ស្ថាប័នទាំងពីរបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នារសៀលថ្ងៃទី ១២ ធ្នូ ២០២២ នៅឯសណ្ឋាគារ Palace Gate Hotel។ កិច្ចសហការនេះត្រូវបានចុះហត្ថលេខា ដោយលោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony Co., Ltd និងលោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មក្រុមហ៊ុន GGear Group ព្រមទាំងមានការចូលរួមជាសក្ខីភាពពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរផងដែរ។
ក្រុមហ៊ុន Zillennium Group គឺជាបណ្តុំអ៊ីកូស៊ីស្តឹម (ecosystem) ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ គម្រោង Forest Harmony អភិវឌ្ឍន៍ដោយក្រុមហ៊ុន Forest Harmony Co.,Ltd ដែលជាផ្នែកមួយនៃចង្កោមក្រុមហ៊ុន Zillennium Group។ ចំណែកឯក្រុមហ៊ុន GGear Group គឺជាអ្នកផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិចម៉ាកយីហោ LG ដ៏ធំមួយនៅកម្ពុជា។
តាមរយៈកិច្ចសហការនៅថ្ងៃនេះ ក្រុមហ៊ុន GGear Group នឹងក្លាយជាដៃគូរអាជីវកម្មដ៏សំខាន់មួយក្នុងការនាំយកផលិតផលអេឡិចត្រូនិច LG ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីផ្គត់ផ្គង់នៅតាមវីឡាលម្ហែកាយ ស្ថិតក្នុងគម្រោង Forest Harmony។
គម្រោង Forest Harmony ត្រូវបានអភិវឌ្ឍន៍ឡើងនៅលើផ្ទៃដីជាង ១៣ ហិកតា និងមានវីឡាលម្ហែកាយ ៧៨ វីឡា ដែលជាគម្រោងវីឡាលម្ហែកាយបែបអ៊ឺរ៉ុបដំបូងគេនៅកម្ពុជា។ គម្រោង Forest Harmony គឺជាគម្រោងដំណាក់កាលទីមួយនៃគម្រោងមេឈ្មោះថា Harmony Valley ដែលរួមមានគម្រោងជាដំណាក់កាលជាច្រើនដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY។ គម្រោងនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ និងមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។
គម្រោង Harmony Valley ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាត និងត្រូវបានរចនាឡើងជាមួយនឹងលំហបៃតង ដែលនឹងក្លាយជាកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ។ គម្រោងនេះតែងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកវិនិយោគ ដែលតែងទៅទស្សនាគម្រោងនេះជាបន្តបន្ទាប់៕