វិស័យអចលនទ្រព្យហាក់បង្ហាញសក្តានុពលកាន់តែខ្ពស់ ដោយទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីបណ្តាអ្នកវិនិយោគអាមេរិក និងអ្នកវិនិយោគសក្តានុពលផ្សេងៗទៀត តាមរយៈការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលភាគច្រើននៃអ្នកចូលរួមនៃការស្ទង់មតិនេះបានចាត់ទុកថាស្ថានភាពបច្ចុប្បន្នគឺជាឱកាសល្អសម្រាប់ការវិនិយោគលើអចលនទ្រព្យ។ ហើយក្នុងនោះដី គឺជាជម្រើសពេញនិយមសម្រាប់ការវិនិយោគ។

លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញរបាយការណ៍ស្ទង់មតិ ។ រូបភាព៖ AmCham Cambodia
របាយការណ៍ស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដោយផ្តោតលើបច្ចុប្បន្នភាពវិស័យសំណង់-អចលនទ្រព្យ បានបង្ហាញថា អ្នកវិនិយោគប្រហែល៦០ ភាគរយ ក្នុងចំណោមអ្នកវិនិយោគដែលបានសាកសួរសរុប ៥១៧ នាក់ បានឆ្លើយថា ការទិញអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នគឺជាការវិនិយោគដ៏ល្អ ដោយជឿជាក់ថាតម្លៃអចលនទ្រព្យនឹងហក់ងើបឡើងវិញនៅឆ្នាំក្រោយ ខណៈដែលស្ថានភាពទីផ្សារអចលនទ្រព្យនឹងវិលទៅរកភាពល្អប្រសើរ បន្ទាប់ពីកូវីដ-១៩។ នេះបើតាមសេចក្តីរាយការណ៍របស់ការសែតខ្មែរថាមស៍ ដែលបានចូលរួមការធ្វើបទបង្ហាញទាក់ទងនឹងរបាយការណ៍ស្ទង់មតិនេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (Amcham Cambodia) គឺជាអង្គភាពឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនក្នុងស្រុក ជាមួយក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងរួមចំណែកជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកផងដែរ។ បច្ចុប្បន្នអង្គភាពធុរកិច្ចមួយនេះមានសមាជិកជាង ២០០ក្រុមហ៊ុន។
ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិទាំង ៥១៧ នាក់នេះ មានជាង២០ ភាគរយជាអ្នកវិនិយោគអាមេរិក, ជិត៣០ ភាគរយជាជនជាតិខ្មែរ និង ៤៦ភាគរយផ្សេងទៀតមកពីប្រទេសផ្សេង ដែលតំណាងឱ្យស្ថាប័នរបស់រដ្ឋាភិបាល, ធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់, ព្រមទាំងតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យផងដែរ។
ការស្ទង់មតិនេះក៏បានបង្ហាញដែរថា ដីធ្លី ជាប្រភេទអចលនទ្រព្យដែលពេញនិយមជាងគេ ដែលទទួលបានចម្លើយពីការសាកសួរដល់ទៅជាង ៤០ ភាគរយ។ ចំណែកឯ ២៤ ភាគរយឆ្លើយថា វិនិយោគលើបុរីលំនៅឋាន, ២០ភាគរយលើខុនដូ និង ៦ភាគរយផ្តោតលើអចលនទ្រព្យពាណិជ្ជកម្ម។ ហើយរាជធានីភ្នំពេញ នៅតែជាទិសដៅពេញនិយមបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។