ចំពោះអចលនទ្រព្យសម្រាប់ជួល មិនថាជាប្រភេទអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្មនោះទេ សុទ្ធសឹងតែមានតម្រូវការក្នុងការគ្រប់គ្រង និងថែទាំ ទាំងការមើលថែទាំអចលនទ្រព្យផ្ទាល់ និងអ្នកជួល។ ដូច្នេះហើយទើបការប្រើប្រាស់សេវាគ្រប់គ្រងអចលនទ្រព្យផ្ដល់អត្ថប្រយោជន៍ ៥ចំណុចធំៗ ដែលម្ចាស់ទ្រព្យមិនគួរមើលរំលង៖
1/ ការប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ
ចំពោះប្រភេទអចលនទ្រព្យលំនៅឋាន និងអគារពាណិជ្ជកម្មដែលដាក់ជួលចាំបាច់ណាស់តម្រូវឲ្យម្ចាស់អចលនទ្រព្យ ដឹងពីវិធីក្នុងទាក់ទាញអ្នកជួល ដោយប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ ដែលជាហេតុទាមទារឱ្យម្ចាស់អចលនទ្រព្យដឹងពីការធ្វើទីផ្សារ។ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ផ្ដល់ជូននូវយុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ និងហ្មតចត់ដែលអាចជួយឲ្យអ្នករកបានអតិថិជនគោលដៅបានឆាប់រហ័ស និងទទួលបានតម្លៃសមស្របទៅ នឹងតម្លៃទីផ្សារ។
យុទ្ធទីផ្សារដែលរាប់បញ្ចូលក្នុងសេវាកម្មគ្រប់គ្រងអចលនទ្រព្យរួមមាន៖
– សិក្សាពីអតិថិជនគោលដៅទៅតាម្រភេទអចលនទ្រព្យ
– ប្រើប្រាស់ប្រព័ន្ធឌីជីថល និងផ្លេតហ្វមផ្សេងៗក្នុងការធ្វើទីផ្សារដើម្បីស្វែងរកអតិថិជន
– ដឹងពីតម្លៃទីផ្សារពិតប្រាកដ ដោយសារមានទិន្នន័យទូលំទូលាយ
2/ វិធីក្នុងការចាប់យកអ្នកជួលល្អៗ
មិនមែនជារឿងងាយនោះទេក្នុងការសង្កេតមើលថាអ្នកជួលណាល្អ ឬមិនល្អ។ ដោយឡែក ចំពោះសេវាកម្មគ្រប់គ្រងអចលនទ្រព្យមានផ្ដល់ជូននូវកិច្ចសន្យាជួល និងទម្រង់បែបបទនៃការចុះកិច្ចសន្យាត្រឹមត្រូវស្របទៅតាមច្បាប់ដែលអនុញ្ញតឱ្យក្រុមហ៊ុនអាចស្ទាបស្ទង់ដឹងពីប្រភេទនៃអ្នកជួល។ បន្ថែមពីនេះ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យក៏មានដំណាក់កាលត្រឹមត្រូវនៃការប្រមូលឯកសារចាំបាច់នានាពីអ្នកជួល។
3/ សេវាថែទាំ និងជួសជុល
ចំណុចពិសេសមួយទៀតនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យនោះគឺការផ្ដល់ជូនសេវាថែទាំ និងជួសជុលចំពោះអចលនទ្រព្យ។ ជាធម្មតាសំណង់អគារ តែងទទួលរងភាពចាស់រិចរឹលក្រោយពីសាងសង់និងប្រើបាស់យូរឆ្នាំ ដូច្នេះសេវាកម្មនេះ ធានាឱ្យអចលនទ្រព្យឋិតថេរក្នុងសភាពល្អ និងផ្តល់ជួនការជុសជុលរហ័សទន់ចិត្តជូនដល់អ្នកស្នាក់នៅ ដែលអាចជាកត្តាមួយផ្ដល់បទពិសោធន៍ល្អសម្រាប់អ្នកស្នាក់នៅថែមទៀតផង។
4/ ដំណោះស្រាយ និងការអនុវត្តច្បាប់
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមានបុគ្គលផ្នែកច្បាប់ចាំជួយដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធផ្សេងៗ នៅគ្រប់ កាលៈទេសៈមិនថាជាវិវាទរវាងម្ចាស់ទ្រព្យ និងអ្នកជួល ឬជាបណ្ដឹងផ្សេងៗពីសំណាក់អ្នកជួល សេវាកម្មគ្រប់គ្រងអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន។
5/ បញ្ហាលុយកាក់
ការមានអចលនទ្រព្យសម្រាប់វិនិយោគគឺជាយុទ្ធសាស្រ្ដដ៏ល្អក្នុងការបង្កើតប្រាក់ចំណូលបន្ថែម។ ប៉ុន្ដែការប្រមូលលុយ ពីអ្នកជួល អាចជារឿងពិបាក និងចំណាយពេលវេលាច្រើន។ យ៉ាងណាមិញ សម្រាប់សេវាគ្រប់គ្រងអចលនទ្រព្យមានផ្ដល់ជូននូវការប្រមូលលុយកាក់ដែលមានលក្ខណៈងាយស្រួយ ឆាប់រហ័យ និងព្រមទាំងមានសុវត្ថិភាព។
ហេតុដូច្នេះ ការប្រើប្រាស់នូវសេវាគ្រប់គ្រងអចលនទ្រព្យអាចធានាបាននូវការធ្វើយុទ្ធសាស្រ្ដទីផ្សារដែលត្រឹមត្រូវ ងាយស្រួលក្នុងការចាប់យកអតិថិជន ឬអ្នកជួលល្អ ជួយក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗ បូករួមទាំងសេវាកម្មថែទាំងអចលនទ្រព្យ និងការប្រមូលលុយថ្លៃជួលផងដែរ។
អត្ថបទ៖ កែម ស្រីណែត