របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថាការវិនិយោគក្នុងវិស័យសំណង់ -អចលនទ្រព្យ ទទួលបានកំណើនវិជ្ជមានឡើងវិញ ប៉ុន្តែល្បឿននៃការវិនិយោគហាក់មានភាពយឺតយ៉ាវនៅឡើយ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារកូវីដ-19។
តាមការសិក្សារបស់អ្នកជំនាញធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា វិស័យសំណង់ អចលនទ្រព្យ ទទួលបានកំណើនវិជ្ជមានឡើងវិញនាពេលនេះ គឺដោយសារការងើបឡើង វិញនៃរំហូរវិនិយោគ បរទេស កំណើនឥណទានទៅកាន់វិស័យសំណង់ ការកើនឡើងវិញនៃប្រាក់ចំណូលក្នុងស្រុក និងការងើបឡើងវិញជាបណ្តើរៗនៃកំណើនភ្ញៀរទេសចរណ៍អន្តរជាតិ។
បើតាមរបាយការណ៍ តម្លៃលំនៅឋាននៅកម្ពុជាពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ ដែលក្នុងនោះ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញបានបង្ហាញការកើនឡើងជាង៣ ភាគរយ ធៀបនឹងឆ្នាំមុន។ កត្តានេះបានឆ្លុះបញ្ចាំងពីតម្រូវការក្នុងស្រុកជាពិសេស សំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។
ប្រភពដដែលបានបញ្ជាក់ទៀតថា ចំពោះសកម្មភាពលក់លំនៅឋានប្រភេទផ្ទះល្វែង វីឡាភ្លោះនិងវីឡាទោល មានការកើនឡើង១២ ភាគរយ ខណៈដែលការលក់ខុនដូនៅបន្តថយចុះជាង ៤០ ភាគរយ៕