្នាពីសន្ទុះនៃការវិនិយោគវិស័យសំណង់ និងអចលនទ្រព្យនៅក្រោយស្ថានភាពកូវីដ-១៩។
ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថាការវិនិយោគក្នុងវិស័យសំណង់ នឹងងើបឡើងវិញក្នុងអត្រា ៧ ភាគរយ នៅឆ្នាំ២០២៣នេះ។ មូលហេតុគឺផ្អែកលើការរំពឹងទុកនៃការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ចំពោះទីផ្សារអចលនទ្រព្យ រំពឹងងើបឡើងវិញក្នុងអត្រា ៥ ភាគរយ ក្នុងឆ្នាំ២០២៣នេះ ដោយសារកំណើននៃការទិញ លក់, តម្រូវការជួលអចលនទ្រព្យដូចជាការជួលខុនដូ អាផាតមិន ហើយមួយវិញទៀត គឺដោយសារមានតម្រូវការលំនៅឋានថ្លៃទាប និងមធ្យម ពីពលរដ្ឋក្នុងស្រុក។
សម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យខ្លះបានលើកឡើងថា សន្ទុះនៃការវិនិយោគនៃការវិនិយោគសំណង់ អចលទ្រព្យ អាចប្រហែលត្រូវការពេលយ៉ាងហោចណាស់ ៣ឆ្នាំទៀត ទើបអាចវិលទៅកំណើនដូចនៅមុនពេលផ្ទុះឡើងនៃកូវីដ-១៩។ មូលហេតុ គឺត្រូវពឹងផ្អែកទៅលើសន្ទុះនៃសកម្មភាពកំណើនសេដ្ឋកិច្ចដូចជាកំណើននៃការវិនិយោគវិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចវិលទៅរកប្រក្រតីភាពដូចមុនវិញក្នុងអត្រា ៧ ភាគរយ នៅឆ្នាំ២០២៤។
យ៉ាងណាមិញ របាយការណ៍របស់ធនាគារពិភពលោកទើបចេញផ្សាយនៅខែធ្នូ ឆ្នាំ២០២២ ដែលនិយាយពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា កំណើនវិនិយោគវិស័យសំណង់ អចលនទ្រព្យនៅតែប្រឈមភាពមិនច្បាស់លាស់ នៅក្រោយស្ថានភាពកូវីដ-១៩។ ប្រភពដដែលបានបញ្ជាក់ថា វិស័យសំណង់ទំនងមិនអាចក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចដូចមុនទៀតទេនាពេលខាងមុខ ព្រោះរយៈពេលបីឬបួនឆ្នាំមុនពេលផ្ទុះឡើងនៃកូវីដ-១៩ ការវិនិយោគវិស័យនេះមានសន្ទុះយ៉ាងខ្លាំងខ្លា ដែលធ្វើឱ្យការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ។
នៅចន្លោះឆ្នាំ ២០១៤ ដល់ខែមិថុនាឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេស ដែលទទួលបានការអនុម័តច្រើនជាងគេគឺចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយមានទុនបូកបញ្ចូលគ្នាដល់ទៅ ៥ ពាន់លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះ គឺស្មើនឹងមួយភាគបី (1/3) នៃតម្លៃគម្រោងវិនិយោគពី FDI។ នេះបើតាមរបាយការណ៍ធនាគារពិភពលោក៕