បច្ចេកវិទ្យា៤នឹងចូលខ្លួនមកពង្រឹង និងអភិវឌ្ឍវិស័យវាយតម្លៃ

Torng Rotanak 30/November/2022 16:45
ចែករំលែក

ចំណុចសំខាន់៖​

  • ប្រព័ន្ធទិន្នន័យទំហំធំ
  • បំណកស្រាយទិន្នន័យ
  • បច្ចេកវិទ្យាស្វ័យប្រវត្តិ
  • ផ្លេហ្វមវាយតម្លៃអចលនទ្រព្យឆ្លាតវៃ
  • សារសំខាន់នៃការវាយតម្លៃបានត្រឹមត្រូវ ចំពោះទីផ្សារឥណទាន និងលទ្ធភាពនៃការសងត្រលប់

សេវាវាយតម្លៃដែលជាតួអង្គដ៏សំខាន់មួយក្នុងវិស័យអចលនទ្រព្យ នឹងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសាការសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យានានុវត្តន៍ថ្មីៗ ដែលកត្តានេះនឹងជំរុញប្រសិទ្ធភាពនៃការសម្រេចចិត្តវិនិយោគកាន់តែល្អប្រសើរ ផ្តល់ភាពលឿនរហ័ស និងបង្កើនទំនុកចិត្តទីផ្សារកាន់តែខ្លាំងបន្ថែមទៀត។

យោងតាមការសិក្សារបស់ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានកត់សម្គាល់ពីវត្តមាននៃបច្ចេកវិទ្យាធំៗ៤ ដែលអាចមានឥទ្ធិពលដ៏សំខាន់ដល់ប្រតិបត្តិការសម្រាប់វិស័យវាយតម្លៃ។

ទិន្នន័យទំហំធំ (Big Data)

ជាបណ្ដុំទិន្នន័យដ៏ធំមួយមានផ្ទុកទៅដោយទិន្នន័យជាច្រើនដែលប្រមូលបានពីអ្នកប្រើប្រាស់អ៊ិនធើណិត និងបណ្ដាញសង្គមផ្សេងៗ។ ទិន្នន័យនេះផងដែរ និងជួយឲ្យការវាយតម្លៃអចលនទ្រព្យកាន់តែងាយស្រួល និងច្បាស់លាស់។ ជាងនេះទៅទៀត Big dataអាចអនុញ្ញត្តឲ្យក្រុមអ្នកវាយតម្លៃអចលនវត្ថុអាច​ប៉ាន់ស្មានពីតម្លៃរបស់អចលនវត្ថុទាំងក្នុងបច្ចុប្បន្ន និងអនាគត។

នៅកម្ពុជា,​ មានក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត និងប្រព័ន្ធទិន្នន័យទំហំធំ ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានសហការជាមួយក្រុមហ៊ុនអាមេរិក The​ DevMastersដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យខ្នាតធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ តាម​រយៈការប្រើប្រាស់បច្ចេកវិទ្យា AI ក្រុមហ៊ុនធ្លាប់បានគូសបញ្ជាក់ថានឹងជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយប្រាជ្ញាសិប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និង ប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ។

បំណកស្រាយទិន្នន័យ​ (interpreting data)

ការបកស្រាយទិន្នន័យចង់សំដៅដល់ ការសិក្សា និងវិភាគរលើទិន្នន័យដែលទទួលបានពីប្រភពណាមួយ (ឧទាហរណ៍ ទិន្នន័យទំហំធំ) ដើម្បីជួយឲ្យក្រុមហ៊ុន ឬអាជីកម្មក្នុងការសម្រេចណាមួយ ក្នុងន័យអភិវឌ្ឍក្រុមហ៊ុនរបស់គេ។  ប្រៀបដូចជាការប្រមែប្រមូល​ទិន្នន័យពីវេបសាយមួយ ហើយយកមកសិក្សារដើម្បីធ្វើយុទ្ធសាស្រ្ដទីផ្សារឲ្យចំគោលដៅ។ បច្ចេកវិទ្យានេះ និងជួយឲ្យអ្នកវាយតម្លៃអចលនទ្រព្យ អាចផ្ដល់នូវការណែនាំជឿនលឿនទៅតាមសម័យកាល និងនិន្នាការរបស់ទីផ្សារអចលនទ្រព្យ។ ការអភិវឌ្ឍផ្លេហ្វមដែលអាចបកស្រាយទិន្នន័យប្រកបដោយប្រសិទ្ធភាព អមជាមួយការបណ្ដុះបណ្ដាលអ្នកវាយតម្លៃអចលនវត្ថុឲ្យចេះ វិភាគទិន្នន័យ នឹងធានាបាននូវលទ្ធផលវាយតម្លៃប្រកបដោយទំនុកចិត្ត។

បច្ចេកវិទ្យាស្វ័យប្រវត្តិ ( Automated Technology)

កំណើននៃការប្រើប្រាស់ទិន្នន័យបូករួម​នឹង ការកើនឡើងនៃចំនួនទិន្នន័យបានជំរុញឲ្យមានការអភិវឌ្ឍម៉ាស៊ីន ដែលមានតម្រូវការ ការបញ្ជារពីមនុស្សតិចតួច។ កត្តានេះបានជំរុញឲ្យមានការអភិវឌ្ឍ ម៉ាស៊ីនវាយតម្លៃស្វ័យប្រវត្តិ (ឬ Automated Valuation Models)។បច្ចេកវិទ្យានេះធ្វើការវាយតម្លៃអចលនទ្រព្យដោយផ្អែកទៅលើទិន្នន័យបានមកពីកត្តាសេដ្ឋកិច្ចនិងសង្គម និងប្រតិបត្តការក្នុងវិស័យអចលនទ្រព្យ។

ផ្លេហ្វមវាយតម្លៃអចលនទ្រព្យឆ្លាតវៃ (Intelligent Valuation Platforms) 

នៅពេលដែលតម្រូវការ ការវាយតម្លៃអចលនទ្រព្យមានកំណើនច្រើនឡើង នោះតម្រូវការ ការប្រើប្រាស់ផ្លេតហ្វមដើម្បីវាយតម្លៃក៏នឹងកើនឡើងដូចគ្នាដែរ។ ផ្លេតហ្វមវាយតម្លៃមានលទ្ធភាពផ្ដល់នូវមុខងារត្រួតពិនិត្យបានកាន់តែច្រើនបែប និងកាន់តែប្រសើរជាងមុន ហើយអនុញ្ញត្តឲ្យអ្នកជំនាញអាចធ្វើការវាតម្លៃបានត្រឹមត្រូវបន្ថែមទៀត។

សម្រាប់បរិបថនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុន  Vtrust Appraisalបានអភិវឌ្ឍន៍និងដាក់ឱ្យ​ប្រើប្រាស់ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យតាមបែបឌីជីថលដំបូងគេនៅកម្ពុជា។ ផ្លេតហ្វមនេះមានឈ្មោះថា Indication Plus ដែលជាសេវាវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ ចងជាប្រព័ន្ឋរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។

ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យតាមឌីជីថលដំបូងគេនៅកម្ពុជាមួយនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលប្រើ និងស្នើបានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័ស ប្រកបដោយទំនុកចិត្តខ្ពស់ សុវត្ថិភាព ហើយថែមទាំងអាចដឹងពីតម្លៃអចលនទ្រព្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។

យោងតាមការបញ្ជាក់ពីអ្នកជំនាញ ការ​មាន​សេវា​​​វាយ​តម្លៃ​​អចលន​ទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់​ មាន​តម្លា​ភាព និងវិសាលភាព​ទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ​ដោយសារតែ ​​​អ្នកទទួលកម្ចីទាំងអស់​ដែលដាក់ទ្រព្យជាវត្ថុធានា​ នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និង​លទ្ធភាពអាចសងត្រទ្បប់វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាច​​ធ្វើការវាយតម្លៃពីលទ្ធ​ភាព​របស់អតិថិជន​បានត្រឹមត្រូវ​ និងចៀសវាងហានិភ័យនានា។

អត្ថបទ៖ កែម ស្រីណែត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង