គួរស្វែងយល់ពីកត្តាអ្វីខ្លះ មុននឹងចាប់ផ្តើមវិនិយោគអចលនទ្រព្យសម្រាប់ជួល

Torng Rotanak 18/August/2022 17:50
ចែករំលែក

ការវិនិយោគអចលនទ្រព្យអាចបង្កើតប្រភពចំណូលផ្សេងៗគ្នា ហើយកម្រិតនៃហានិភ័យក៏មានលក្ខណៈផ្សេងគ្នាផងដែរ។ ក្នុងចំណោមនោះ ការវិនិយោគអចលនទ្រព្យសម្រាប់ដាក់ជួល គឺជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងការបង្កើតប្រភពចំណូល ដោយសារការវិនិយោគលើអចលនទ្រព្យប្រភេទនេះ អាចបង្កើតចំណូលទៀតទាត់ ដោយមិនបារម្ភឡើង ឬចុះ។ សម្រាប់អ្នកទើបចាប់ផ្តើមវិនិយោគអចលនទ្រព្យដាក់ជួល តើគួរចាប់ផ្តើមពីចំណុចណា?

 1/ គួរស្វែងរកអចលនទ្រព្យដោយខ្លួន ឬតាមរយៈភ្នាក់ងារ?  

មុនពេលអ្នកសម្រេចចិត្តថានិងស្វែងរកអចលនទ្រព្យតាមតម្រូវការ ជំហានដំបូងគួរប្រាដកថាអ្នកចង់ស្វែងរកដោយខ្លួនឯង ឬតាមរយៈភ្នាក់ងារអចលនទ្រព្យ។ ភ្នាក់ងារអចលនទ្រព្យអាចដឹងពីកន្លែងដែលមានសក្តានុពល និងទីតាំងល្អៗ ព្រមជាមួយនឹងតម្លៃសមស្របទៅតាមតម្លៃទីផ្សារ ​ដោយសារភ្នាក់ងារមាន​បញ្ជីលក់អចលនទ្រព្យជាច្រើន ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យបានឆាប់រហ័ស។ ដោយឡែកការស្វែងរកដោយខ្លួនឯងអាចចំណាយពេលយូរ ហើយអាចមានភាពពិបាកដោយសារយើងមិនសូវជាដឹងពីហាងឆេងទីផ្សារនៃអចលនទ្រព្យទៅតាមតំបន់។  យ៉ាងណាមិញ អ្នកអាចប្រៀបធៀបតម្លៃនៃអចលនទ្រព្យដែលស្ថិតនៅតំបន់ ឬទីតាំងជិតៗគ្នា ដោយប្រើយុទ្ធសាស្រ្ដរបស់លោក Robert Kiyosaki 100/10/3/1។ មានន័យថា យើងដើរមើលអចលនទ្រព្យ ឬផ្ទះ១០០​ កន្លែងចម្រាញ់យក​១០ តថ្លៃ៣ និងជ្រើសយក ១។ វិធីសាស្រ្ដនេះ ផ្ដល់ឲ្យអ្នកនូវជម្រើសច្រើនយ៉ាង និងអាចទទួលបានអចលនទ្រព្យដែលល្អទៅតាមអ្វីដែលចង់បាន។

2/ ដឹងពីតម្លៃទីផ្សារ និងលក្ខខណ្ឌបង់ប្រាក់

នៅក្នុងសៀវភៅ «វិថីអចលនទ្រព្យ» លោកគាម សៀកឡុង បានលើកឡើងថា តម្លៃ និងលក្ខខ័ណ្ឌបង់ប្រាក់មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ដោយហេតុថា អចលនទ្រព្យមួយអាចមានប្រៀបជាងអចលនទ្រព្យមួយទៀតគឺអាស្រ័យលើផលចំណេញ និងពេលវេលាដែលអនុញ្ញាត្តឲ្យម្ចាស់ទ្រព្យមានពេលគ្រប់គ្រាន់ក្នុងការបង្វិលលុយ។ ជាក់ស្ដែង ម្ចាស់គម្រោងជាច្រើនសព្វថ្ងៃផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើស ទៅតាមប្រភេទនៃអចលនទ្រព្យ។ ក្នុងនោះរួមមានការបង់មុន ៣០% នឹងយកកម្ចីពីធនាគារដៃគូររបស់គម្រោង ឬស្ថាប័នហិរញ្ញវត្ថុនានា ៧០% ដើម្បីបង្រ្គប់។ រីឯជម្រើសមួយទៀតនោះគឺការបង់មុន ពី ១០ ទៅ ៣០ ភាគរយតាមលទ្ធភាពរបស់អ្នកទិញ ហើយបង់បន្តជារៀងរាល់ខែដោយគ្មានការប្រាក់រយៈពេលពី ១ ទៅ ២ឆ្នាំ ទៅតាមលក្ខខណ្ឌដែលម្ចាស់គម្រោងបានរៀបចំ។

អ្នកគួរតែធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ទាក់ទងនឹង ប្លង់កម្មសិទ្ធ ថាតើជាប្រភេទប្លង់រឹង ឬប្លង់ទន់។ លោកគាម សៀកឡុងបានលើកឡើងនៅក្នុងសៀវភៅ «វិថីអចលនទ្រព្យ» សម្រាប់ការទិញអចលនទ្រព្យវិនិយោគ យើងគួរតែរកអចលនទ្រព្យណាដែលមានប្លង់រឹងរួចមកហើយដើម្បីភាពងាយស្រួលក្នុងការជួល ឬលក់ផ្សេងៗ។

3/ សោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធ

មុនពេលសម្រេចចិត្តទិញអចលនទ្រព្យនោះ គួរពិនិត្យឲ្យបានសព្វគ្រប់ជ្រុងជ្រោយ ដូចជាកន្លែងចតឡាន ម៉ូតូ និងទីធ្លាសម្រាប់ហាលម្ងូតខោអាវ និងកន្លែងទុកដាក់របស់របរផ្សេងៗ​។ បន្ថែមពីនេះ គួរពិនិត្យមើលលើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងសំណង់អាគារ ដើម្បីប្រាកដថាមិនមានស្ថានភាពប្រះស្រាំ ឬជ្រៀបទឹកនានា។ កត្តាទាំងនេះអាចជះឥទ្ធិពលទៅដល់ការសម្រេចចិត្តអ្នកជួល ហើយថែមទាំងបន្ថែមបន្ទុកទៅដល់ម្ចាស់ទ្រព្យទៅលើការចំណាថ្លៃជួសជុល៕

អត្ថបទ៖ ស្រីណែត 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង