ចំណុចសំខាន់៖
- ស្វែងយល់ពីដំណាក់កាលនៃការវិវត្តទីផ្សារអចលនទ្រព្យទាំង ៤ ដំណាក់កាល
- ទិញនៅដំណាក់កាលទី១ លក់ចេញនៅដំណាក់កាលទី២។ ចំណែកដំណាក់កាលទី៣ និងទី៤ ជាពេលដែលត្រូវប្រមាញ់រកមើលអចលនទ្រព្យសក្តានុពល
- រើសពេលវេលាត្រូវ ហើយទិញចំទីតាំងល្អ ទើបចំណេញបានច្រើន
“មិនមែនតែទីតាំងតែម្យ៉ាងនោះទេ ពោលគឺរើស “ពេលវេលា” ត្រូវទៅវិញទេដែលអាចបង្កើតផលចំណេញបានច្រើន”
ទីតាំង ត្រូវបានគេចាត់ទុកថា ជាកត្តាស្លាប់រស់នៅពេលដែលនិយាយពីការវិនិយោគអចលនទ្រព្យ ដោយហេតុថា តម្លៃអចលនទ្រព្យអាចបង្កើតផលចំណេញតិច ឬច្រើន គឺអាស្រ័យលើសក្តានុពនៃទីតាំងអចលនទ្រព្យនោះ។ យ៉ាងណាមិញ វិនិយោគិនអចលនទ្រព្យអន្តរជាតិយល់ឃើញថា មិនមែនតែទីតាំងតែម្យ៉ាងនោះទេ ពោលគឺរើស “ពេលវេលា” ត្រូវទៅវិញទេដែលអាចបង្កើតផលចំណេញបានច្រើន។
លោក Robert Kiyosaki ដែលជាវិនិយោគិន និងអ្នកនិពន្ធហិរញ្ញវត្ថុ និងវិនិយោគដ៏ល្បីល្បាញមួយរូប បានលើកឡើងនៅក្នុងសៀវភៅ “The Real Book of Real Estate” ដោយបញ្ជាក់ថា ពេលវេលា គឺជាកត្តាដ៏សំខាន់សំខាន់បំផុតមួយក្នុងការវិនិយោគអចលនទ្រព្យ ព្រោះការសម្រេចចិត្តវិនិយោគត្រូវនឹងពេលវេលា ជួយឲ្យអ្នកទទួលបានផលចំណេញខ្ពស់ និងជៀសវាងឧបសគ្គផ្សេងៗផងដែរ។
ពេលវេលា ដែលលោក Robert បានលើកឡើងនេះគឺសំដៅទៅលើការស្វែងយល់ពីវដ្តទាំង៤ដំណាក់កាលនៃវិស័យអចលនទ្រព្យ៖
1/ ដំណាក់កាលនៃការងើបឡើងវិញ
នៅក្នុងដំណាក់កាលនេះ គឺលោកចង់សំដៅដល់ពេលមួយបន្ទាប់ពីអចលនទ្រព្យធ្លាក់ដល់បាតរួច ចាប់ផ្ដើមងើបឡើងវិញសន្សឹមៗ ហើយជាទូទៅអ្វីដែលគេឃើញមាននៅក្នុងដំណាក់កាលនេះមានដូចជា ចំនួនអ្នកទិញ និងជួលមានការធ្លាក់ចុះ ហើយអចលនទ្រព្យនៅទំនេរ ហើយទីតាំងសក្តានុពលក៏មានច្រើន ដែលបង្កើតបានជម្រើស និងអំណាចនៃការចរចារជាមួយម្ចាស់ទ្រព្យ។ យ៉ាងណាមិញ ការវិនិយោគក្នុងដំណាក់កាលនេះ ជាការវិនិយោគប្រកបដោយការតាំងចិត្តខ្ពស់មួយ ដ្បិតថាអ្នកអាចនឹងត្រូវរង់ចាំយូរបន្ដិចមុននឹងអាចលក់ ឬជួលអចលនទ្រព្យនោះ។
2/ ដំណាក់កាលពង្រីក
ក្នុងដំណាក់កាលនេះ គេសង្កេតឃើញថា ចំនួនអចលនទ្រព្យជួលកាន់តែមានតម្រូវការ ហើយតម្លៃជួលកាន់តែឡើងថ្លៃ។ នេះជាពេលវេលាល្អបំផុតក្នុងការរៀបចំអចលនទ្រព្យទុកសម្រាប់ដាក់ជួល ដោយសារតែម្ចាស់អចលនទ្រព្យអាចកំណត់តម្លៃថ្លៃជាងធម្មតាបាន។ ការសម្រេចលក់អចលនទ្រព្យចេញនូវពេលនេះ អាចជៀសវាងពីការខាតនៅពេលក្រោយ ព្រោះទីផ្សារអចលនទ្រព្យប្រែប្រួលឥតទៀងទាត់នោះទេ។
3/ ការធ្លាក់ចុះដំណាក់កាលលើកដំបូង និងដំណាក់កាលដាំក្បាល់ចុះ
ការធ្លាក់ចុះដំណាក់កាលលើកដំបូង កើតឡើងនៅពេលដែលតម្លៃឡើងដល់កម្រិតកំពូល ហើយជាទូទៅ ក្នុងដំណាក់កាលនេះ តម្លៃអាចរក្សាថេរ ហើយគម្រោងសាងសង់ថ្មីកំពុងតែចាប់ផ្ដើម ដែលអាចធ្វើឲ្យអាត្រានៃការផ្គត់ផ្គង់មានច្រើនលើសពីតម្រូវការក្នុងទីផ្សារ។ ទន្ទឹមនឹងនោះ អាត្រាអ្នកជួលផ្ទះក៏មានការកើនឡើងដែរ។ យ៉ាងណាមិញ នេះមិនមែនជាពេលវេលាល្អសម្រាប់ទិញអចលនទ្រព្យឡើយ។
ដំណាក់កាលដាំក្បាល់ចុះ
ស្ថិតក្នុងដំណាក់កាលនេះ តម្លៃអចលនទ្រព្យនឹងបន្ដធ្លាក់ចុះ ស្របពេលដែលការសាងសង់គម្រោងត្រូវផ្អាក។ ម្ចាស់អចលនទ្រព្យជាច្រើនសម្រេចលក់អចលនទ្រព្យក្នុងតម្លៃទាបជាងទីផ្សារ។
4/ ដំណាក់កាលធ្លាក់ដល់បាត
តម្លៃអចលនទ្រព្យនឹងនៅតែបន្ដធ្លាក់ចុះ ហើយម្ចាស់អចលនទ្រព្យនឹងកាន់តែចង់លក់អចលនទ្រព្យចេញដែលជាសញ្ញាវិជ្ជមានសម្រាប់អ្នកត្រៀមវិនិយោគក្នុងវិស័យនេះ ព្រោះបន្ទាប់ពីវដ្ដនេះបញ្ចប់ទៅ វានឹងវិលទៅរកដំណាក់កាលងើបឡើងវិញរជាថ្មីម្ដងទៀត។
ជារួមលោក Robert Kiyosaki បានលើកទឹកចិត្តដល់វិនិយោគអចលនទ្រព្យ គួរចាប់យកឱកាសទិញអចលនទ្រព្យក្នុងដំណាក់កាលទី១ ហើយលក់ចេញវិញនៅពេលទីផ្សារអចលនទ្រព្យឈានដល់ដំណាក់កាលទី២។ ចំណែកដំណាក់កាលទី៣ ទី៤ មិនមែនជាពេលដែលត្រូវទិញអចលនទ្រព្យឡើយ ដោយលោកបានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលទាំងពីរនេះ គឺជាពេលវេលា ត្រូវដើរមើលអចលនទ្រព្យដែលមានសក្តានុពលឱ្យបានច្រើនជម្រើស។ ហើយបន្ទាប់មក គួរសម្រេចចិត្តទិញ ពេលដែលទីផ្សារអចលនទ្រព្យចាប់ផ្តើមវិលទៅរកដំំណាក់កាលទី១វិញ។
អត្ថបទ៖ កែម ស្រីណែត