ផ្លេតហ្វមឌីជីថលសម្រាប់ភ្នាក់ងារអចលនទ្រព្យ ឬហៅថា REAP (Real Estate Agency Platform) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីផ្តល់ជាដំណោះស្រាយថ្មីមួយដល់ភ្នាក់ងារអចលនទ្រព្យក្នុងការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ងាយស្រួលក្នុងការគ្រប់គ្រង និងជួយបង្កើនប្រសិទ្ធភាពទិញ លក់អចលនទ្រព្យបានកាន់តែលឿនរហ័ស។
ការដាក់ឱ្យប្រើប្រាស់ផ្លេតហ្វមឌីជីថល REAP ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Le Royal។ REAP ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Z1 Flexible Solution ដែលជាក្រុមហ៊ុនជំនាញផ្នែកអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថល ហើយក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ គឺជាផ្នែកមួយនៃអ៊ីកូស៊ីស្តឹមរបស់ក្រុមហ៊ុន Zillennium Group ដែលជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។
REAP គឺជាថ្នាលបច្ចេកវិទ្យាឌីជីថល (ឬផ្លេតហ្វម) ថ្មីមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួលការងារដល់ភ្នាក់ងារអចលនទ្រព្យ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាមដានពីដំណើរការទិញ-លក់ អចលនទ្រព្យ, ងាយស្រួលក្នុងការរក្សាការទំនាក់ទំនងជាមួយម្ចាស់ទ្រព្យ និងជំរុញប្រតិបត្តិការទិញ-លក់បានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់ បើធៀបនឹងដំណើរការទិញ-លក់តាមបែបធម្មតា។ REAP មិនត្រឹមតែជាដំណោះស្រាយសម្រាប់ទីផ្សារអចលនទ្រព្យប៉ុណ្ណោះទេ តែនឹងក្លាយជាការរួមចំណែកដ៏សំខាន់ស្របតាមចក្ខុវិស័យរដ្ឋាភិបាលដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនាពេលដ៏ឆាប់ខាងមុខនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Z1 Flexible Solution លោក សុង ហេង បានលើកឡើងថា៖ “ផ្លេតហ្វមឌីជីថលសម្រាប់ភ្នាក់ងារអចលនទ្រព្យ គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលនឹងតួរនាទីយ៉ាងសំខាន់ក្នុងបំពេញនូវការខ្វះចន្លោះនាពេលកន្លងមក ដើម្បីជួយម្រួលការងារដល់ភ្នាក់ងារអចលនទ្រព្យក្នុងការគ្រប់គ្រងទិន្នន័យ និងដំណើរការទិញ-លក់ ព្រមទាំងបង្កើនផលិតភាពការងារប្រចាំថ្ងៃរបស់ភ្នាក់ងារអចលនទ្រព្យផងដែរ។”

នាយកប្រតិបត្តិក្រុមហ៊ុន Z1 Flexible Solution លោក សុង ហេង ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ រូបភាព៖ Z1News
បើតាមលោក សុង ហេង បច្ចុប្បន្នមានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗចំនួន ៤ ដូចជាក្រុមហ៊ុន Century 21 Cambodia, ក្រុមហ៊ុន Century 21 Zillion Holding, ក្រុមហ៊ុន Coldwell Banker និងក្រុមហ៊ុន ERA Cambodia ដែលកំពុងប្រើប្រាស់ផ្លេតហ្វមនេះ ហើយគ្រោងនឹងបើកឱ្យប្រើប្រាស់ទូលំទូលាយដល់ភ្នាក់ងារអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើន បានសារទរចំពោះសមិទ្ធិផលនៃប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដោយចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ក្នុងអភិវឌ្ឍទីផ្សារអចលនទ្រព្យ ស្របតាមបរិបថសេដ្ឋកិច្ចដែលកំពុងសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
លោកច្រឹកសុខ នីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា៖ “ការសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបង្ហាញការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយវត្តមាន REAP គឺជាផ្លេតហ្វមដ៏មានសក្តានុពលមួយទាំងពេលបច្ចុប្បន្ន និងអនាគតក្នុងការផ្លាស់ប្រែពីការទិញ លក់តាមបែបធម្មតា ជំនួសដោយការប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យា។” បច្ចុប្បន្នសមាគម មានក្រុមហ៊ុនជាសមាជិកជាង ១៣០ ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះផ្តោតលើសេវាកម្មវាយតម្លៃ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ។ បើតាមលោក សុខ នីម សមាគមបានណែនាំទៅដល់សមាជិកមួយចំនួនដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ផ្លេតហ្វមឌីជីថលថ្មីនេះ។

លោកច្រឹកសុខ នីម ប្រធានសមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ រូបភាព៖ Z1News
ក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅលើពិភពលោកកំពុងទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកឌីជីថលនេះ។ ជាក់ស្តែង ៩៨ ភាគរយនៃបណ្តាញក្រុមហ៊ុន Century 21 នៅលើពិភពលោក បានប្រើប្រាស់ផ្លេតហ្វមឌីជីថលដើម្បីជំរុញប្រតិបត្តិការទិញលក់អចលនទ្រព្យ។
អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ដែលបានចូលរួមជាវាគ្មិនកិត្តយសក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ផ្លេតហ្វមឌីជីថល REAP បានលើកឡើងថា៖ “រហូតមកបច្ចុប្បន្ន ភ្នាក់ងារអចលនទ្រព្យដែលប្រតិបត្តិការក្រោមស្លាកយីហោ Century 21 Cambodia មានចំនួនជាង១ពាន់នាក់ ដែលមួយចំនួនកំពុងប្រើប្រាស់ផ្លេតហ្វមឌីជីថលរួចទៅហើយ ហើយក្រុមហ៊ុននឹងបន្តលើកទឹកចិត្តដល់ភ្នាក់ងារអចលនទ្រព្យបន្ថែមទៀតដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់ផ្លេតហ្វមឌីជីថលនេះ។”

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia។ រូបភាព៖ Z1News
បើតាមអ្នកស្រី ហ្គ្រេសរចនី បានបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រតិបត្តិការទិញ លក់ ដោយផ្អែកលើការស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញ ដែលក្នុងនោះគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជំរុញការលក់ដល់ទៅជាង៥០ ភាគរយ៕