គម្រោងលំនៅឋានធំៗ កំពុងបង្កើនសក្តានុពលអចលនទ្រព្យខណ្ឌឬស្សីកែវ

Bunthoeun Chhut 06/July/2022 11:32
ចែករំលែក

ភ្នំពេញ៖  ខណ្ឌឬស្សីកែវដែលស្ថិតនៅតាមបណ្តោយទន្លេសាបត្រើយខាងលិចនៃរាជធានីភ្នំពេញ បានបង្ហាញសក្តានុពលកាន់តែខ្លាំងឡើង ដោយគម្រោងលំនៅឋានធំៗជាច្រើនកំពុងអភិវឌ្ឍក្នុងខណ្ឌនេះ។

ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ កញ្ញាសូ សុគុណឌឿន បានឱ្យដឹងថា បច្ចុប្បន្នគម្រោងអភិវឌ្ឍនបុរីលំនៅឋានធំៗចំនួន៦ កំពុងបង្ហាញវត្តមានក្នុងខណ្ឌឬស្សីកែវ។ គម្រោងទាំងនោះមានដូចជា បុរីជីបម៉ុង ៥៩៨, បុរីវិមានភ្នំពេញ, គម្រោងអង្គរភ្នំពេញ បុរីភ្នំពេញថ្មី បុរីរឹទ្ធិ និងបុរីប៉េងហ៊ួត  ដែលសុទ្ធសឹងតែជាបណ្តុំបុរីធំៗនៅភ្នំពេញ។

ផែនទីបង្ហាញពីបណ្តុំលំនៅឋានបុរីក្នុងខណ្ឌឬស្សីកែវ

ក្រៅពីប្រភេទបុរីលំនៅឋាន ខណ្ឌនេះក៏ចាប់ផ្តើមមានការអភិវឌ្ឍប្រភេទអចលនទ្រព្យពាណិជ្ជកម្មដូចជា គម្រោងអគារពាណិជ្ជកម្ម The Parkway, អគារសហកម្មសិទ្ធ (លំនៅឋានខុនដូ) Sky Tree និងប្រភេទផ្សារទំនើបខ្នាតតូច និងផ្សារទំនើបបែបសហគមន៍មានដូចជា Bigtree Community Mall, ChipMong Mall 598, Domries Park 598, Aeon Maxvalue, និងផ្សារទំនើប Lucky Express ជាដើម។ ​

[អត្ថបទទាក់ទង៖ កំណាត់ផ្លូវជាតិលេខ ៥ នឹងក្លាយជាតំបន់អភិវឌ្ឍលំនៅឋាន និងអាជីវកម្មដ៏ទាក់ទាញ]

កញ្ញាសូ សុគុណឌឿន បានលើកឡើងថា៖ «កំណើននៃការវិនិយោគគម្រោងលំនៅឋាន និងប្រភេទអចលនទ្រព្យពាណិជ្ជកម្មទាំងនេះ បានជំរុញកំណើនប្រជាសាស្រ្តក្នុងខណ្ឌឬស្សីកែវកាន់តែអ៊ូអរដែលបង្កើតបានសកម្មភាពរស់នៅ និងការធ្វើអាជីវកម្មកាន់តែទាក់ទាញ»។

ខណ្ឌឬស្សីកែវ ស្ថិតនៅចន្លោះរវាងខណ្ឌសែន សុខ​ និងខណ្ឌជ្រោយចង្វារ ដែលជាតំបន់ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងគម្រោងលំនៅឋាន និងពាណិជ្ជកម្ម​។

ចំនួនផ្ទះជាប់ដីសរុបក្នុងខណ្ឌឬស្សីកែវ មានចំណែកតែ ៩ ភាគ​រយ នៃចំនួនផ្ទះជាប់ដីសរុប ១៨៦ ៣០៩ខ្នង ក្នុងរាជធានីភ្នំពេញគិតត្រឹមឆ្នាំ២០២០។ នេះបើតាមទិន្នន័យ Z1 Data Co.,LTD ដែលក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត (AI)។

ទិន្ន័យពីក្រុមហ៊ុន Z1 Data បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ខណ្ឌឬស្សីកែវមានផ្ទះជាប់ដីសរុប ១៧ ២៧៩ ខ្នង ដោយសម្រេចការលក់បាន ១៦ ៨៩០ ខ្នង។ ចំនួននៃការលក់បាននេះគឺស្មើនឹង ៩៨ ភាគរយនៃការផ្គត់ផ្គង់ ដែលនេះបង្ហាញពីសក្តានុពលដ៏ធំមួយរបស់ខណ្ឌឬស្សីកែវ ដែលមាន​តម្រូវការខ្ពស់ក្នុងការវិនិយោគលំនៅឋាន។

កត្តានេះមានន័យថា លទ្ធភាពនៃការស្រូបទាញ​ទីផ្សារសម្រាប់ការអភិវឌ្ឍលំនៅឋាន (ផ្ទះជាប់ដី) ក្នុងខណ្ឌឬស្សីកែវ មានអត្រាកំណើនខ្ពស់ ដោយសារតែចំនួននៃការលក់ សម្រេចបានស្ទើរតែ​ ១០០ ភាគរយនៃចំនួនផ្គត់ផ្គង់សរុប​ក្នុងខណ្ឌនេះ។

ចំណែកឯលំនៅឋានខុនដូវិញ ខណ្ឌឬស្សីកែវមានអគារខុនដូ ២៥ គម្រោង ដែលមានបន្ទ​ប់ស្នាក់នៅសរុបស្មើនឹង ៤ ២១៩  យូនីត ដោយលក់បាន ១ ៧៣៩ យូនីត។ ចំនួនលក់បាននេះ ស្មើនឹង ៤១ ភាគរយ ចំនួនផ្គត់ផ្គង់៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង