កិច្ចសហការដើម្បីអនាគតយុវជនក្នុងវិស័យបដិសណ្ឋារកិច្ច

Bunthoeun Chhut 14/July/2022 18:13
ចែករំលែក

សណ្ឋាគារលំដាប់ផ្កាយ៣ Yani Hotel ដែលគ្រប់គ្រងដោយក្រុមហ៊ុន Chestertons Cambodia បានសម្រេចកិច្ចសហការជាមួយអង្គការស្លាបព្រាកម្ពុជាដើម្បីជំរុញការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច តាមរយៈផ្តល់ការបណ្តុះបណ្តាលនិងការអនុវត្តជាក់ស្តែងដល់យុវជនដែលចាប់យកជំនាញក្នុងវិស័យដ៏មានសក្តានុពលមួយនេះ។

ស្ថាប័នទាំងពីរបានរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅព្រឹកថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Yani Hotel ស្ថិតក្នុងក្រុងសៀមរាប។ MoU នេះត្រូវបានចុះហត្ថលេខាដោយកញ្ញាសាម ចាន់ធូ នាយកប្រតិបត្តិក្រុមហ៊ុន Chesterons Cambodia និងអ្នកស្រីម៉ៅ សុផានី តំណាងអង្គការស្លាបព្រាកម្ពុជា។

ពីឆ្វេងទៅស្តាំ កញ្ញា សាម ចាន់ធូ នាយកប្រតិបត្តិក្រុមហ៊ុន Chestertons Cambodia, អ្នកស្រី ម៉ៅ សុផានី តំណាងអង្គការ Spoon Cambodia Organization។ រូបភាព៖ Z1News

នាយកប្រតិបត្តិក្រុមហ៊ុន Chesterons Cambodia កញ្ញា សាម ចាន់ធូ បានលើកឡើងថាតាមរយៈកិច្ចសហការនេះយុវជនដែលកំពុងសិក្សាជំនាញក្នុងវិស័យបដិសណ្ឋារកិច្ចនៅអង្គការស្លាបព្រាកម្ពុជានឹងអាចទទួលបានឱកាសហាត់ការដើម្បីដកយកបទពិសោធការងារនិងឱកាសការងារនៅឯសណ្ឋាគារលំដាប់ផ្កាយ៣ Yani Hotel ព្រមទាំងឱកាសការងារលើគម្រោងដែលជាដៃគូរបស់ក្រុមហ៊ុន Chestertons Cambodia ផ្សេងៗទៀតនាពេលខាងមុខ។​

កញ្ញាបញ្ជាក់ថា៖ «នេះជាកិច្ចការដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអប់រំដល់យុវជននៅទីជនបទដែលពុំមានលទ្ធភាពគ្រប់គ្រាន់ដោយអាចទទួលបានឱកាសចាប់យកជំនាញដ៏មានសក្តានុពល។ យើងខ្ញុំជឿជាក់ថាការជួយដល់យុវជនឱ្យមានចំណេះជំនាញ នឹងជួយឱ្យវិស័យបដិសណ្ឋារកិច្ចនឹងមានការរីកចម្រើនបន្ថែមទៀត ស្របទៅនឹងការរំពឹងទុកនៃកំណើនទេសចរជាតិនិងអន្តរជាតិនាពេលខាងមុខ។»

សណ្ឋាគារ Yani Hotelជាសណ្ឋាគារលំដាប់ផ្កាយ៣ ផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរធម្មជាតិនិងបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅលើពិភពលោក។ សណ្ឋាគារដ៏ប្រណិតមួយនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក មានប្រភពដើមពីចក្រភពអង់គ្លេស។ឯកទេសរបស់ក្រុមហ៊ុន Chestertons Cambodia ផ្ដោតសំខាន់លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដូចជាអគារការិយាល័យ អគារលំនៅឋាន បុរីរួមទាំងអគារពាណិជ្ជកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ម៉ៅសុផានី តំណាងអង្គការស្លាបព្រាកម្ពុជា បានចាត់ទុកថាការសហការនេះនឹងរួមចំណែកដ៏សំខាន់សម្រាប់ការងារអប់រំផ្នែកបដិសណ្ឋារកិច្ចដែលអនុញ្ញាតឱ្យសិស្សអង្គការស្លាបព្រាកម្ពុជាបានចុះអនុវត្តនៅសណ្ឋាគារផ្ទាល់ជាមួយនឹងសម្ភារសម្បូរបែបដែលអង្គការស្លាបព្រាកំពុងជួបបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ អ្នកស្រីបញ្ជាក់ទៀតថាការបោះដៃជួយជ្រោមជ្រែងសហគមន៍ក្នុងកាលៈទេសៈដល់លំបាកបែបនេះ ពិតជាមានអត្ថន័យនឹងមិនអាចកាត់ថ្លៃបាន។

អ្នកស្រីថ្លែងថា៖  «សណ្ឋាគារ Yani គឺជាគំរូមួយដល់វិស័យឯកជនចំពោះការចូលរួមចំណែកទៅលើការសហការទទួលខុសត្រូវលើកិច្ចការសង្គម ហើយយើងជឿជាក់ថាកិច្ចសហការមួយនេះប្រាកដជាទទួលបានផ្លែផ្កាដល់សិស្សដែលកំពុងតែបានបណ្តុះបណ្តាលក្នុងគម្រោងរបស់អង្គការស្លាបព្រាកម្ពុជា។» លោកស្រីបន្ថែមទៀតថា សិស្សទទួលបានការបណ្តុះបណ្តាលនឹងការអនុវត្តពេញលេញក្នុងកម្មវិធីសិក្សា ពួកគេនឹងមានឱកាសការងារល្អ កន្លែងការងារដែលផ្តល់តម្លៃ គិតគូរសុខទុក្ខបុគ្គលិកនឹងគោរពច្បាប់ការងារ។

បើតាមអ្នកស្រី ម៉ៅសុផានី រហូតមកដល់បច្ចុប្បន្នអង្គការទទួលបានសិស្សមកសិក្សាជំនាញបដិសណ្ឋារកិច្ច ដូចជា ចុងភៅ ម្ហូបនិងភេសជ្ជៈ និងគេហកិច្ចបានជាង ៤០០ នាក់។ ក្នុងនោះ ៦០ភាគរយ ជាយុវតី ដែលបញ្ចប់ការសិក្សា ហើយបានចូលបម្រើការក្នុងវិស័យបដិសណ្ឋារកិច្ច។

វិស័យទេសចរណ៍ ហាក់បង្ហាញសញ្ញាងើបឡើងវិញបណ្តើរៗហើយ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលបង្កឡើងដោយជំងឺកូវីដ១៩។​ ជាក់ស្តែងរយៈពេលពាក់កណ្តាលឆ្នាំ ២០២២នេះ (មករា-មិថុនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ ហើយរំពឹងងើបឡើងវិញដល់២លាននាក់នៅឆ្នាំ២០២៣។ តាមការប៉ាន់ប្រមាណរបស់ក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរអន្តរជាតិនឹងអាចវិលទៅរកកំណើនដូចដើមវិញនៅឆ្នាំ ២០២៦។

ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាង​ភាគីទាំងពីរនាពេលនេះ គឺជាការបើកនូវឱកាសថ្មីបន្ថែមទៀតសម្រាប់យុវជនកម្ពុជា ដែលចាប់យកជំនាញបដិសណ្ឋារកិច្ច​ ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបតម្រូវការទីផ្សារ​ទេសចរណ៍នាពេលខាងមុខ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង