ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានបង្កើតចំណូលចូលថវិការជាតិប្រមាណជាង ៤លានដុល្លារជាមធ្យមក្នុងមួយខែ ហើយការប្រមូលចំណូលពន្ធប្រភេទនេះបានបង្ហាញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២២នេះ ដែលកើនជាង៦០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
យោងតាមលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្ហាញថាការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យសម្រេចបានទំហំទឹកប្រាក់ប្រមាណជិត ២៦ លានដុល្លារអាមេរិកក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២២នេះកើនឡើង ៦២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលចំណូលពីពន្ធប្រថាប់ត្រាមានប្រមាណ ១៦ លានដុល្លារ។
បើតាមរបាយការណ៍ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលប្រមូលចំណូលដោយអគ្គនាយកដ្ឋាពន្ធដារបានបង្កើតចំណូលចូលថវិការជាតិជាមធ្យមជាង៤លានដុល្លារអាមេរិកក្នុងមួយខែ ដែលគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២២។ ចំណូលពីពន្ធប្រថាប់ត្រាកើនបានបង្ហាញពីសញ្ញាវិជ្ជមានក្នុងទីផ្សារអចលនទ្រព្យដែលប្រតិបត្តិការទិញ លក់ កំពុងវិលទៅរកកំណើនល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ផងដែរថា ចំណូលពីពន្ធប្រថាប់ត្រានេះ គឺមិនទាន់រាប់បញ្ចូល ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលតម្លៃ ៧ម៉ឺនដុល្លារចុះក្រោមនោះទេ ដោយសាររដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យប្រភេទនេះចាប់តាំងពីឆ្នាំ២០២០ ហើយនឹងចាប់ផ្តើមអនុវត្តន៍ឡើងវិញនៅខែមករាឆ្នាំ២០២៣៕