កំពត៖ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហាញការពេញចិត្តចំពោះមុខមាត់ថ្មីរបស់ខេត្តកំពត ហើយបានបញ្ជាក់ថាខេត្តជាប់សមុទ្រមួយនេះកំពុងក្លាយជាគោលដៅវិនិយោគ និង ទេសចរដ៏សំខាន់ថ្មីមួយរបស់កម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសម្ពោធបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពតនាថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាខេត្តកំពតកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពីខេត្តដែលមានការអភិវឌ្ឍតិចជាងគេកាលពីឆ្នាំ២០០៧ រហូតក្លាយជាទិសដៅថ្មីសម្រាប់ការវិនិយោគ និង ទេសចរ។

សម្តេចថ្លែងថា៖«ខេត្តកំពតកំពុងតែឈានឡើង។ យើងកំពុងមើលឃើញខេត្តកំពតមានការរីកធំធាត់ឡើង ទាំងអគារ និងវិស័យសំណង់ផ្សេងទៀត»។ សម្តេចបន្តថា៖«ខ្ញុំសង្ឃឹមថាអ្នកដឹកនាំខេត្តកំពតជាបន្តបន្ទាប់ (ទាំងអ្នកមុន ទាំងពេលនេះ នឹងទៅអនាគត) នឹងបន្តជំហានដ៏ស្វាហាប់ដើម្បីធ្វើឲ្យទឹកដីខេត្តកំពតរបស់យើង ក្លាយជាទឹកដីនៃការអភិវឌ្ឍ»។
បុណ្យសមុទ្រលើកទី៨ក្នុងជុំទី២ នៅខេត្តកំពត ដែលប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ បានបញ្ចប់កាលពីថ្ងៃ ទី២២ ធ្នូ ដោយមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៩០ម៉ឺននាក់។
ពិធីបុណ្យសមុទ្រឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍន៍ទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ និងផលិតផលទេសចរណ៍ផ្សេងទៀត។

ក្រុមហ៊ុន Forest Harmony Co, Ltd ដែលបោះទុនវិនិយោគ ១៨លានដុល្លារអាមេរិក ដើម្បីសាងសង់វីឡាលំហែរកាយនៅលើផ្ទៃដីជាង១៣ហិកតាក្បែរទីក្រុងកំពត ក៏បាននាំយកគម្រោងមួយនេះទៅតាំងបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Forest Harmony Co., Ltd គម្រោង Forest Harmony Luxury Holiday Villas មានផ្ទះសរុបចំនួន៩០ ដោយផ្ទះនីមួយៗមានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួន ជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។
លើសពីនេះគំរោង Forest Harmony Luxury Holiday Villas ក៏រួមបញ្ជូលនូវទីលានវាយតេន្នីស តារាងបាល់ទាត់ និងទីលានលេងកីឡាផ្សេងៗទៀត។
គម្រោង Forest Harmony កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយខេត្តកំពតឲ្យកាន់តែមានភាពរីកចម្រើន និងពង្រីកវិសាលភាពរបស់ខ្លួនមួយកម្រិតទៀត។




