ការទិញ លក់អចលនទ្រព្យនៅក្រោយស្ថានភាពកូវីដ-១៩

Admin 24/November/2022 13:21
ចែករំលែក

ចំណុចសំខាន់៖ 

  • អចលនទ្រព្យជាច្រើនបានដាក់លក់ មានទាំងទីតាំងល្អៗ និងផ្តល់លក្ខណ្ឌបង់ប្រាក់បត់បែន
  • ការដោះដូរអចលនទ្រព្យនៅភ្នំពេញយ៉ាងហោចណាស់មានចន្លោះពី ៨០០ ទៅ ១ ០០០ ប្រតិបត្តិការក្នុងមួយខែ
  • តម្លៃអចលនទ្រព្យមិនទាន់បង្ហាញសញ្ញាវិជ្ជមាននៅឡើយទេ ដោយប្រភេទអចលនទ្រព្យខ្លះធ្លាក់ចុះយ៉ាងហោចណាស់ ៤ ភាគរយ

“ចាប់ពីដើមឆ្នាំ២០២២ យើងសង្កេតឃើញថា តម្លៃអចលនទ្រព្យនៅរក្សាតម្លៃសមរម្យ ហើយអ្នកវិនិយោគសក្តានុពលមួយចំនួនបានចាប់យកឱកាសនេះធ្វើការវិនិយោគ ហើយជ្រើសរើសយកទីតាំងល្អៗ និងលក្ខណ្ឌបង់ប្រាក់មានភាពបត់បែន”

សកម្មភាពទិញ លក់ អចលនទ្រព្យនៅក្រោយស្ថានភាពកូវីដ-19 ហាក់មិនទាន់បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៅឡើយទេ តែអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា ទីផ្សារអចលនទ្រព្យបានបង្ហាញសញ្ញាវិជ្ជមានច្រើន​ ដោយសារកំណើនសេដ្ឋកិច្ច និងការងើបឡើងវិញនៃរំហូរវិនិយោគនៅកម្ពុជា។

អគ្គនាយិកា Century 21 Cambodia អ្នកស្រី ហ្គ្រេស រចនីហ្វុង ថ្លែងក្នុងកិច្ចពិភាក្សាកម្មវិថីអចលនទ្រព្យរបស់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានលើកឡើងថា ម្ចាស់គម្រោងជាច្រើនបានចាប់ផ្តើមដំណើរសាងសង់ថ្មីៗបន្ថែមទៀត ដែលឆ្លុះបញ្ជាំងពីភាពវិជ្ជមាន និងទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារ។ ​

អ្នកស្រីថ្លែងថា៖ “ចាប់ពីដើមឆ្នាំ២០២២ យើងសង្កេតឃើញថា តម្លៃអចលនទ្រព្យនៅរក្សាតម្លៃសមរម្យ ហើយអ្នកវិនិយោគសក្តានុពលមួយចំនួនបានចាប់យកឱកាសនេះធ្វើការវិនិយោគ ហើយជ្រើសរើសយកទីតាំងល្អៗ និងលក្ខណ្ឌបង់ប្រាក់មានភាពបត់បែន”។

ក្នុងអំឡុង និងនៅក្រោយកូវីដ-១៩ អចលនទ្រព្យជាច្រើន ជាពិសេសប្រភេទលំនៅឋាន បានលើកផ្លាកប៉ានណូលក់ ហើយមួយចំនួនប្រកាសដាក់តម្លៃក្រោមទីផ្សារ តែអ្នកទិញមានតិចតូច ដែលការផ្គត់ផ្គង់ហាក់មិនឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង។​ មូលហេតុដែលអចលនទ្រព្យដាក់លក់ច្រើន អាចដោយសារតែម្ចាស់ទ្រព្យត្រូវការទុនបង្វិលសាច់ប្រាក់ ព្រោះប្រភេទអាជីវកម្មខ្លះរងផលប៉ះពាល់ដោយសារកូវីដ-១៩។

តម្លៃអចលនទ្រព្យនៅមិនទាន់សញ្ញាវិជ្ជមាននៅឡើយទេគិតមកត្រឹមចុងឆ្នាំ២០២២នេះ។ ជាក់ស្តែង​ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ទីផ្សារតម្លៃលំនៅឋានដែលគិតតែ​បណ្តុំបុរីមានតម្លៃ​ជាមធ្យមចន្លោះពី  $900 ដល់ $2,200 ក្នុងមួយម៉ែតការ៉េ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២។​ តម្លៃនេះបង្ហាញការថមថយចន្លោះពី (-) 0.4% ទៅ​ (-) 4% បើធៀប ត្រីមាសទី១ ឆ្នាំ២០២០។ ប្រភពដដែលបង្ហាញទៀតថា គម្រោងលំនៅឋានថ្មីៗសរុប ១៩០ គម្រោងកំពុងបន្តដំណើរការសាងសង់ ដែលគម្រោងទាំងនេះបូកបញ្ចូលគ្នាមានប្រមាណ  ៧ម៉ឺនយូនីត។

យ៉ាងណាមិញ បើយោងតាមសន្ទស្សន៍ថ្លៃលំនៅឋានរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា លំនៅឋាននៅភ្នំពេញជាមធ្យម ១១ម៉ឺន ដុល្លារ ក្នុងមួយខ្នងគិតត្រឹមខែ សីហា ឆ្នាំ២០២២។ តម្លៃនេះបង្ហាញការកើនឡើងយ៉ាងហោចណាស់ ១៥ ភាគរយ បើធៀបនឹងឆ្នាំ២០២០។ 
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យ​ ដោយសារកំណើនសេដ្ឋកិច្ច ការដោះពាណិជ្ជកម្ម និងរំហូរវិនិយោគនៅកម្ពុជា ដែលកត្តាទាំងនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានកំណើនទិញ លក់អចលនទ្រព្យនៅកម្ពុជា។

បើតាមលោកសុខនីម ការទិញលក់អចលនទ្រព្យ ដែលគិតតែរាជធានីភ្នំពេញអាចមានចន្លោះពី ៨០០ ទៅ ១០០០ ប្រតិបត្តិការក្នុងមួយខែ ឬជាមធ្យមប្រហែល ១ម៉ឺនប្រតិបត្តិការក្នុងមួយឆ្នាំ ខណៈក្រុមហ៊ុនអចលនទ្រព្យខ្លះបានប៉ាន់ប្រមាណថានៅមុនពេលផ្ទុះឡើងកូវីដ-19 យ៉ាងហោចណាស់ការទិញលក់ អចលនទ្រព្យសម្រេចបានចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺនប្រតិបត្តិការក្នុងមួយឆ្នាំ៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង