គន្លឹះសាងគ្រឹះរឹងមាំក្នុងវិស័យជំនួញរបស់មហាសេដ្ឋីអាស៊ី ​

Torng Rotanak 05/July/2022 15:03
ចែករំលែក

អ្នកជំនួញជើងចាស់​លោក Li Ka-shing នៅតែបន្តគ្រងដំណែងជាកំពូលអ្នកធ្វើជំនួញដ៏ល្បីល្បាញមួយរូបនៅអាស៊ី ដោយគិតមកត្រឹមថ្ងៃទី៥ ខែកក្កដា​ឆ្នាំ ២០២២នេះ ទ្រព្យសម្បត្តិរបស់លោកបានកើនដល់ជាង ៣១ ពាន់លានដុល្លារអាមេរិក។  នេះបើតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោកដែលកត់ត្រាដោយសារព័ត៌មាន  Bloomberg។​

ភាពខ្លាំងរបស់មហាសេដ្ឋីចាស់វស្សារូបនេះគឺ «ជំនាញនៅក្នុងការអង្កេត» រហូតត្រូវបានគេឱ្យរហ័សនាមលោកថាជា Superman។ តើលំដាប់មហាសេដ្ឋីអាស៊ីជើងចាស់រូបនេះមានចំណុចពិសេសអ្វីខ្លះដែលអាចឲ្យមនុស្សជំនាន់ក្រោយរៀនសូត្រ និងសិក្សាស្វែងយល់ពីការបង្កើតទ្រព្យសម្បត្តិពាន់លាន់របស់គាត់? បណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានចងក្រងពីប្រភពឯកសារផ្សេងៗ ទាក់ទងនឹងគន្លឹះសខាន់ៗ ក្នុងកសាងគ្រឹះជំនួញរបស់លោក Li Ka-shing មាន៥ចំណុចដូចខាងក្រោម៖

1/ អង្កេត និងយល់ឱ្យបានស៊ីជម្រៅពីនិន្នាការកំពុងកើតឡើង

ក្នុងឆ្នាំ ១៩៤៩ ឧស្សាហកម្មប្លាស្ទិក ជាក្រុមហ៊ុនដំបូងរបស់លោក លី ដែលបានកកើតឡើងតាមរយៈការអង្កេតរបស់លោកក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងឧស្សាហកម្ម និងការមើលឃើញពីសក្តានុពលនៃការប្រើប្រាស់ផ្លាស្ទិកនាពេលអនាគត។​

ក្នុងអំឡុងនៃការចាប់ផ្តើមឧស្សាហកម្មប្លាស្ទិក លោកលី មិនបានទិញសម្ភារៈឆៅក្នុងចំនួនច្រើន មកស្តុកទុកនោះទេ។ ព្រោះលោកដឹងថា ប្លាស្ទិក ជាផលិតផលថ្មីនៅក្នុងប្រទេសចិន និងហុងកុង ហើយប្រជាជននៅពុំទាន់ដឹងពីការប្រើប្រាស់ផលិតផលទាំងអស់នោះនៅឡើយទេ នេះហើយជាយុទ្ធសាស្ត្ររក្សាលំនឹងក្រុមហ៊ុនថ្មីមួយនេះ។ រហូតដល់ឆ្នាំ ១៩៥០ ឧស្សាហកម្មប្លាស្ទិកមួយនេះ ត្រូវបានដាក់ឈ្មោះជាផ្លូវការថាក្រុមហ៊ុន Cheung Kong។

2/ គោលដៅ ១០ ឆ្នាំ៣ដង មុនក្លាយជាអ្នកជំនួញដ៏រឹងមាំ

  • ឆ្នាំ ១៩៤០ លោក លី ជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយក្នុងប្រទេសហុងកុង។ ក្រោយមកលោកត្រូវបានឡើងដំណែងជាអ្នកគ្រប់គ្រងរោងចក្រក្នុងវ័យ ១៩ឆ្នាំ។ សូមបញ្ជាក់ផងដែរថា តំណែងមួយនេះបានមកពីការខិតខំប្រឹងប្រែងធ្វើការ ភាពរហ័សរហួន និងការយកចិត្តទុកដាក់លើការងារដែលលោកបានធ្វើ រហូតទទួលបានការពេញចិត្តពីចៅហ្វាយនាយរបស់លោក។
  • ឆ្នាំ ១៩៥០ លោកបានចាប់ផ្តើមជំនួញដំបូង គឺឧស្សាហកម្មប្លាស្ទិក ដែលនេះជាផលិតផលដំបូងនៅហុងកុង និងនៅចិនដីគោក។ បន្ទាប់ពីរូបលោកបានសិក្សាស្វែងយល់ពីនយោបាយសេដ្ឋកិច្ច ឧស្សាហកម្មជំនួញ គួបផ្សំជាមួយចំណេះ ជំនាញដែលលោកមានស្រាប់ ទើបធ្វើឲ្យលោកសម្រេចចាប់ផ្តើមជំនួញមួយនេះឡើង។
  • ឆ្នាំ ១៩៦០ លោកបានក្លាយម្ចាស់ក្រុមហ៊ុនផលិតទំនិញដ៏ធំបំផុតនៅប្របានទេសហុងកុង។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំបន្តបន្ទាប់នៃការខិតខំប្រឹងប្រែង លោក លីបានបំលែងខ្លួនយ៉ាងល្អ ពីបុគ្គលិកផ្នែកលក់ ទៅជាម្ចាស់ឧស្សាហកម្មប្លាស្ទិក និងរហូតបានក្លាយជាម្ចាស់ក្រុមផលិតទំនិញដ៏ធំនៅក្នុងប្រទេសហុងកុង។

3/ ចាប់យកឱកាស ពេលដែលដ៏ទៃមើលឃើញថាជា «វិបត្តិ» (ឱកាសកើតមានគ្រប់កាលទេស)

អ្នកជំនួញដ៏ចំណានរូបនេះបានបន្តភាពមានបានរបស់ខ្លួនជាហូរហែរ រហូតដល់ឆ្នាំ ១៩៥៨ ដោយលោកបានចាប់ផ្តើមប្រមូលទិញអចលនទ្រព្យច្រើនកន្លែង។ ដោយមើលឃើញពីការកំណើននៃការជួល លោក លី បានទិញដីមួយកន្លែង ហើយអភិវឌ្ឍអគាររោងចក្រសម្រាប់ជួល រហូតដល់ឆ្នាំ ១៩៦៧ ប្រជាជនបានធ្វើដំណើរតាមជើងហោះហើរមកកាន់ក្រុងហុងកុង ដែលពេលនោះបានធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើងយ៉ាងគំហុគ។ ក្នុងពេលនោះដែរ លោកលីបានប្រមូលទិញដីពីអ្នកស្រុកដែលរត់គេចខ្លួននៅក្នុងតម្លៃថោក។ សួរថា ទិញធ្វើអី បើកំពុងតែមានវិបត្តិនយោបាយចឹង? លោកលី ជឿជាក់ថា វិបត្តិនេះនឹងបញ្ចប់ទៅវិញឆាប់ៗ ហើយតម្លៃដីទាំងនោះឡើងថ្លៃប្រាកដណាស់។ រហូតដល់ឆ្នាំ ១៩៧១ លោកក៏បានបើកក្រុមហ៊ុនអចនទ្រព្យដោយដាក់ឈ្មោះថា Cheung Kong ហើយភាពជោគជ័យរបស់ក្រុមហ៊ុនអចនទ្រព្យរបស់លោកគឺ Cheung Kong Holdings គឺជាកូនសោរ ប្រកួតប្រជែងដីធ្លីនៅហុងកុង និយាយទៅត្រូវបានក្លាយជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់នៅប្រទេសហុងកុងតែម្តង។​

4/ ត្រៀមជាស្រេចក្នុងការគ្រប់គ្រងហានិភ័យ

គោលនយោបាយក្នុងការរកស៊ីរបស់សេដ្ឋីអាស៊ីរូបនេះ «លោកតែងតែត្រៀមខ្លួនជាស្រេចពេលដែលមានស្ថានភាពអាក្រក់អ្វីមួយកើតឡើង» លោកលី ជាមនុស្សពូកែអង្កេតណាស់។ ដូច្នេះមិនមែនជារឿងចម្លែកនោះទេ ដែលលោកមានវិធីសាស្ត្របែបនេះក្នុងមុខជំនួញ។ រយៈពេលជាង ៥០ ឆ្នាំ ក្រុមហ៊ុន Cheung Kong មិនដែលជួបបញ្ហាហិរញ្ញវត្ថុសូម្បីតែម្តង នេះក៏ព្រោះតែលោកបានត្រៀមខ្លួនជាស្រេចទៅនិងបញ្ហាអាក្រក់ដែលកើតឡើងចំពោះក្រុមហ៊ុនរបស់លោក។

5/ ចាប់ផ្តើមជាមួយទុនក្នុងហោប៉ៅ

មហាសេដ្ឋីអាស៊ីរូបនេះមិនប្រើប្រាក់កម្ចីពីធនាគារនោះឡើយ និយាយឲ្យស្រួលស្តាប់ អត់ខ្ចីលុយគេរកស៊ីទេ មានប៉ុន្មានលោករកស៊ីប៉ុណ្ណឹង មានតិចទិញតិច មានច្រើនតិចច្រើន។ លោកបានបញ្ចាក់ប្រាប់ថា បើមានអ្នកណាហៅលោកឲ្យរកស៊ីជាមួយ លោកដាក់ទុនត្រឹមតែ ១៥ ឬ ២០ ភាគរយតែប៉ុណ្ណោះ។

បច្ចុប្បន្នមហាសេដ្ឋីអាស៊ីលំដាប់លេខរៀង ៣៧ រូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ៣២ ពាន់លានដុល្លា។ លោក លី កាស៊ីង បានផ្ទេរជំនួញរបស់លោកទៅឲ្យកូនប្រុសច្បងដើម្បីគ្រប់គ្រងបន្ត ក្នុងវ័យ ៨៩ ក្នុងឆ្នាំ ២០១៨។ បើទោះបីជារូបលោកបានចូលនិវត្តន៍ពីការងាររបស់លោកក្តី ក៏ប៉ុន្តែលោកនៅតែជាអ្នកផ្តល់ប្រឹក្សាចាស់វស្សាដល់ក្រុមហ៊ុនរបស់លោក។

នេះគ្រាន់តែជាគំនិត និងការចែករំលែកនូវយុទ្ធសាស្ត្រជំនួញរបស់មហាសេដ្ឋីអាស៊ី Li Ka shing។​ ដូច្នេះ អ្នកនៅតែអាចអភិវឌ្ឍខ្លួន និងបង្កើតភាពច្នៃប្រឌិតបន្ថែមលើគំនិតដែលមានស្រាប់ដើម្បីជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យ ក្នុងការប្រកបកិច្ចការប្រចាំថ្ងៃ និងមុខជំនួញ។

អត្ថបទ៖ កែវ សុខអាត

(ហាមចម្លងដោយគ្មានការអនុញ្ញាត។ សម្រាប់ការយកអត្ថបទ ឬវីឌីអូពី Z1News ទៅផ្សាយបន្ត សូមទាក់ទងមកទូរស័ព្ទលេខ៖ 017 349 428)

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង