“ក្រុមហ៊ុន Z1 FINANCIAL មានកិត្តិយសបំផុតដោយបានសហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីភាពខុសច្បាប់នៃ “គម្រោង PONZI”។ នៅក្នុងកម្មវិធីនេះផងដែរ ក៏នឹងមានការប្រកាសសម្ពោធ “កម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ONETIME” របស់ក្រុមហ៊ុន Z1 FINANCIAL”
ដោយមានការគ្រាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់គឺ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្រុមហ៊ុន Z1 FINANCIAL មានកិត្តិយសយ៉ាងខ្លាំងក្នុងសហការការរៀបចំសិក្ខាសាលាមួយនេះឡើង និងរួមបញ្ចូលជាមួយកម្មវិធីសម្ពោធជាផ្លូវការ ONETIME ដែលជាកម្មវិធីសិក្សាហរិញ្ញវត្ថុតាមប្រព័ន្ធអនឡាញ របស់ក្រុមហ៊ុន Z1 FINANCIAL ហើយកម្មវិធីសិក្សានេះគឺ ផ្តោតសំខាន់លើរបៀបនៃការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន មូលដ្ឋានគ្រឹះនៃការវិនិយោគ និងការអភិវឌ្ឍន៍ខ្លួនឯង។
កម្មវិធីនេះនឹង រៀបចំធ្វើឡើងនៅអគារសន្និបាត OCIC នៃទីក្រុងរណបជ្រោយចង្វា ដែលចាប់ផ្តើមពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៩ យប់ ដោយនឹងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូបដូចជា លោក សួស មុន្នីឧត្តម អ្នកស្រាវជ្រាវច្បាប់ និងបញ្ហាសង្គម លោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត លោក សាយ សុខខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL និងលោក ឃីម សុខហេង ដែលលោកគឺជាវិនិយោគិនឈានមុខគេក្នុងវិស័យអប់រំ សហគ្រិន វិនិយោគ អចលនទ្រព្យ ហិរញ្ញវត្ថុ ហើយក៏ជាអ្នកលើកទឹកចិត្តដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។
គោលបំណងចម្បងរបស់សិក្ខាសាលាផ្សព្វផ្សាយនេះ គឺរៀបចំឡើងដើម្បីចែករំលែកអំពីភាពខុសច្បាប់ និងហានិភ័យនៃគម្រោង PONZI កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ និងការសម្ពោធជាផ្លូវការនូវកម្មវិធីសិក្សាហរិញ្ញវត្ថុតាមប្រព័ន្ធអនឡាញថ្មីមួយដែលមានឈ្មោះថា “ONETIME” ។ កម្មវិធីសិក្សាថ្មីនេះនឹងផ្តោតជាសំខាន់ទៅលើចំណេះដឹងហិរញ្ញវត្ថុ ដែលនឹង ផ្តល់នូវចំណេះដឹងដល់អ្នកសិក្សាឱ្យចេះវិភាគ ថ្លឹងថ្លែងដើម្បីកាត់បន្ថយហានិភ័យវិនិយោគ និងធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវតាមកម្រិតហានិភ័យដែលខ្លួនហ៊ានទទួលយក។
ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL លោក សាយ សុខខេង បានថ្លែងថា៖ “ONETIME ត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយផ្តោតសំខាន់លើការផ្តល់ចំណេះដឹងទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ការវិនិយោគ ការអភិវឌ្ឍខ្លួនឯង ដែលវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយនូវហានិភ័យមួយចំនួនដូចជាគម្រោង PONZI ជាដើម និងដើម្បីឈានទៅរកគោលដៅហិរញ្ញវត្ថុមួយដ៏ប្រសើរ”។
លោកបានបន្តទៀតថា វគ្គសិក្សាពិសេសនេះត្រូវបានសម្រិតសម្រាំង និងរៀបចំឡើងជាការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ហើយរួមបញ្ចូលជាមួយវាគ្មិនកិត្តិយសជាច្រើនរូបដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំពីស្ថាប័នផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីជាជំនួយ និងជួយជំរុញមនុស្សទូទៅក្នុងការសម្រេចគោលដៅ ហិរញ្ញវត្ថុ ព្រមទាំងផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត សមាជិក ONETIME ទាំងអស់នឹងចំណាយពេលសិក្សារយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលមួយក្នុងចំណោមនោះគឺ ទទួលបានរង្វាន់ពិសេសសម្រាប់ធ្វើការវិនិយោគដែលស្មើនឹងទឹកប្រាក់ចំនួន ១០០ ដុល្លារ បន្ទាប់ពីបញ្ចប់វគ្គសិក្សា ដើម្បីពួកគាត់អាចអនុវត្តនូវការវិនិយោគ ដោយផ្ទាល់លើថ្នាលវិនិយោគតាមបែបបច្ចេកវិទ្យារបស់ Z1 FINANCIAL។
ក្រុមហ៊ុន Z1 FINANCIAL គឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍថ្នាលវិនិយោគបែបបច្ចេកវិទ្យាឌីជីថល (Digital Investment Platform) ដោយផ្តោតលើវិស័យអចលនទ្រព្យតាមរយៈបច្ចេកវិទ្យា Blockchain ។ Z1 FINANCIAL បានបង្កើតឡើងនាខែមិថុនា ឆ្នាំ២០២១ ហើយបានធ្វើការចុះបញ្ជីស្របច្បាប់ក្នុងប្រទេសសឹង្ហបុរី និងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួមផងដែរ ។ បច្ចុប្បន្នក្រុមហ៊ុន Z1 FINANCIAL កំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។