អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺនឹងក្លាយជាទីយុទ្ធសាស្រ្តដ៏សំខាន់ដែលនឹងទាក់ទាញគម្រោងវិនិយោគរោងចក្រឧស្សាហកម្មច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថាលទ្ធភាពនៃការរីកធំធាត់ទីក្រុងភ្នំពេញ ដែលនឹងជំរុញដល់ការវិនិយោគគម្រោងរោងចក្រឧស្សាហកម្មកាន់តែច្រើន បោះទីតាំងវិនិយោគក្នុងតំបន់សំខាន់ៗដូចជាតំបន់ផ្លូវ៤៤ និងផ្លូវ៤១ ក្នុងខេត្តកំពង់ស្ពឺ និងកំណាត់ផ្លូវជាតិលេខ៤ក្នុងខេត្តកណ្តាល។
លោកបន្តថា តាំងទាំងនេះស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចពីរគឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលបង្កភាពងាយស្រួល និងផ្តល់ចំណេញដល់ការដឹកជញ្ចូន។
ការរីកចម្រើនវិស័យឧស្សាហកម្មបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិហើយកំណើននៃការវិនិយោគវិស័យនេះកំពុងបង្កើនសក្តានុពល និងតម្រូវការកាន់តែច្រើនសម្រាប់ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជា។
អចលនទ្រព្យឧស្សាហកម្ម ជាចំណែកទីផ្សារមួយក្នុងវិស័យអចលនទ្រព្យ ដែលផ្តោតលើឃ្លាំងស្តុកទំនិញ រោងចក្រឧស្សាហកម្ម ដោយរាប់ទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងកច្រកែច្នៃម្ហូបអាហារ រោងកច្រផលិតគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតទំនិញផ្សេងៗទៀត ដែលបម្រើដល់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។
យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេលប្រាំឆ្នាំចុងក្រោយនេះដែលគិតត្រឹមឆ្នាំ២០២១ វិស័យកាត់ដេរបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ ស្មើនឹង១៧ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ហើយប្រជាជនកម្ពុជាចន្លោះពី ២ ទៅ ៣លាននាក់ កំពុងអាស្រ័យផលទាំងដោយផ្ទាល់ និងប្រយោលពីការរីកចម្រើននៃវិស័យនេះ៕