ឃុំ៣ក្នុងស្រុកកណ្តាលស្ទឹងមានតម្លៃដីធ្លីខ្ពស់ជាងគេ

Torng Rotanak 12/August/2022 17:07
ចែករំលែក

ឃុំចំនួនបី​ឋិតក្នុងស្រុកកណ្តាលស្ទឹង​ បានបង្ហាញពីសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើដីធ្លី ដោយសារតែឃុំទាំងបីនេះឋិតនៅកៀកជាងគេ នៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​។​

ប្រធានគ្រប់គ្រងក្រុមហ៊ុន Century 21 Zillion Holding ប្រចាំតំបន់ខេត្តកណ្តាល​ លោក ស៊ូ ប៊ុនសុង បានឱ្យដឹងថា ឃុំជើងកែប អំពៅព្រៃ និងឃុំកណ្តោក ដែលឃុំទាំងបីទាំងនេះទទួលបានប្រយោជន៍ច្រើនជាងគេពីគម្រោង​សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចប្បន្នទីផ្សារដីធ្លីក្នុងឃុំទាំងបីមានតម្លៃដាក់លក់ជាមធ្យមចន្លោះពី ៦០ ទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់ជាងគេ​ក្នុងស្រុកណ្តាលស្ទឹង។

យ៉ាងណាមិញ លោកប៊ុនសុង បានបញ្ជាក់ថា ទីផ្សារដីធ្លីក្នុងស្រុកកណ្តាលស្ទឹងហាក់មិនមានការប្រែប្រួលច្រើននោះទេ ហើយចំណែកប្រតិបត្តិការទិញ-លក់វិញក៏មានកំណើនតិចតូច​។

លោកបន្ថែមថា៖ «ទីតាំងនៅក្បែរៗតំបន់ព្រលានថ្មីនេះ មិនមានការទិញ លក់ ច្រើនដូចមុនទេ ដោយសារម្ចាស់ដីជាច្រើនដាក់លក់ក្នុងតម្លៃខ្ពស់រួចទៅហើយ។ ចំពោះអ្នកទិញវិញ គឺភាគច្រើនស្វែករកទីតាំងដីដែលដាក់លក់តម្លៃក្រោមទីផ្សារ ព្រោះរំពឹងឱកាសនៃបង្កើតផលចំណេញ»។ តម្លៃដីឋិតនៅតំបន់ផ្សេងៗទៀតក្រៅពីឃុំទាំងបីនេះ អាចមានតម្លៃដាក់លក់ជាមធ្យមចន្លោះពី  ៣០ ទៅ ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យ៉ាងនេះក្តី លោកប៊ុនសុង មើលឃើញថា​ ទីផ្សារដីធ្លីឋិតនៅតំបន់ព្រលានយន្តហោះថ្មីនេះនឹងកើនឡើងម្តងទៀត នៅពេលគម្រោងអភិវឌ្ឍន៍ដ៏ធំមួយនេះសម្រេចការសាងសង់រួចរាល់ ស្របពេលដែលគម្រោងវិនិយោគជាច្រើននឹងលេចចេញជារូបរាង។

បច្ចុប្បន្ន ស្រុកកណ្តាលស្ទឹងនៅសល់ ១៨ ឃុំ និង ១២៧ភូមិ បន្ទាប់ពីឃុំចំនួន ៥ ត្រូវបានកាត់ចូលទៅខណ្ឌដង្កោ ក្រោមការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​ ​ត្រូវ​បានសាងសង់លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុង​ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ គិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់ជាង៣០ ភាគរយ ហើយបញ្ចប់រួចរាល់(ដំណាក់កាលទី១) នៅឆ្នាំ២០២៣ខាងមុខ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង