ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យកូរ៉េ គ្រោងបង្កើនការវិនិយោគផ្តោតលើវិស័យអប់រំបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

Admin 20/October/2022 17:45
ចែករំលែក

ក្រុមហ៊ុន ប៊ូ យុង គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខមួយនៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីបំណងនៃការបង្កើនវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យអប់រំដើម្បីរួមចំណែកប្រែក្លាយកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ស្របពេលការរីកចម្រើននៃបដិវត្តន៍ឧស្សាហកម្មទី៤។

ការបង្ហាញបំណងវិនិយោគលើស្ថាប័នអប់រំវិស័យបច្ចេកវិទ្យារបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោក Lee Joong Keun ស្ថាបនិកក្រុមហ៊ុន  ប៊ូ យុង គ្រុប និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមួយរូបនៅកូរ៉េខាងត្បូង។

ឯកឧត្តម អូន ពន្ធមុន្នរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Lee Joong Keun ក្នុងជំនួបកិច្ចពិភាក្សា។​ រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅក្នុងជំនួបកិច្ចពិភាក្សានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារៈសំខាន់នៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថលក្នុងការជួយរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានស្នើដល់ក្រុមហ៊ុន ប៊ូ យុង គ្រុប ពិនិត្យលទ្ធភាពលើការវិនិយោគ និងផ្តល់ការគំាទ្រវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា។ ឆ្លើយតបនឹងសំណើរនេះ លោក Lee Joong Keun បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក នឹងពិនិត្យលទ្ធភាពក្នុងការបើកសកលវិទ្យាល័យពន្ធដារ និង FinTech ដើម្បីរួមចំណែកបង្កើតជំនាញឌីជីថលដល់យុវជននៅកម្ពុជា។

បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬជាភាសាអង់គ្លេស FinTech សំដៅលើបច្ចេកវិទ្យាដែលនៅក្នុងឧស្សាហកម្មមួយផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អ្នកប្រើប្រាស់ ហើយបច្ចេកវិទ្យានេះក៏កំពុងមានការពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននោះគឺការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ។​

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការទូទាត់តាមប្រព័ន្ធអេឡិត្រូនិច (ឬ E-payment) មានទំហំទឹកប្រាក់ដល់ទៅជាង ១០០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ កើនឡើងជាង ៣០ ភាគរយ​ធៀបនឹងឆ្នាំ២០២០។

ទន្ទឹមគ្នានេះ មានក្រុមហ៊ុនខ្លះបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា FinTech រួចទៅហើយក្នុងការផ្តល់កម្ចីអចលនទ្រព្យ។ នៅពេលអនាគត ដំណោះស្រាយនៃការផ្តល់កម្ចីអចលនទ្រព្យតាម​គ្រឹះស្ថានធនាគារអាចកាន់តែទំនើប ព្រោះបច្ចេកវិទ្យានេះអាចឆែកមើលពីព័ត៌មានឥណទាន និងប្រវត្តិបំណុលរបស់អ្នកស្នើសុំកម្ចី ហើយថែមទាំងអាចអនុម័តការផ្តល់កម្ចីក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

ប៊ូ យុង គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅកម្ពុជាមានដូចជា​ គម្រោង ប៊ូយ៉ុងថោនដែលមានទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរូស្សី និងបណ្តុំបុរីមួយកន្លែងទៀត ស្ថិតក្នុងតំបន់ផ្សារទំនើប AEON2 ក្នុងខណ្ឌសែនសុខ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង