អ្នកមាននៅចិនខ្ទង់ម៉ឺននាក់វេចលុយ ទៅទិញអចលនទ្រព្យនៅក្រៅប្រទេស

Bunthoeun Chhut 09/December/2022 15:42
ចែករំលែក

ចំណុចសំខាន់៖ ​

  • ជនជាតិចិនជាង ១ម៉ឺននាក់ ដែលមានលុយប្រមាណ៤៨ពាន់លានដុល្លារ កំពុងសម្លឹងមើលឱកាសវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស
  • តំបន់អាស៊ីអាគ្នេយ៍ជាទិសដៅនៃការទិញអចលនទ្រព្យរបស់អ្នកមានជនជាតិចិន
  • ប្រជាជនចិន៩០% មានលំនៅឋានផ្ទាល់ខ្លួន ហើយ២០%មានលំនៅឋានលើសពីមួយ
  • អចលនទ្រព្យមានចំណែកដល់ទៅ ៣០% នៃទំហំសេដ្ឋកិច្ចចិន
  • រដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ ១៤០ ពាន់លានដុល្លារ ជួយស្រោចស្រង់វិស័យអចលនទ្រព្យ និងបានដាក់ចេញវិធានទប់ស្កាត់ការទិញអចលនទ្រព្យទុកលក់ ពេលឡើងថ្លៃ

“អតិថិជនរបស់យើង​ជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេស ព្រោះពួគគេរំពឹងថាការវិនិយោគនៅទីនោះ [ក្រៅប្រទេស]អាចបង្កើតផលចំណេញប្រសើរជាងទីផ្សារអចលនទ្រព្យក្នុងស្រុក”

ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន បានជំរុញឱ្យអ្នកវិនិយោគជនជាតិចិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភខ្ទង់ម៉ឺននាក់ បានវេចលុយពីចេញប្រទេសចិន ដោយងាកទៅទិញអចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសទិសដៅនៃការវិនិយោគនោះគឺតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងកម្ពុជា។

យោងតាមការចេញផ្សាយ​របស់សារព័ត៌មានម៉ាឡេស៊ី News Straits Times បានរាយការណ៍ពីប្រភពរបាយការណ៍ ការស្ទង់មតិ និងក្រុមហ៊ុនស្រាវជ្រាវផ្សេងៗគ្នា ចេញផ្សាយនាពេលថ្មីៗនេះ ​ដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាង១ម៉ឺននាក់ នឹងផ្លាស់ទីកន្លែងវិនិយោគក្នុងស្រុកកំណើតរបស់ខ្លួន ដោយនាំយកលុយ​ទៅវិនិយោគជាមួយប្រមាណ ៤៨ពាន់លានដុល្លារដើម្បីទិញអចលនទ្រព្យនៅក្រៅប្រទេស។​

ប្រភពដដែលបានបញ្ជាក់ទៀតថា ផ្អែកលើការស្ទង់មតិ  ទិសដៅនៃការទិញអចលនទ្រព្យរបស់អ្នកមានជនជាតិចិនទាំងនោះគឺប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងសឹង្ហបុរី ហើយប្រទេសដែលឈរនៅលេខរៀងបន្ទាប់មានឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា ដោយឡែក ប្រទេសឡាវ ឈរនៅលេខរៀងក្រោយគេបង្អស់។​

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ Juwai IQI ដែលមានចំណងជើងថា   ស្ថានភាពទីផ្សារអចលនទ្រព្យថមថយក្នុងស្រុកចិន ជំរុញការវិនិយោគអចលនទ្រព្យក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានអះអាងថា វិបត្តិទីផ្សារលំនៅឋានក្នុងប្រទេសចិនកំពុងធ្វើឱ្យតម្រូវការធ្លាក់ចុះ ដែលកត្តានេះបានជំរុញវិនិយោគិនចិនងាកទៅទិញអចលនទ្រព្យនៅក្រៅប្រទេស។

លោកស្រី Lona Wang ប្រធានផ្នែកលក់នៃក្រុមហ៊ុន  Juwai IQI ប្រចាំក្នុងប្រទេសចិន បាននិយាយថា តម្រូវការទិញអចលនទ្រព្យយរបស់ជនជាតិចិននៅក្រៅប្រទេសមានការកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២២នេះ។ ហើយតម្រូវការនៃប្រភេទអចលនទ្រព្យមានដូចជា ផ្ទះទីពីរ លំនៅឋានអចិន្ត្រៃយ៍ និងអចលនទ្រព្យសម្រាប់ការវិនិយោគ។

លោកស្រីបញ្ជាក់ថា៖ “អតិថិជនរបស់យើង​ជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេស ព្រោះពួគគេរំពឹងថាការវិនិយោគនៅទីនោះ [ក្រៅប្រទេស]អាចបង្កើតផលចំណេញប្រសើរជាងទីផ្សារអចលនទ្រព្យក្នុងស្រុក។ អចលនទ្រព្យនៅតាមទីក្រុងជាច្រើននៅក្នុងប្រទេសចិនកំពុងធ្លាក់ថ្លៃ​ ហើយការវិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មីក៏អាចមានហានិភ័យដែរ។”

ការវិនិយោគអចលនទ្រព្យរបស់ចិននៅក្រៅប្រទេសមានសន្ទុះយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៧ ដែលមានទំហំទឹកប្រាក់នៃការវិនិយោគដល់ទៅជិត ១២០ ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគនាពេលនោះគឺផ្តោតលើអចលនទ្រព្យលំនៅឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។ យ៉ាងណាមិញ ទំហំទឹកប្រាក់នៃការវិនិយោគនោះបានធ្លាក់ចុះមកត្រឹមប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។

ចុះនៅកម្ពុជា អាចទាញការវិនិយោគពីចិនកម្រិតណា?

ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា ចិន​ និងការដាក់ចេញគោលនយោបាយដ៏ទាក់ទាញរបស់រដ្ឋាភិបាលកម្ពុជា ជាកត្តាដ៏សំខាន់ក្នុងកៀរគរអ្នកវិនិយោគពីចិន និងបណ្តាប្រទេសដៃគូរជាច្រើនទៀត។ ជាក់ស្តែង របាយការណ៍ធនាគារពិភពលោក បានបង្ហាញថា នៅចន្លោះឆ្នាំ ២០១៤ ដល់ខែមិថុនាឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេស ដែលទទួលបានការអនុម័តច្រើនជាងគេគឺចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយមានទុនបូកបញ្ចូលគ្នាដល់ទៅ ៥ ពាន់លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះ គឺស្មើនឹងមួយភាគបី (1/3) នៃតម្លៃគម្រោងវិនិយោគពី FDI។ ហើយចិននាំមុខគេលើការវិនិយោគវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

បើនិយាយពីការវិនិយោគអចលនទ្រព្យវិញ កម្ពុជាជាទិសដៅដ៏មានសក្តានុពលដោយសារតម្លៃអចលនទ្រព្យនៅអាចមានឱកាសទទួលបានផលចំណេញច្រើន ដែលជាក់ស្តែងតម្លៃអចលនទ្រព្យនៅភ្នំពេញមានកំណើនជាមធ្យម ១៥ ភាគរយក្នុងមួយឆ្នាំ។ ចំណែកឯ ប្រាក់ចំណេញពីការជួលប្រចាំឆ្នាំ (gross rental yield) អាចមានអត្រាចន្លោះពី ៦ ដល់ទៅ ៨​ ភាគរយក្នុងមួយឆ្នាំ ដែលអត្រានេះខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ យោងតាមការសិក្សាស្រាវជ្រាវពីស្ថានប័ន GlobalPropertyGuide បានបង្ហាញថា ការជួលខុនដូ ឬអាផាតមិនក្នុងប្រទេស សឹង្ហបុរី, វៀតណាម,  ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ទទួលបានចំណូលពីការជួលមានអត្រាចន្លោះពី ៣ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ។

កក្តាអ្វីខ្លះជំរុញឱ្យអ្នកមានជនជាតិចិនជាច្រើនទៅទិញអចលនទ្រព្យនៅក្រៅប្រទេស?

វិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សរបស់ចិនគឺក្រុមហ៊ុន Evergrande ជំពាក់បំណុលក្នុង ទំហំទឹកប្រាក់ប្រមាណ៣០០ ពាន់លានដុល្លារ ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនជំពាក់បំណុលច្រើនជាងគេនៅលើពិភពលោក បានបង្កព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។

បច្ចុប្បន្ន រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាបន្តបន្ទាប់ ​ រួមទាំងការបញ្ចេញឥណទានមានទំហំប្រាក់ប្រមាណ ១៤០ពាន់ាលានដុល្លារ ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យឡើងវិញដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច ព្រោះវិស័យអចលនទ្រព្យមានចំណែកដល់ទៅ ៣០ ភាគរយ​នៃទំហំសេដ្ឋកិច្ចរបស់ចិន។ វិធានការណ៍បន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានគេមើលឃើញថានឹងអាចស្រោចស្រង់ស្ថានការណ៍ទីផ្សារអចលនទ្រព្យឱ្យវិលទៅរកប្រក្រតីភាពឡើងវិញនាពេលដ៏ឆាប់ខាងមុខ។

យ៉ាងនេះក្តី ប្រជាជនចិនជាច្រើនហាក់បង្ហាញការបាត់បង់នូវការជឿទុកចិត្តទៅលើទីផ្សារអចលនទ្រព្យបស់ខ្លួនបន្ទាប់ពីមានការធ្លាក់ចុះជាខ្លាំង ដែលបណ្ដាលឲ្យទីផ្សារអចលនទ្រព្យជាប់គាំង ហើយគម្រោងជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ជាក់ស្តែង ក្នុងឆ្នាំ ២០២២ ទីផ្សារអចលនទ្រព្យប្រទេសចិន នៅតែមិនទាន់បង្ហាញពីសញ្ញាកើនឡើងនៅឡើយទេ​ ដោយអត្រាលក់ចេញធ្លាក់ចុះប្រមាណ ៤០ភាគរយ។ ចំណែក អ្នកទិញជាច្រើនបានធ្វើពហិការមិនបន្ត​បង់ប្រាក់ជាមួយម្ចាស់គម្រោងទៀត ព្រោះបារម្ភថា​ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះមិនអាចបញ្ជប់ការសាងសង់ឡើយ។

ម្យ៉ាងវិញទៀត ការរឹតបន្ដឹងនៃលក្ខខណ្ឌទិញ និងអភិវឌ្ឍគម្រោងលំនៅឋានរបស់រដ្ឋាភិបាលចិន ក្នុងគោលបំណងកាត់បន្ថយការឡើងថ្លៃនៃអចលនទ្រព្យលំនៅឋាន ដើម្បីបង្ករភាពងាយស្រួលក្នុងការទិញផ្ទះសម្រាប់ប្រជាជនកមធ្យម។​

ប្រជាជនចិនជាង៩០ ភាគរយ ជាម្ចាស់លំនៅឋាន ខណៈខ្ទង់ ២០ភាគរយ មានអចលនទ្រព្យលំនៅឋានលើសពីមួយ៕

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង