ចំណុចសំខាន់៖
- ប្រហែល ២លាន២សែននាក់ទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប
- ភ្ញៀវទេសចរបរទេសមកទស្សនាកម្សាន្តតំបន់ទេសចរណ៍មានប្រហែល 7% ធៀបនឹងមុនពេលផ្ទុះឡើងជំងឺកូវី១៩
- 20% នៃសណ្ឋាគារទាំងអស់ក្នុងខេត្តសៀមរាបបើកដំណើរការអាជីវកម្មឡើងវិញ
- ជើងហោះហើរពីបរទេសចូលខេត្តសៀមរាបមានចន្លោះពី១៥ ទៅ ១៦ជើង ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន
“ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរនឹងរួមចំណែកដ៍សំខាន់ចំពោះទីផ្សារអចលនទ្រព្យ ដែលនឹងជួយបង្កើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅ”
ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិទៅទស្សនាខេត្តសៀមរាបបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដែលគិតមកត្រឹមរយៈពេល១០ ខែ (មករា-តុលា) ឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរប្រមាណជិត ១លាន៨ សែននាក់ បន្ទាប់ពីរដ្ឋាភិបាលសម្រេចប្រកាសបើកទ្វារទទួលភ្ញៀវទេសចរណ៍ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍រំពឹងថាចំនួននេះ នឹងអាចកើនដល់ ជាង២លាននាក់បូកទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមដំណាច់ឆ្នាំ២០២២។ យ៉ាងណាមិញ ចំនួននេះហាក់មិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយទេ បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។
យ៉ាងនេះក្តី កំណើនភ្ញៀវទេសចរនេះហាក់បង្ហាញពីសញ្ញាវិជ្ជមានពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសសម្រាប់ខេត្តសៀមរាប ដែលនឹងរួមចំណែកស្តារកំណើនសេដ្ឋកិច្ចក្នុងខេត្តតំបន់ទេសចរណ៍វប្បធម៌-ប្រវតិ្តសាស្រ្តនេះឡើងវិញ។ ការវិលត្រលប់នៃកំណើនភ្ញៀវទេសចរជាក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍ និងអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច ខណៈដែលអំឡុងពេលកូវីដ១៩ មានសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជាង ១០០ ទីតាំងបានបង្ខំចិត្តផ្អាកដំណើរការអាជីវកម្ម។
អ្នកជំនាញវិស័យអចលនទ្រព្យបានលើកឡើងថា ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរនឹងរួមចំណែកដ៍សំខាន់ដល់ទីផ្សារអចលនទ្រព្យជាពិសេសជួយបង្កើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម និងកន្លែងស្នាក់នៅ។ ខេត្តសៀមរាបមានសណ្ឋាគារសរុបប្រមាណ ២៣០ ទីតាំង ហើយមានប្រហែល២០សណ្ឋាគារប៉ុណ្ណោះត្រូវបានរាយការណ៍ថាបានចាប់ផ្តើមអាជីវកម្មឡើងវិញកាលពីដើមឆ្នាំ ២០២២នេះ។
យោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ថា ភ្ញៀវទេសចរប្រមាណ ១លាន៨សែននាក់ បានទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលគិតចាប់ពីខែមករា មកដល់ខែតុលាឆ្នាំ២០២២ ហើយចំនួននេះបង្ហាញការកើនឡើងជិត ៩០០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ក្នុងចំណោមទាំង ១លាន ៨សែននាក់, មានប្រមាណ ១ លាន៦ សែននាក់ជាភ្ញៀវទេសចរណ៍ក្នុងស្រុក និងប្រហែល១ សែន ៧ម៉ឺននាក់ជាភ្ញៀវទេសចរបរទេស ដែលចំនួននេះស្មើនឹងប្រហែល ៧ ភាគរយប៉ុណ្ណោះ ធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺក្នុងឆ្នាំ២០១៩ ដែលនាពេលនោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសប្រហែល ២ លាន ២សែននាក់។
បើតាមក្រសួងទេសចរណ៍ បច្ចុប្បន្នជើងហោះហើរពីបរទេសចូលខេត្តសៀមរាបមានចន្លោះពី១៥ ទៅ ១៦ជើង ដោយបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចន្លោះពី ១ ៣០០ នាក់ទៅ១ ៤០០នាក់ក្នុងមួយថ្ងៃ។ ចំណែកការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ៕