ក្រុមហ៊ុន Zillennium Group ដែលជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។ MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Group, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក និងលោក ឡែម ចាន់សំរេច នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក គុយ វ៉ាត ប្រធានក្រុមបប្រឹក្សាភិបាល ក្រុមហ៊ុនហ្សីលាននាម ឯ.ក បានមានប្រសាសន៍ ដោយចាត់ទុកកិច្ចសហការនៅថ្ងៃនេះគឺជាការខិតខំប្រឹងប្រែងក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ចទៅដល់សាធារណជន ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹងនិងជំនាញ និងការទាក់ទាញការចូលរួមឱ្យកាន់តែច្រើន និងការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។
លោកថ្លែងថា៖ “កិច្ចសហការនៅថ្ងៃនេះបានបង្ហាញពីចំណង និងការរឹតបន្ដឹងកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនសមិទ្ធិផលការងារឱ្យកាន់តែប្រសើរជាងនេះ។” លោកបន្ថែមថា វិស័យអចលនទ្រព្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ហើយការរីកលូតលាស់នៃវិស័យទាំងពីរនេះ នឹងជួយបំពេញភាពរីកចម្រើនដល់គ្នាទៅវិញទៅមក សម្រាប់វិស័យអចលនទ្រព្យ។
ក្រុមហ៊ុន Zillennium Group គឺជាបណ្តុំអ៊ីកូស៊ីស្តឹម (ecosystem) ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលផ្តល់សេវាកម្មថែរក្សាទ្រព្យសម្បត្តិជំនួសក្នុងគម្រោងវិនិយោគរួមនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច ហើយក្រុមហ៊ុននេះគឺ ជាផ្នែកមួយនៃចង្កោមក្រុមហ៊ុនទាំង៣០ នៃអ៊ីកូស៊ីស្តឹម របស់ក្រុមហ៊ុន ក្រុមហ៊ុនហ្សីលាននាម ឯ.ក។ ចំណែកក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជាកាលពីឆ្នាំ២០១៩ មានតួនាទីជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាការបើកទំព័រថ្មីមួយរវាងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាល ដែលសម្រេចបាននូវកិច្ចសហការដ៏សំខាន់ និងជាស្មារតីរួមមួយដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីសក្តានុពលវិស័យមូលបត្រ និងបរធនបាលកិច្ចទៅដល់សាធារណជន ជាពិសេសទៅដល់សមាជិករបស់ ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដែលជាវិនិយោគិន និងធុរជន ក្នុងការស្វែងយល់ពីការអភិវឌ្ឍថ្មីៗ និងដើម្បីរៀបចំខ្លួនចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ច។
ឯកឧត្តមថ្លែងថា៖ “វិស័យបរធនបានកិច្ច មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ ជំរុញការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារថាវិស័យនេះនឹងផ្តល់ជាថ្នាលថ្មីមួយបន្ថែមទៀត ទាក់ទងនឹងការបង្កើនទំនុកចិត្តដល់វិនិយោគិន ទោះអ្នកវិនិយោគនោះមិនមានបទពិសោធន៍ ឬការយល់ដឹងពីផ្សារក្នុងស្រុក ក៏នៅតែអាចវិនិយោគអចលនទ្រព្យនៅកម្ពុជាបានដែរ។ នោះគឺតាមរយៈការប្រគល់សិទ្ធិទៅដល់អ្នកជំនាញ ដែលជាក្រុមហ៊ុនដើរតួរជាប្រតិបត្តិករបរធនបាល ដើម្បីវិនិយោគ ឬចាត់ចែងទ្រព្យសម្បត្តិជំនួសម្ចាស់ទ្រព្យ។”
ឯឧត្តម សុខ ដារ៉ា បានបញ្ជាក់ថា កត្តានេះនឹងក្លាយជាជម្រើសវិនិយោគដ៏សំខាន់មួយតាមរយៈការប្រើប្រាស់ក្រុមហ៊ុនជំនាញដែលទទួលបានអាជ្ញាប័ណ្ណដោយមានការទទួលស្គាល់ស្របច្បាប់ ហើយយន្តការបែបនេះនឹងជួយបង្កើនទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ និងទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេស។
និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន មានបរធនបាលកិច្ចចំនួន ៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច
ក្នុងចំណោមនោះ ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជីជាប្រតិបត្តិករបរធនបាលនៃគម្រោងវិនិយោគរួម នឹងផ្តល់សេវាកម្មសំខាន់ៗមានដូចជា សេវាបរធនបាលពាណិជ្ជកម្មក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគក្នុងគម្រោងវិនិយោគរួម។ បន្ថែមលើនេះ ក្រុមហ៊ុនផ្តល់សេវាបរធនបាលកិច្ចបុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករឱ្យជនបរទេសដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា។
នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក លោក Gao Shan បានលើកឡើងថា ប្រតិបត្តិការក្រុមហ៊ុនក្នុងវិស័យបរធនបាលកិច្ច នឹងរួមចំណែកជំរុញឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជាធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។ មូលហេតុ គឺដោយសារថា បរធនបានកិច្ច ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀតដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ ហ្សីលាន ត្រាស់ អាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។
លោកបបន្ថែមថា៖ “វិស័យថ្មីនេះ នឹងក្លាយជាដំណោះស្រាយមួយ ជាពិសេសសម្រាប់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុនដែលមានបំណងចង់ទិញអចលនទ្រព្យដោយស្របច្បាប់នៅកម្ពុជាតាមរយៈបរធនបាល ហើយកិច្ចសហការនៅថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍក្នុងវិស័យមូលបត្រ និងបរធនបាលកិច្ច ព្រមទាំងការរួមចំណែកដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា។”

លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក
ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិ ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះគឺកាន់តែផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ជាពិសេសវិនិយោគិនជនបរទេសដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
យោងតាមច្បាប់ស្តីពីបរធនបាលកិច្ច ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា បរធនបាលកិច្ចត្រូវបានបែងចែកជា៤ប្រភេទ មានដូចជា បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សេងៗគ្នា។ តួយ៉ាង បរធនបាលកិច្ចពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានចូលរួមក្នុងពិធីចុះ MoU ផងដែរនោះ បានលើកឡើងថា កិច្ចសហការនាពេលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកយ៉ាងសំខាន់ពីស្ថាប័នរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជន ក្នុងការបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈវិស័យបរធនបាលកិច្ច។ យន្តការទាំងនេះនឹងបង្កលក្ខណៈងាយស្រួល និងកាន់តែទូលំទូលាយដល់អ្នកវិនិយោគ ជាពិសេសបង្កើនភាពទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន
លោកបន្តថា៖ “វត្តមានអ្នកវិនិយោគបរទេស នឹងរួមចំណែកដល់សំខាន់ក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយរំហូរទុនវិនិយោគទាំងនេះនឹងបង្កើតឱ្យមានតម្រូវការទីតាំងដីសម្រាប់អភិវឌ្ឍអគារខុនដូ អគារពាណិជ្ជកម្ម និងតម្រូវការដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្ម។” លោកបន្ថែមថា ការទិញដីវិនិយោគបែបនេះ គឺសុទ្ធសឹងតែត្រូវការក្រុមហ៊ុនបរធនបាល ដែលផ្តល់សេវាកម្មជឿជាក់បាន អាចតំណាងជាកម្មសិទ្ធិករដល់អ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍទីតាំងដីនៃគម្រោងវិនិយោគនោះ៕