ចំណុចសំខាន់៖
- Indication Plus ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណពេញលេញដោយស្វ័យប្រវត្តិ
- ជាមធ្យមមានប្រហែល២០០០ អចលនទ្រព្យត្រូវបានវាយតម្លៃតាមរយៈផ្លេតហ្វម Indication Plus ជារៀងរាល់ថ្ងៃ
- ក្នុងចំណោមឥណទានសរុបនៅក្នុងវិស័យហិរញ្ញវត្ថុ មានជាង ៥០ ភាគរយគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ ជាដីធ្លី និងផ្ទះសម្បែង
- ឥណទានអចលនទ្រព្យមានចំណែកដល់ទៅ ៥៤ ភាគរយ នៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជាប្រមាណ ១៣ ពាន់លានដុល្លារ ដែលគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២២
ការចុះកិច្ចព្រមព្រៀងនេះគឺដើម្បីផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមកម្មវិធីវាយតម្លៃអចលនទ្រព្យ INDICATION PLUS ដល់សមាជិកក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលមានគ្រឹះស្ថានហិរញ្ញវត្ថុជិត ២០០ ជាសមាជិក ដើម្បីវាយតម្លៃអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងអាចគ្រប់គ្រងហានិភ័យឥណទានបានប្រកបដោយប្រសិទ្ធភាព
ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) បានសម្រេចការចុះកិច្ចព្រមព្រៀងលើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន ផ្លឹស (Indication Plus) ដែលអាចឱ្យសមាជិកក្រុមហ៊ុន ស៊ីប៊ីស៊ី ប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពវាយតម្លៃអចលនទ្រព្យ និងគ្រប់គ្រងហានិភ័យឥណទាន។
ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងនេះនៅថ្ងៃសុក្រទី ៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចុះ ហត្ថលេខារវាងលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំធ្វើឡើងក្នុងកម្មវិធីគម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ដែលមកពីវិស័យធនាគារ ហិរញ្ញវត្ថុ និងអចលនទ្រព្យ។
ការសម្រេចកិច្ចព្រមព្រៀងនាពេលនេះ នឹងអនុញ្ញាតដល់សមាជិកទាំងអស់របស់ក្រុមហ៊ុន ស៊ីប៊ីស៊ី ដែលមានប្រមាណ២០០ ស្ថាប័ន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ អាចប្រើប្រាស់ ផ្លេតហ្វមអ៊ីនឌីខេសិន ផ្លឹស (Indication Plus) ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានាដើម្បីស្នើកម្ចីបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជាប្រកបដោយសុក្រឹតភាព តម្លាភាព និងភាពឆាប់រហ័ស។ ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន ផ្លឹស ជាសេវាវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យទាំងសង្ខេប និងពេញលេញដោយស្វ័យប្រវត្តិតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។
លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានលើកឡើងថា ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយតម្លាភាព ឆាប់រហ័ស និងគុណភាពគួរឱ្យទុកចិត្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុម័តឥណទានឱ្យបានត្រឹមត្រូវ ព្រោះថាអ្នកទទួលកម្ចីអាចទទួលបានកម្ចីសមនឹងតម្លៃទ្រព្យដែលបានដាក់ធានានិងលទ្ធភាពសងជាក់ស្តែង ហើយស្ថាប័ន ផ្តល់កម្ចីអាចគ្រប់គ្រងហានិភ័យបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
លោកថ្លែងថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់ក្នុងការរួមចំណែកកសាងសង្គមសេដ្ឋកិច្ចឌីជីថល ដោយជំរុញការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមបច្ចេកវិទ្យាឌីជីថល ស្របតាមបរិបថនៃការរីកចម្រើនបចេ្ចកវិទ្យាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីជំរុញនិងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល
ចាប់តាំងពីផ្លេតហ្វម អ៉ីនឌីខេសិនផ្លឹស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២១មក ផ្លេតហ្វមឌីជីថលដ៏ទំនើបមួយនេះបានផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យប្រមាណ ១លានអចលនទ្រព្យ ឬជាមធ្យមមានប្រហែល២០០០ អចលនទ្រព្យត្រូវបានវាយតម្លៃតាមរយៈផ្លេតហ្វម អ៉ីនឌីខេសិនផ្លឹសជារៀងរាល់ថ្ងៃ។ ហើយការវាយតម្លៃអចលនទ្រព្យទាំងនោះត្រូវបានប្រើប្រាស់ដោយដៃគូរសហការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលសុទ្ធសឹងតែជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យធំៗនៅកម្ពុជា។ ស្ថាប័នទាំងនោះមានដូចជា ធនាគារ Acleda, Hattha, Sathapana, Cathay, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត ព្រមទាំងក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយមានប្រភពដើមមកពីសហរដ្ឋអាមេរិក។

វេទិកាជជែកធុរកិច្ច ត្រូវបានរៀបចំធ្វើឡើងក្នុងកម្មវិធីគម្រប់ខួប ១០ឆ្នាំ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា
កម្មវិធីគម្រប់ខួប ១០ឆ្នាំរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ក៏មានការរៀបចំវេទិកាជជែកធុរកិច្ច ដោយផ្តោតទៅលើប្រធានបទស្តីអំពី ហានិភ័យឥណទានស្ថិតក្នុងបរិបថនៃស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានការជជែកអំពីនិន្នាការក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុផងដែរ។ ប្រធានបទទាំងនេះមានការចូលរួមចែករំលែកដោយវាគ្មិនជំនាញៗជាច្រើនរូបមកពីស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យធំៗនៅកម្ពុជា។ ទន្ទឹមគ្នានេះ, ការដាក់ឱ្យប្រើប្រាស់ ភ្លេតហ្វមវាយតម្លៃអចលនទ្រព្យឌីជីថល អ៊ីនឌីខេសិន ផ្លឹស ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុ ជាប្រធានបទដ៏សំខាន់មួយក្នុងកម្មវិធីវេទិការនៃកិច្ចពិភាក្សានេះ។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានចាត់ទុកការចុះហត្ថលេខានៅថ្ងៃនេះជាសក្ខីភាពមួយក្នុងការរួមកម្លាំង និងដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារឥណទាន។
លោកថ្លែងថា៖ «វីត្រាស់ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនដែលមានជំហរច្បាស់លាស់យូរអង្វែង ហើយជាក្រុមហ៊ុនមួយដែល បានបម្រើនៅក្នុងវិស័យអចលនទ្រព្យជាយូរមកហើយគឺតាំងពីឆ្នាំ ២០០៤ មកម៉្លេះ។ ការសម្រេចកិច្ចព្រមព្រៀងនៅថ្ងៃនេះនឹងជួយបង្កើនដំណោះស្រាយ និងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
បើតាមលោក អឿ សុធារ័ត្ន ក្នុងចំណោមឥណទានសរុបនៅក្នុងវិស័យហិរញ្ញវត្ថុ មានជាង ៥០ ភាគរយគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ។ ហើយក្នុងនោះ ទ្រព្យបញ្ចាំភាគច្រើនគឺជាដីធ្លី និងផ្ទះសម្បែង ដែលប្រតិបត្តិការនេះមានខ្ទង់ប្រហែលជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការក្នុងមួយខែ។ លោកបញ្ជាក់ថា កត្តានេះហើយធ្វើឱ្យវត្តមានសេវាវាយតម្លៃមានតួនាទីយ៉ាងសំខាន់ មិនខ្វះបានក្នុងការវាយតម្លៃហានិភ័យឥណទាន។
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២២ របស់ស៊ីប៊ីស៊ីបានបង្ហាញថា ឥណទានអចលនទ្រព្យមានចំណែកដល់ទៅ ៥៤ ភាគរយ នៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជាប្រមាណ ១៣ ពាន់លានដុល្លារ ដែលគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២២