ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសថៃបានបង្ហាញគម្រោងក្នុងការផ្តល់កម្ចីជាទឹកប្រាក់ ១,២ ពាន់លានបាត (៤០ លានដុល្លារ) មកដល់កម្ពុជាដើម្បីសាងសង់ផ្លូវប្រវែង ១៣១ គីឡូម៉ែត្រកាត់តាមស្រុកអន្លង់វែង មកសៀមរាប។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍របស់ថៃនាថ្ងៃចន្ទនេះ។

ទឹកប្រាក់កម្ចីសម្រាប់កម្ពុជានេះ គឺជាផ្នែកមួយនៃកម្ចីសរុបចំនួន ៨,៥ ពាន់លានបាត (២៨១,៧ លានដុល្លារ) ដែលថៃគ្រោងផ្តល់កម្ចីនៅឆ្នាំក្រោយដល់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដើម្បីសាងសង់ផ្លូវឆ្លងដែនថ្មីចំនួន ៤ ក្រោមគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។
លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងបានមានប្រសាសន៍ថា៖«អត្រាការប្រាក់សម្រាប់គម្រោងផ្លូវនីមួយៗគឺមានត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ»។
យោងតាមសេចក្តីរាយការណ៍ដដែល គណៈរដ្ឋមន្រ្តីថៃនឹងត្រូវបានស្នើសុំឱ្យធ្វើការអនុម័តលើកម្ចីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះដើម្បីដំណើរការផ្តល់កម្ចីនៅឆ្នាំក្រោយ។
នៅឆ្នាំ ២០២០ ខាងមុខ រដ្ឋាភិបាលកម្ពុជាគ្រោងទទួលកម្ចី ១,៤ ពាន់លាន SDR (ជិត ២ ពាន់លានដុល្លារ) ដើម្បីបំពេញគម្រោងចំណាយថវិការជាតិសរុប ៨,២ ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ថវិការជាតិដែលត្រូវបានរដ្ឋសភាកម្ពុជាអនុម័តកាលពីចុងខែវិច្ឆិកា។
គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ បំណុលសាធារណៈរបស់កម្ពុជាមានសរុប ៧,២ ពាន់លានដុល្លារ ហើយក្នុងនោះបំណុលពាក់កណ្តាលជាកម្ចីពីប្រទេសចិន។

