ចំណុចសំខាន់៖
- គម្រោងអភិវឌ្ឍសហគមន៍លំនៅឋានសម្រាប់ចូលនិវត្តន៍ដ៏ធំមួយ ត្រៀមបង្ហាញខ្លួនក្នុងស្រុកបាទីឋិតក្នុងខេត្តតាកែវ
- អាកាសយាន្តដ្ឋានអន្តរជាតិថ្មីលាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី
- ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន
ការអភិវឌ្ឍអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលជាអាកាសយាន្ដដ្ឋានខ្នាតធំដំបូងបង្អស់ក្នុងប្រវត្តិរបស់កម្ពុជា បានកំពុងប្រែក្លាយមុខមាត់តំបន់ភាគត្បូងរាជធានីភ្នំពេញ ដោយទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនក្នុងតំបន់នេះ ស្របពេលដែលអាកាសយាន្តដ្ឋានដ៏ធំមួយនេះសម្រេចការសាងសង់បានច្រើន។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ប្រធានសមាគមភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុនីម បានលើកឡើងថា កំណើននរគរូបនីយកម្ម និងការអភិវឌ្ឍអាកាសយាន្តដ្ឋានថ្មី កំពុងបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគក្នុងការអភិវឌ្ឍអចលនទ្រព្យលំនៅឋាន និងគម្រោងឧស្សាហកម្ម។
អ្នកជំនាញរូបនេះបញ្ជាក់ថា៖ «ទំនោរនៃការរីកចម្រើនភាគខាងត្បូងរាជធានីភ្នំពេញ នឹងធ្វើឱ្យតំបន់នេះនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ថ្មីនាពេលអនាគត ដែលបណ្តុំទៅដោយគម្រោងវិនិយោគធំៗ។»
របាយការណ៍ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីឆ្នាំ២០២១ ដែលសិក្សាពីសក្តានុពលភាគខាងត្បូងរាជធានីភ្នំពេញ បានរកឃើញថា ភាគខាងត្បូងរាជធានីភ្នំពេញគិតតែខណ្ឌដង្កោ ខណ្ឌមានជ័យ តំបន់ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង មានគម្រោងលំនៅឋានដែលបានបញ្ចប់ការសាងសង់រួចរាល់ចំនួន ៥៤ គម្រោង និង ៣០គម្រោងផ្សេងទៀតកំពុងដំណើរការសាងសង់។
ការរសិក្សាដដែលបានបង្ហាញថា ក្នុងចំណោមគម្រោងកំពុងសាងសង់ទាំង ៣០ គម្រោង ក្នុងនោះគម្រោងលំនៅឋានតម្លៃសមរម្យភាគច្រើនមាននៅខណ្ឌដង្កោ និងខណ្ឌមានជ័យ។ ស្រុកណ្តាលស្ទឹង ដែលជាតំបន់ជិតគម្រោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏កំពុងបង្ហាញពីកំណើនវិនិយោគលំនៅឋានតម្លៃសមរម្យផងដែរ។
ក្រៅពីតំបន់ដែលរៀបរាប់ខាងលើនេះ ស្រុកបាទីស្ថិតក្នុងខេត្តតាកែវ ដែលជាប់ព្រំប្រទល់នឹងតំបន់អភិវឌ្ឍន៍អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក៏កំពុងបង្ហាញសក្តានុពលដល់អ្នកវិនិយោគផងដែរ។ បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ ដែលផ្តោតលើសហគមន៍លំនៅឋានប្រណិតសម្រាប់ការចូលនិវត្តន៍័ (retirement home) កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន និងត្រៀមបង្ហាញរូបរាងនៅពេលខាងមុខ។ គម្រោងអភិវឌ្ឍន៍សហគមន៍លំនៅឋានប្រណិតសម្រាប់ការចូលនិវត្តន៍នេះ ស្ថិតលើទំហំផ្ទៃដី៣៨ ហិកតា មានចំងាយប្រមាណ ២០ គីឡូម៉ែត្រពីទីតាំងគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលនឹងក្លាយជាសហគមន៍លំនៅឋានដ៏ធំដំបូងគេនៅតំបន់កៀកនឹងរាជធានីភ្នំពេញ។ (គម្រោងអភិវឌ្ឍន៍សហគមន៍លំនៅឋានប្រណិតសម្រាប់ការចូលនិវត្តន៍នេះ នឹងផ្សាយលម្អិតនៅអត្ថបទក្រោយ)
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា លាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ហើយរំពឹងថានឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។
លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានលើកឡើងថា ប៉ែកខាងត្បូងរាជធានីភ្នំពេញ មិនទាន់មានចំនួនប្រជាជនទៅរស់នៅច្រើនទេ បើធៀបនឹងខណ្ឌសែនសុខ នៃភាគខាងជើងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា នៅពេលផ្សារទំនើបធំៗដែលកំពុងអភិវឌ្ឍន៍ឋិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ ដូចជាផ្សារទំនើប Aeon Mall III, ផ្សារទំនើប PH Diamond Place របស់ក្រុមហ៊ុនប៉េង ហួត និងផ្សារទំនើប ChipMong 271 Megamall របស់ក្រុមហ៊ុន ជីប ម៉ុង បញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ ចំនួនប្រជាជនទៅរស់នៅនឹងកើនឡើង។
លោកថ្លែងថា៖ «ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន។»
នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station លោកឧកញ៉ា កាង សុធី បានលើកឡើងថា វត្តមានគម្រោងអភិវឌ្ឍន៍ធំៗដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ត្រូវបានចាត់ទុកថាជាគម្រោងខ្នាតធំ ហើយតែងមានឥទ្ធិពលល្អដល់ទីផ្សារអចលនទ្រព្យ។
លោកឧកញ៉ា កាង សុធី បញ្ជាក់ថា តាមបទពិសោធន៍ និងការអង្កេតជាក់ស្តែង កន្លងមកបានបង្ហាញថា ទីតាំងដីនៅជុំវិញគម្រោងអភិឌ្ឍន៍ធំៗទាំងនេះអាចមានតម្លៃកើនឡើងជាមធ្យមចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំៗ។
បើតាមលោក ឧកញ៉ា កាង សុធី ទីតាំងដីដែលមានចំងាយ ១០ ទៅ ១៥ គីឡូម៉ែត្រ ចេញពីតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ សុទ្ធតែអាចមានឱកាសទទួលបានផលចំណេញ។ លោកបញ្ជាក់បន្ថែមថា សម្រាប់អ្នកមានចំណូលមធ្យមគួរសម្លឹងពីឱកាសទីតាំងបែបនេះ តួរយ៉ាងតំបន់ជាប់ព្រំប្រទល់ជាមួយគម្រោងព្រលានយន្តហោះថ្មីដូចជាស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ជាទីតាំងដែលអ្នកវិនិយោគអាចរកទិញបានក្នុងតម្លៃធូរថ្លៃនាពេលបច្ចុប្បន្ន ហើយអាចមានឱកាសចំណេញខ្ពស់នាពេលខាងមុខ៕