ក្រុមហ៊ុនពីរចុះMoU លើការលក់គម្រោងផ្ទះអាជីវកម្ម

Bunthoeun Chhut 09/July/2022 15:08
ចែករំលែក

 ក្រុមហ៊ុន Zillion United និងក្រុមហ៊ុន Century 21 H.E Investment បានសម្រេចកិច្ចសហការលើការលក់គម្រោងផ្ទះអាជីវកម្ម ក្នុងគម្រោងបុរីកម្ពុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឬស្សីកែវ ដែលជាតំបន់មានសក្តានុពលខ្ពស់សម្រាប់ការប្រកបអាជីវកម្ម និងការរស់នៅ។

ពីឆ្វេងទៅស្តាំលោក លី សុខឡាង អគ្គនាយកក្រុមហ៊ុន Century 21 H.E Investment, លោកឧកញ៉ា កាង សុធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillion United

ក្រុមហ៊ុនទាំងពីរបានរៀបចំចុះអនុស្សារៈយោគយល់គ្នា (MoU) កាលពីថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន Century 21 H.E Investment ទទួលបានសិទ្ធលក់ផ្តាច់មុខលើការលក់គម្រោងផ្ទះអាជីវកម្មចំនួន ២៣ ល្វែង (shophouse) ឋិតក្នុងបុរីកម្ពុ។ MoU នេះត្រូវបានចុះហត្ថលេខា ដោយលោកឧកញ៉ា កាង សុធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillion United និងលោក លី សុខឡាង អគ្គនាយកក្រុមហ៊ុន Century 21 H.E Investment។

[អត្ថបទទាក់ទង៖ តំបន់អភិវឌ្ឍលំនៅឋាន និងអាជីវកម្មដ៏ទាក់ទាញក្នុងខណ្ឌឬស្សីកែវ]

ណ្តុំផ្ទះអាជីវកម្ម ឋិតក្នុងគម្រោងបុរីកម្ពុ តាមបណ្តោយផ្លូវជាតិលេខ ៥។ រូបភាព៖ Z1News

លោក លី សុខឡាង អគ្គនាយកក្រុមហ៊ុន Century 21 H.E Investment បានលើកឡើងថា កំណាត់ផ្លូជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ជាទីតាំងដែលមានអំណោយខ្ពស់សម្រាប់ការប្រតិបត្តិការអាជីវកម្ម ដោយសារមានសកម្មភាពមមាញឹក​នៃការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ដូចជា កំពង់ឆ្នាំ ពោធិ័សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ដោយសារកត្តាទីតាំងមានភាពទាក់ទាញ ស្របពេលដែលសំណង់ផ្ទះអាជីវកម្មសម្រេចការសាងសង់ភាគច្រើន លោករំពឹងថាក្រុមហ៊ុន Century 21 H.E Investment ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ នឹងអាចសម្រេចការលក់គម្រោងផ្ទះអាជីវកម្មទាំងនេះតាមផែនការគ្រោងទុក។

ផ្ទះអាជីវកម្មចំនួន៣ល្វែង ​ដែលឋិតក្នុងចំណោមគម្រោងផ្ទះអាជីវកម្មសរុប ២៣ល្វែង នឹងដាក់ឱ្យមានការវិនិយោគជាឯកតា (UT) នៅលើផ្លេតហ្វមឌីជីថល UT SWAP ដោយអ្នកវិនិយោគអាចចាប់ផ្តើមជាមួយទុនតិចតូចត្រឹមតែ 0.94 ដុល្លារ ក្នុងមួយឯកតា។

UT SWAP គឺផ្លេតហ្វមទីផ្សារ​អចលនទ្រព្យតាមបែបឌីជីថល អភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក Zillion United ដែលជាផ្នែកមួយនៃក្រុមហ៊ុន Zillennium Group។ ការវិនិយោគអចលនទ្រព្យ ត្រូវការទុនធំ ដែលជាឧបសគ្គសម្រាប់អ្នកមានទុនតិចតូចចាប់ផ្តើមវិនិយោគក្នុងវិស័យនេះ ហើយវត្តមានរបស់ផ្លេតហ្វម UT SWAP គឺផ្តល់ដំណោះស្រាយដល់ទីផ្សារអចលនទ្រព្យកាន់តែសម្បូរបែប ដោយអ្នកវិនិយោគអាចចាប់ផ្តើមពីទុនតិច (ត្រឹមមួយដុល្លារឡើងទៅ) ក៏អាចវិនិយោគអចលនទ្រព្យដែលមានតម្លៃថ្លៃៗ នៅលើផ្លេតហ្វម UT SWAP បានដែរ។

មុខងារសំខាន់មួយទៀត របស់ផ្លេតហ្វមនេះ គឺផ្តល់ដំណោះស្រាយដល់ម្ចាស់ទ្រព្យតាមរយៈការដោះដូររវាងអចលនទ្រព្យ និងអចលនទ្រព្យ ពោលគឺដី អាចដោះដូរជាមួយ ផ្ទះ ឬផ្ទះអាចដោះដូរជាមួយផ្ទះជាដើម៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង