ការវិនិយោគលើលំនៅឋានដែលមានតម្លៃទាបជាងទីផ្សារ ដែលទូទៅជាប្រភេទលំនៅឋានដែលមានសភាពចាស់ល្មម ដោយយកមកជួសជុលកែលម្អឡើងវិញ ហើយដាក់លក់ដើម្បីបង្កើតផលចំណេញ។ វិធីសាស្រ្តនៃការវិនិយោគបែបនេះហៅថា Flipping។
Flipping ត្រូវបានចាត់ទុកជាវិធីសាស្រ្តវិនិយោគដ៏ពេញនិយមមួយក្នុងការទិញអចលនទ្រព្យលំនៅឋានបង្កើតប្រាក់ចំណេញ។ ប៉ុន្តែសម្រាប់អ្នកចង់ផ្តើមវិនិយោគដោយប្រើប្រាស់វិធីសាស្រ្តនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកទឹកចិត្តឱ្យសិក្សាស្វែងយល់បានស៊ីជម្រៅពីទីផ្សារ និងមានផែនការហិរញ្ញវត្ថុច្បាស់លាស់ផងដែរ។ ៤ចំណុចខាងក្រោមនេះ អាចជាមូលហេតុដ៏សំខាន់សម្រាប់ការចាប់ផ្តើម៖
ជំហានទី១ ដឹងពីតម្រូវការទីផ្សារ
ជ្រើសរើសលំនៅឋាន ដែលមានតម្លៃសក្តានុពល បន្ទាប់ពីជួសជុលរួច។ ទីផ្សារលំនៅឋានអាចឡើងឬចុះខ្លាំង អាស្រ័យលើទីតាំង និងការអភិវឌ្ឍជុំវិញតំបន់នោះ ដែលជាកត្តាជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យ។
ជាឧទារហ៍ប្រសិនបើលំនៅឋាននោះស្ថិតក្នុងតំបន់អាជីវកម្ម ប៉ុន្តែអ្នកបែរជាជួសជុលទៅជាលំនៅឋានសម្រាប់ការរស់នៅ ដែលផ្ទុយពីតម្រូវអ្នកដែលរស់នៅក្នុងតំបន់នោះ នេះជាកត្តាដែលធ្វើឲ្យអ្នកខាតបង់ ហើយទទួលកម្រៃត្រឡប់មិនសមនិងថ្លៃចំណាយ។
ជំហានទី២ រូបមន្ត ៧០ ភាគរយ
តម្លៃជួសជុល ត្រូវទាបជាងតម្លៃលក់ចេញ។ អ្នកមិនគួរជ្រើសរើសលំនៅឋានដែលត្រូវជួសជុលឡើងវិញស្ទើរ ១០០ ភាគរយនោះទេ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់សម្ភារៈ ថ្លៃជួសជុល ក៏មិនត្រូវមានតម្លៃថ្លៃពេកនោះដែរ។ ជាមួយគ្នានេះ អ្នកអាចប្រើរូបមន្ត «៧០ ភាគរយ» ក្នុងការគណនាតម្លៃរបស់អចលនទ្រព្យ ដើម្បីចៀសវាងការខាតបង់ និងទទួលផលចំណេញបន្ទាប់ពីជួសជុលរួច ដោយយកតម្លៃផ្ទះប៉ានប្រមាណក្រោយការជួសជុលរួច x 70% – តម្លៃជួសជុលសរុប
ឧទាហរណ៍ ក្រោយជួលជុលរួចផ្ទះរបស់អ្នកអាចដាក់លក់បាន 150 000 ដុល្លារ ដោយត្រូវចំណាយ 20 000 ដុល្លារសម្រាប់ជួលជុល។
តាមរូបមន្ត 150 000 x 0.7 – 20 000 = 8 5000។ ដូច្នេះផ្ទះដែលអ្នកចង់ទិញសម្រាប់ជួលជុលកែលម្អ សម្រាប់ដាក់លក់យកផលចំណេញមិនគួរមានតម្លៃលើសពី 8 5000 ដុល្លារនោះទេ។
ជំហានទី៣ ជម្រើសហិរញ្ញវត្ថុ
សម្រាប់ជំហានទី៣គឺមានជម្រើសពីរដែលអ្នកអាចប្រើក្នុងការវិនិយោគលើការទិញលំនៅឋាន ជួសជុល និងដាក់លក់វិញលើទីផ្សារដើម្បីចំណេញ។ នោះគឺប្រើលុយសុទ្ធក្នុងហោប៉ៅ និងកម្ចីពីធនាគារ។ ហានិភ័យដែលវិនិយោគិនក្នុងវិស័យមួយនេះជួបប្រទះ គឺការដោះដូរអចលនទ្រព្យជាមួយបំណុលការប្រាក់។ កម្ចីកាន់តែមានទំហំធំ ការប្រាក់ក៏កាន់តែច្រើន ដែលអាចធ្វើឲ្យអ្នកបាត់បង់ប្រាក់ចំណេញពីអចលនទ្រព្យដែលអ្នកទិញយកមកជួសជុល។
ជំហានទី៤ ការដាក់លក់ក្នុងទីផ្សារ
អ្នកត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ជាមួយលក្ខខណ្ឌនៃការដាក់លក់អចលនទ្រព្យនៅក្នុងទីផ្សារ និងការទទួលប្រាក់ត្រឡប់ក្នុងរយៈពេលមួយឆាប់រហ័ស។ ក្នុងន័យនេះ អ្នកត្រូវមានទំនាក់ទំនងជាភ្នាក់ងារទិញលក់ ឬក្រុមហ៊ុនអចលនទ្រព្យ ដើម្បីដឹងពីដំណើរការនៃការទិញលក់ នៅពេលដែលផ្ទះរបស់អ្នកបញ្ចប់ការជួសជុលកែលម្អ ថាតើត្រូវដាក់លក់ក្នុងរូបភាពបែបណាដើម្បីទទួលបានការចាប់អារម្មណ៍រហ័ស និងក្នុងតម្លៃមួយដែលខ្ពស់។
ការវិនិយោគប្រភេទនេះ ត្រូវបានចាត់ទុកជាការបង្កើតកម្រៃយ៉ាងមានប្រសិទ្ធិភាព និងកំពុងពេញនិយមក្នុងទីផ្សារអចលនទ្រព្យទាំងនៅតំបន់អាស៊ី និងអ៊ឺរ៉ុប។ ជាក់ស្តែង តារាសម្តែងរបស់ស្ថានិយ៍ទូរទស្សន៍ HGTV របស់សហរដ្ឋអាមេរិច បានទម្លាយអាថ៌កំបាំងរបស់ពួកគេក្នុងការបង្កើតចំណូលខ្ទង់លានដុល្លារពីការលក់ផ្ទះដែលទិញយកមកជួសជុល (House Flipping) ដោយចាប់ផ្តើមពីទុនតិច។
អត្ថបទ៖ សុខអាត