របាយការណ៍៖ ការប្រើប្រាស់ Big Data ជួយឱ្យសេដ្ឋកិច្ចនៅប្រទេស៥រួមទាំងកម្ពុជា ចំណេញ១០០ពាន់លានដុល្លារ

Admin 19/August/2022 17:00
ចែករំលែក

ការសិក្សាថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយផ្តោតទៅលើប្រទេស​ចំនួនប្រាំរួមទាំងកម្ពុជា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរកឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យទំហំ ឬហៅថា Big Data សម្រាប់ប្រត្តិការទៅលើវិស័យសុខភាពសាធារណ កិច្ចការពារសង្គម និងវិស័យអប់រំ អាចជួយឱ្យប្រទេសទាំង៥នេះ​កាត់បន្ថយការចំណាយហើយចំណេញដល់សេដ្ឋកិច្ច​ប្រមាណជាង ១០០ ពាន់លានដុល្លារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ពីវិបត្តិកូវីដ-១៩។​

ទិន្នន័យទំហំធំ ឬ Big Data គឺជាបណ្ដុំទិន្នន័យដ៏ធំមួយដែលមានផ្ទុកទិន្នន័យគ្រប់បែបយ៉ាងដែលប្រមូលបានពីអ្នកប្រើប្រាស់អ៊ីនធើណេត និងមានប្រភពផ្សេងៗគ្នា។ ហើយទិន្នន័យទាំងអស់នោះអាចយកទៅវិភាគ និងប្រើប្រាស់ក្នុងគោលបំណងជាច្រើនដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍពិភលោក។ Big Data ក៍កំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរសម្រាប់ការវិនិយោគរបស់វិស័យឯកជន ជាពិសិសេសប្រតិបត្តិការទិញ លក់ ក្នុងទីផ្សារអចលនទ្រព្យ។ (ចុចទីនេះអានបន្ថែម)

ធនាគារអភិវឌ្ឍន៏អាស៊ីបានចេញផ្សាយរបាយការណ៍ថ្មីមួយកាលពីថ្ងៃទី១៧ ខែសីហា ២០២២ ដែលមានចំណងជើងថា «ការទាញយកសក្តានុពលពីទិន្នន័យទំហំធំ នៅក្រោយបរិបទកូវីដ១៩» ហើយការស្រាវជ្រាវនេះគឺផ្តោតទៅលើប្រទេសប្រាំក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ភីលីពីន ឥណ្ឌូនេស៊ី ថៃ និងប្រទេសភូមា។

របាយការណ៍នេះ បានរកឃើញថា ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យា Big Data ក្នុងវិស័យសុខភាពសាធារណ កិច្ចការពារសង្គម និងវិស័យអប់រំ នឹងជួយដល់រដ្ឋាភិបាលចាត់វិធានការប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩។ តាមប៉ាន់ប្រមាណ ការទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យា Big Data នឹងជួយដល់ប្រទេសទាំង៥នេះចំណេញដល់សេដ្ឋកិច្ចប្រមាណ ១០០០ ពាន់លានដុល្លារនៅត្រឹម២០៣០។

ក្នុងនោះ អត្ថប្រយោជន៍សម្រាប់វិស័យសុខាភិបាល ពីការប្រើប្រាស់ទិន្ន័យទំហំធំ គឺ​ដើម្បីតាមដានស្ថានភាពរបស់អ្នកជំងឺ នឹងជួយកាត់បន្ថយការចំណាយក្នុងវិស័យនេះប្រមាណ ៩ ពាន់លានដុល្លារអាមេរិក​​​​ នៅឆ្នាំ​២០៣០ ដែលបានមកពីការកាត់បន្ថយតម្រូវការមកពិនិត្យជំងឺផ្ទាល់ និងរយៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បូករួមនឹងការចំណាយលើនីតិវិធីវេជ្ជសាស្រ្ដផ្សេងៗទៀត។

បន្ថែមលើនេះ ការវិភាគទិន្នន័យបានមកពីការប្រើប្រាស់បចេ្ចកវិទ្យា Big Data ដើម្បីផ្សព្វផ្សាយការការពារសុខភាពដល់ប្រជាជនដែលងាយរងគ្រោះ អាចជួយរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសទាំង៥នេះ កើនបានជាង១៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។

ចំណែកឯវិស័យអប់រំ បច្ចេកវិទ្យា Big Data នឹងបង្កើតឲ្យមានភាពងាយស្រួលក្នុងការរៀនសូត្រពីចំងាយ ការស្វែងរកការងារដែលសាកសមទៅនឹងសមត្ថភាព រួមផ្សំជាមួយចំណេះជំនាញរបស់បុគ្គល។ បន្ថែមពីនោះ ទិន្នន័យទំហំធំក៏អាចឲ្យដឹងពីទីផ្សារការងារណានឹងទទួលបានភាពពេញនិយម ហើយអភិវឌ្ឍកម្មវិធីសិក្សារសមស្របទៅនឹងតម្រូវការទីផ្សារការងារនោះ។ កត្តានេះក្រុមអ្នកជំនាញ​ ADB បានប៉ាន់ប្រមាណថា បច្ចេកវិទ្យា Big Data នឹងរួមចំណែកបង្កើនទំហំសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងប្រទេសទាំងប្រាំនេះដល់ទៅ ៧៧ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០៕ ​

អត្ថបទ៖ ស្រីណែត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង