ចិនព្យាយាមទប់លំនឹងរូបិយវត្ថុក្នុងស្រុកកុំឱ្យបន្តធ្លាក់ចុះ

Torng Rotanak 09/September/2022 17:04
ចែករំលែក

ធនាគារកណ្ដាលចិនបានសម្រេចប្រកាសឲ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ចជាលើកទី២ហើយត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០២២ ដែលវិធានការណ៍នេះត្រូវបានគេអះអាងថានឹងអាចជួយដល់ការ ទប់ស្កាត់រូបិយបណ្ណរបស់ចិនមិនឲ្យបន្ដធ្លាក់ចុះ និងដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច ដែលកំពុងរងឥទ្ធិពលអវិជ្ជមានដោយសារបញ្ហាកូវីដ-១៩ ​និងបញ្ហាទីផ្សារអចលនទ្រព្យ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានធំៗលើពិភពលោក ដែលបានរាយការណ៍អំពីវិធានការដាក់ចេញជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិ​នដើម្បីស្រោចស្រង់កំណើនសេដ្ឋកិច្ចឡើងវិញ ដោយក្នុងនោះវិធានការណ៍ថ្មីចុងក្រោយមួយរបស់រដ្ឋាភិបាលចិនតាមរយៈធានាគារកណ្តាលរបស់ខ្លួន បានដាក់ចេញនោះគឺ ការកាត់បន្ថយ ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយបណ្ណបរទេសចំពោះស្ថាប័នហិរញ្ញវត្ថុពី ៨ ភាគរយ មកត្រឹម៦ ភាគរយ។

វិធានការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលនឹងជួយទប់ស្កាត់តម្លៃរូបិយបណ្ណចិនមិនឲ្យធ្លាក់ដល់៧យ័នក្នុងមួយដុល្លារអាមេរិក ខណៈដែលតម្លៃលុយចិនកំពុងស្ថិតនៅចន្លោះ៦.៩ យ័នក្នុងមួយដុល្លារ។

ការ​បន្ទាប​ទុន​បម្រុង​កាតព្វកិច្ច ជា​គោល​នយោបាយ​ពង្រីក​ដើម្បី​បង្កើន​លំហូរ​សាច់​ប្រាក់ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ និងលើក​ទឹក​ចិត្ត​ធនាគារ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី បន្ទាប​ថ្លៃ​ខ្ចី និង​អត្រា​កម្ចី។ ការណ៍នេះត្រូវបានអ្នកជំនាញអះអាងថា នឹងរួមចំណែកដ៏សំខាន់ក្នុងការជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យក្នុង​ប្រទេសចិន។

អត្ថបទ៖ ស្រីណែត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង