ចំណុចសំខាន់៖
- សមាជិករបស់ Century 21 Cambodia បានកើនដល់ជិត២០ក្រុមហ៊ុន និងមានភ្នាក់ងារសរុបប្រមាណ១០០០ នាក់
- Century 21 មានបេសកម្មដ៏ធំនៅក្នុងការរួមចំណែកអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យកម្ពុជាគឺពង្រីកវិសាលភាព, ផ្តល់សេវាកម្មទូលំទូលាយ ដល់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគ នៅទូទាំងប្រទេសកម្ពុជា
- គម្រោងវិនិយោគបង្ហាញសញ្ញាវិជ្ជមានច្រើន ដែលមានទុនវិនិយោគសម្រេចបានប្រមាណជិត៣ពាន់លានដុល្លារ ក្នុងរយៈពេលកណ្តាលឆ្នាំ២០២២
- ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤ ភាគរយ បង្ហាញពីកំណើនតម្រូវការទិញ លក់ ឡើងវិញ ក្នុងទីផ្សារអចលនទ្រព្យ
ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia កាលពីថ្ងៃសៅរ៍ ៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «១០០០ ភ្នាក់ងារ គ្រួសារតែមួយ ដែលជាមហាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការប្រមូលផ្តុំជាកម្លាំងសហការ ដើម្បីបង្កើនសក្តានុពល និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
វាគ្មិនជាច្រើនរូបដែលសុទ្ធសឹងតែជាអ្នកជំនាញ និងមានបទពិសោធ៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យបានបង្ហាញវត្តមាននៅក្នុងសិក្ខាសាលានេះ ដើម្បីចែករំលែកចំណេះដឹង បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ និងគន្លឹះវិនិយោគសំខាន់ៗមួយចំនួនទៅដល់អ្នកចូលរួម និងភ្នាក់ងារ ១០០០នាក់ ព្រមទាំងមានការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់សមាជិករួមគ្រួសារ Century 21 Cambodia។
អ្នកស្រី ហ្គ្រេស រចនី អគ្គនាយកក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា៖ «ការជួបជុំនៅថ្ងៃនេះបានបង្ហាញពីកម្លាំងសហការដ៏រឹងមាំក្នុងចំណោមសមាជិកមហាគ្រួសារ Century 21 Cambodia ដើម្បីពង្រីកវិសាលភាព និងចាប់យកចំណែកទីផ្សារកាន់តែធំនៅកម្ពុជា។»
អ្នកស្រីបន្តថា ព្រឹត្តិការណ៍នេះក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញលើកទឹកចិត្តដល់ភ្នាក់ងារ ក្នុងការចាប់យកជំនាញក្លាយខ្លួនជាអ្នកវិនិយោគក្នុងវិស័យនេះ ដើម្បីលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរផងដែរ។
ព្រឹត្តិការណ៍ដែលប្រមូលផ្តុំការជួបជុំមហាគ្រួសារ Century 21 Cambodia បានឆ្លុះបញ្ជាំងពីសាមគ្គីភាពរឹងមាំដែលនឹងរួមចំណែកបង្កើនទំនុកចិត្តដល់អតិថិជន ស្របពេលដែលសកម្មភាពទិញលក់អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាហាក់បង្ហាញសញ្ញាវិជ្ជមានច្រើន។ ជាក់ស្តែង បើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា រយៈពេលពាក់កណ្តាលឆ្នាំ២០២២នេះ មានគម្រោងវិនិយោគជិត១០០គម្រោងទទួលបានការអនុម័តដែលមានទុនបូកបញ្ចូលគ្នាដល់ទៅជិត ៣ពាន់លានដុល្លារអាមេរិក។
ចំណែកឯ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក៏បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដែលនេះឆ្លុះបញ្ចាំងពីសកម្មភាពទិញ-លក់អចលនទ្រព្យកំពុងងើបឡើងវិញ ស្របតាមកំណើនសេដ្ឋកិច្ច បន្ទាប់ពីស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រងបាន។ ទិន្នន័យចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២២នេះ ចំណូលពន្ធសម្រេចបានមានប្រមាណ ១ ៩៧០ លានដុល្លារ។ ចំណូលនេះគឺមានការរួមចំណែកពីកំណើនប្រភេទពន្ធផ្សេងៗគ្នា ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើនខ្ពស់ជាងគេ ៤៤ ភាគរយ ធៀបនឹងរយៈពេល៦ ខែឆ្នាំ២០២១។
លោកព្រាប កុល ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Century 21 Zillion Holding បានថ្លែងប្រាប់អ្នកកយកព័ត៌មាន Z1News នៅក្នុងកម្មវិធីជួបជុំនេះដោយបញ្ជាក់ថា៖ «សក្តានុពលអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានវិសាលភាពធំធេង ដ្បិតសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់មួយចំនួន។ ប៉ុន្តែចរន្តនៃការទិញ-លក់ និងការជួល ហើយសកម្មភាពវិនិយោគទាំងក្នុង និងក្រៅស្រុក នៅតែបន្តមានសន្ទុះនៅឡើយ ដែលកត្តានេះបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ និងអ្នកផ្តល់សេវាកម្មនៅក្នុងទីផ្សារអចលនទ្រព្យ។»
ក្រុមហ៊ុន Century 21 Zillion Holding ផ្តោតសំខាន់លើឯកទេស ទិញ លក់ ជួល ដីធ្លី នៅទូទាំងប្រទេសកម្ពុជា ហើយកំពុងប្រតិបត្តិការនៅទូទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ និង២៥ខេត្ត-ក្រុងនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជ្រើសរើស អ្នកគ្រប់គ្រងសាខាប្រចាំ ឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា ចំនួន ១ ៦៥២ នាក់ ដើម្បីក្លាយជាតំណាងក្នុងការឈរជើងធ្វើការនៅតំបន់ដែលពួកគេរស់នៅ។
នៅក្នុងព្រឹត្តិការណ៍ជួបជុំនេះ សមាជិករបស់ក្រុមហ៊ុន Century 21 Cambodia ទាំងអស់ ក៏បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយ ដោយមានការរៀបចំចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Zillion United, Zillion Development, Z1 Flexible Solutions និងក្រុមហ៊ុន Forest Harmony ជាដើម ដែលក្រុមហ៊ុនទាំងនេះស្ថិតនៅក្នុងចង្កោមនៃអ៊ីកូស៊ីស្តឹម (Ecosystem) របស់ក្រុមហ៊ុន Zillennium Group ដែលជាបណ្តុំទីផ្សារ និងដំណោះស្រាយអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។
កិច្ចសហការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយលក់គម្រោងអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។