Lionel Messi មានទុនវិនិយោគរាប់លានដុល្លារក្នុងវិស័យអចលនទ្រព្យ

Torng Rotanak 21/December/2022 18:00
ចែករំលែក

ប្រធាន​ក្រុម​ជម្រើស​ជាតិកីឡាបាល់ទាត់​អាហ្សង់ទីន​ និងជាខ្សែប្រយុទ្ធឆ្នើមគឺលោក លីអូណែល មេស៊ី (Lione Messi) បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ ២០២២ ហើយគិតមកទល់បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិជាង ៦០០ លានដុល្លារអាមេរិក ដែលវ៉ាដាច់កីឡាករឆ្នើមគឺលោក​ Cristiano Ronaldo។ នេះបើតាមការចេញផ្សាយរបស់ស្ថាប័ន Celebrity Net Worth ដែលកត់ត្រាពីទ្រព្យសម្បត្តិរបស់កំពូលតារា និងកីឡាករល្បីៗលើពិភពលោក។

មួយចំណែកធំនៃទ្រព្យសម្បត្តិក្នុងអាជីពបាល់ទាត់របស់លោកដែលមានប្រមាណ ១០ ភាគរយ គឺផ្តោតលើការវិនិយោគអចលនទ្រព្យ ហើយការវិនិយោគទាំងនោះបានបង្កើតផលចំណេញខ្ទង់លានដុល្លារអាមេរិក។

បណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ពីស្ថាប័នព័ត៌មាននិងវេបសាយធំៗមួយចំនួន ដែលចេញផ្សាយទាក់ទងនឹងចំណូល និងការវិនិយោគរបស់លោក ​លីអូណែល មេស៊ី បានបង្ហាញថា គិតចាប់ពីឆ្នាំ ២០០៩ កីឡាករឆ្នើមវ័យ៣៥ឆ្នាំរូបនេះ បានចំណាយលុយប្រហែល ៦០ លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ១០ភាគរយ នៃទ្រព្យសម្បត្តិសរុបរបស់លោក គឺផ្តោតលើការទិញអចលនទ្រព្យ​។ អចលនទ្រព្យទាំងនោះ គឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក, ទីក្រុងប៉ារីស ប្រទេសបារាំង, អេស្បាញ និងអាហ្សង់ទីន ដែលជាស្រុកកំណើតរបស់លោកផ្ទាល់ ហើយអចលនទ្រព្យខ្លះ គឺលោកបានទិញសម្រាប់រស់នៅ និងមួយផ្នែកទៀតជាការវិនិយោគដើម្បីលក់យកផលចំណេញ។ ខាងក្រោមនេះជាការរៀបរាប់ត្រួសៗ ទាក់ទងនឹងការវិយោគអចលនទ្រព្យរបស់លោក លីអូណែល មេស៊ី៖

  • ក្នុងឆ្នាំ២០០៩៖ Messi ចាប់ផ្ដើមចូលលេងឲ្យក្លឹបបាល់ទាត់អេស្ប៉ាញ Barcelona ហើយក៏ជាឆ្នាំដែលកីឡាករកំពូលរូបនេះបានចំណាយលុយជាង ២លានដុល្លារដើម្បីទិញផ្ទះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ស្វយ័ត Catalonia ចំងាយប្រហែល ២៤គីឡូម៉ែត្រពីទីក្រុង Bacelona ផ្ទាល់តែម្ដង ហើយសព្វថ្ងៃផ្ទះនេះមានតម្លៃចន្លោះពី ៧ ទៅ ១០លានដុល្លារ។ នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃមួយនេះ មានទាំងអាងហែលទឹក ទីលានបាល់ទាត់ កន្លែងហាត់ប្រាណ និងស្បា រោងកុនលក្ខណៈគ្រួសារ និង​ទីធ្លាសម្រាប់ការញ៉ាំប៊ីប៊ីឃ្យូ។ មិនតែប៉ុណ្ណោះ វីឡាមួយនេះស្ថិតក្នុងតំបន់ហាមឃាត់ មិនឲ្យមានការហោះហើរឆ្លងកាត់។ ​​មានន័យថាយន្ដហោះមិនអាចហោះកាត់តំបន់នេះបានឡើយ ដែលនេះជាលក្ខណៈសម្បត្តិមួយទៀត ក្នុងការផ្ដល់ឯកជនភាពដល់កីឡាករល្បីល្បាញមួយរូបនេះ។
  • ក្នុងឆ្នាំ២០១៧​៖ កីឡាកររូបនេះក៏បានចាប់ផ្ដើមវិនិយោគលើវិស័យសណ្ឋាគារ ដោយបានចំំណាយលុយជាង ៣០លានដុល្លារទិញសណ្ឋាគារស្ថិតនៅក្នុងទីក្រុង Barcelona ដដែល។​ សណ្ឋាគារនេះ​ គឺមានទីតាំងស្ថិតនៅជាប់ឆ្នេរសមុទ្រ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៣ និងមានបន្ទប់សរុប ៧៧បន្ទប់។
  • ឆ្នាំ២០១៩៖ ២ឆ្នាំបន្ទាប់ពីការវិនិយោគលើសណ្ឋាគារ កីឡាកររូបនេះបានទិញយូនីតខុនដូរមួយកន្លែងក្នុងទីក្រុង Miami ស្ថិតក្នុងរដ្ឋផ្លរីដា ក្នុងតម្លៃ ៥លានដុល្លារ ដែលជាប្រភេទយូនីតខុនដូ៤បន្ទប់គេង មានទំហំជាង ៣៣០ម៉ែត្រការ៉េ។ យូនីតខុនដូរទំនើប ស្ថិតនៅក្នុងអគារមានឈ្មោះថា Porche Designing Tower ដែលជាប្រភេទខុនដូរទំនើប ៦០ជាន់ និងព្រមទាំងមានបំពាក់ ជណ្ដើរយន្ដកញ្ចក់សម្រាប់ដឹកយាន្ដជំនិះ ដែលអនុញ្ញាត្តិឲ្យឡានឡើងដល់ជាន់របស់អ្នករស់នៅតែម្ដង។ យ៉ាងណាមិញ Messi បានដាក់ខុនដូរនេះលក់វិញក្នុងតម្លៃ ៧លានដុល្លារកាលពីឆ្នាំ២០២១ ដែលោកអាចបង្កើតផលចំណេញ ២លានដុល្លារ ពីការវិនិយោគខុនដូមួយកន្លែងនេះ។
  • ឆ្នាំ២០២១៖ មិនយូរប៉ុន្មាន កីឡាករដ៏មានប្រជាប្រិយភាពរូបនេះ​បានទិញ​អចលនទ្រព្យនៅក្នុងទីក្រុង ដដែលក្នុងរដ្ឋផ្លរីដា ដោយលោកបានទិញយកមួយជាន់ដាច់តែម្ដង ក្នុងតម្លៃជាង ៧ លានដុល្លារ ដែលជាប្រភេទខុនដូរប្រណិតជាប់នឹងមាត់សមុទ្រ ហើយអាចមើលឃើញទេសភាពឆ្នេរដ៏ស្រស់ស្អាត។​មិនតែប៉ុណ្ណោះ ខុនដូនេះមានកំពស់ ៤៦ជាន់ ដោយមួយជាន់ៗអាចមានម្ចាស់តែមួយប៉ុនណោះ។ ប៉ុន្ដែ Messi បានដាក់លក់ខុនដូរដ៏ទំនើបនេះ ទៅវិញបន្ទាប់ពីទិញបាន៧ខែ ក្នុងតម្លៃជាង ៩លានដុល្លារ ដែលមានន័យថាលោកអាចបង្កើតផលចំណេញប្រមាណ២លានដុល្លារត្រឹមរយៈពេលខ្លី។
  • ឆ្នាំ២០២២៖ ក្នុងឆ្នាំនេះផងដែរ​ Messi បានចំណាយលុយសាងសង់ផ្ទះនៅលើទឹកដីស្រុកកំណើតរបស់ខ្លួនដែលចំនាយទឹកប្រាក់សរុបជាង​ ៣លានដុល្លារ។ គេជឿថា Messi នឹងរស់នៅផ្ទះនេះនៅពេលដែលលោកចូលនិវត្ត៍ពីអាជីបជាកីឡាបាល់ទាត់។កាលពីខែកញ្ញា ក្នុងឆ្នាំ២០២២នេះ លោកក៏បានទិញយូនីតខុនដូមួយកន្លែងក្នុងទីក្រុង Ibiza នៃប្រទេសអេស្បាញផងដែរ ក្នុងតម្លៃជិត ១២ លានដុល្លារ​។

លោក Lionel Messi គឺជាប្រធាន​ក្រុម​ជម្រើស​ជាតិ​​កីឡាបាល់ទាត់​អាហ្សង់ទីន ដែលបានលើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក (FIFA World Cup 2022 ) ​អមដោយ​សមាជិក​​ដទៃ​ទៀត​នៃ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ក្រោយ​ពី​ឈ្នះការ​ប្រកួត ​ក្រុម​បារាំង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ពហុកីឡដ្ឋាន ​Lusail ប្រទេស​កាតា។ នេះគឺជា​ការប្រកួត​លើក​ទី២៦ហើយ​ ក្នុងការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក ​របស់លោក Lionel Messi ដែល​មាន​អាយុ​៣៥ ឆ្នាំ នាពេលបច្ចុប្បន្ន។ ​លទ្ធផល​នៃ​ជ័យជម្នះនាពេល​នេះ​ បានធ្វើ​ឱ្យ​លោកLionel Mess  កាន់តែមាន​កិត្តិនាម​ល្បីល្បាញ និងប្រជាប្រិយភាព ដែលជាការបើកលទ្ធភាពដល់កីឡាករឆ្នើមរូបនេះអាចកសាង​ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀត។

Co-writter: Kem Sreyneth

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង