ការវិនិយោគអចលនទ្រព្យដោយការធ្វើ Tokenization គឺជាការបំបែក ទ្រព្យរូបិយធំមួយទៅជាចំណែក កម្មសិទ្ធឌីជីថលតូចៗដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដោយអនុញ្ញាតឱ្យអ្នកទិញ ទិញនូវចំណែកកម្មសិទ្ធឌីជីថលតូចៗ ហើយ អ្នកទិញនឹងក្លាយជាម្ចាស់កម្មសិទ្ធនៃផ្នែកមួយនៃអចលនទ្រព្យនោះ។
Tokenization មានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែ វាជាវិធីសាស្ត្រដែលបានបង្កើនលទ្ធភាព ក្នុងការវិនិយោគ ដល់មនុស្សគ្រប់ៗគ្នា ជាពិសេស ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលជាការវិនិយោគមួយត្រូវការដើមទុនធំ។ អត្ថបទនេះនឹងណែនាំអំពីរបៀបវិនិយោគអចលនទ្រព្យតាមរយៈ Tokenization និងរៀបរាប់អំពីអត្ថប្រយោជន៍ពីការវិនិយោគតាមរបៀបថ្មីនេះ។
របៀបវិនិយោគអចលនទ្រព្យតាមរយៈ Tokenization
ការវិនិយោគអចលនទ្រព្យតាមរយៈ Tokenization គឺស្រដៀងគ្នាទៅនឹងដំណើរការនៃការកៀរគរទុនពីក្រុមមនុស្សជាច្រើន ដោយការយកអចលនទ្រព្យមួយទៅបែងចែកជាចំណែកកម្មសិទ្ធឌីជីថលតូចៗ ដោយប្រើប្រាស់ smart contract ឬកូដពីបច្ចេកវិទ្យាប្លុកឆេន (Blockchain)។ អ្នកណាដែលបានទិញ ឬកាន់កាប់ Token នោះ គឺមានន័យថា ពួកគាត់មានចំណែកកម្មសិទ្ធឌីជីថលមួយផ្នែកនៅក្នុងអចលនទ្រព្យនោះផងដែរ។
ឧទាហរណ៍ថា បុគ្គលម្នាក់មានអចលនទ្រព្យតម្លៃ ១០ ម៉ឺនដុល្លារ ហើយគាត់ចង់ដាក់លក់អចលនទ្រព្យជាបន្ទាន់។ ក្នុងករណីនេះ បញ្ហាដែលបានជួបប្រទះនាពេលកន្លងមក គឺ ពិបាករកអ្នកទិញអចលនទ្រព្យនោះណាស់ ជាពិសេសទៅទៀត អ្នកចង់ទិញជាច្រើននាក់ ប៉ុន្តែ ពុំមានទុនគ្រប់គ្រាន់ដើម្បីទិញអចលនទ្រព្យនោះទេ។ ស្របពេលម្ចាស់អចលនទ្រព្យមិនអាចលក់អចលនទ្រព្យក្នុងតម្លៃទាបជាង ១០ម៉ឺន ដុល្លារបានទេ។ បញ្ហាទំាងនេះអាចដោះស្រាយបានតាមរយៈការធ្វើ Tokenization ដោយយកអចលនទ្រព្យនោះទៅបែកចែកជាចំណែកកម្មសិទ្ធឌីជីថលតូចៗ ឧទាហរណ៍ដូចជា ១ Token សើ្មនឹង ១.០០ដុល្លារ ។ ការវិនិយោគនេះគឺធ្វើឡើងតាមPlatform ដែលមានប្រព័ន្ធទិន្នន័យជាក់លាក់ និងមានតម្លាភាពខ្ពស់ ហើយការធ្វើបែបនេះ អ្នកវិនិយោគងាយស្រួលក្នុងការវិនិយោគទៅលើអចលនទ្រព្យនោះ។
អត្ថប្រយោជន៍នៃការវិនិយោគអចលនទ្រព្យតាមរយៈ Tokenization
១/ លែងមានឧបសគ្គរឿងដើមទុនវិនិយោគធំ
ការវិនិយោគអចលនទ្រព្យតាមរយៈ Tokenization អាច ជួយដល់អ្នកវិនិយោគចាប់ផ្តើមធ្វើការវិនិយោគបានដោយប្រើប្រាស់ដើមទុនតិច ស្របទៅតាមលទ្ធភាពរបស់អ្នកវិនិយោគ ។ លើសពីនេះទៅទៀត Tokenization អាចជួយអ្នកដែលមានបំណងចង់វិនិយោគ អាចធ្វើការវិនិយោគស្របតាមលទ្ធភាព និងចំនួនទឹកប្រាក់ដែលអ្នកវិនិយោគមាន។ ផ្ទុយពី ការវិនិយោគអចលនទ្រព្យតាម លំនាំធម្មតា ដែលចាំបាច់ត្រូវការដើមទុនធំ នៃអចលនទ្រព្យនោះដើម្បីធ្វើការវិនិយោគ។
២/ ងាយស្រួលក្នុងការលក់អចលទ្រព្យ និងការកៀរគរទុន
អចលនទ្រព្យ អាចលក់ចេញបានយ៉ាងងាយស្រួលតាមរយៈ Tokenization លើសពីនេះទៅទៀត ក៏អាចកៀគរដើមទុនបានយ៉ាងលឿនក្នុងការទិញអចលទ្រព្យ និងបង្កើតផលចំណេញបានផងដែរ។ គិតមកដល់បច្ចុប្បន្ននេះ មាន Platform វិនិយោគជាច្រើនដែលបង្កើតអត្តសញ្ញាណឌីជីថលដើម្បីលក់ចំណែកកម្មសិទ្ធឌីជីថលជាផ្នែកតូចៗ សម្រាប់ធ្វើការកៀគរដើមទុន។ នៅប្រទេសកម្ពុជា ក៏មាន Platform វិនិយោគមួយរបស់ ក្រុមហ៊ុន Z1 FINANCIAL ដែលកំពុងក្លាយជាដំណោះស្រាយដ៏ល្អប្រសើរមួយក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។
៣/ តម្លាភាព និងប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការ
ការធ្វើ Tokenization តាម Platform វិនិយោគដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) អាចឱ្យភាគីអ្នកទិញ និងអ្នកលក់ធ្វើប្រតិបត្តិការរវាងគ្នានិងគ្នាបានដោយផ្ទាល់ ដោយមិនទាមទារឱ្យមានការធានាពីភាគីកណ្តាលនោះទេ។ ដោយសារថាបច្ចេកវិទ្យាប្លុកឆេន (Blockchain) អាចបញ្ជាក់ភាពត្រឹមត្រូវ សុវត្ថិភាព និងមិនអាចក្លែងបន្លំបាន។