តំបន់ផ្លូវជាតិលេខ៥ ដែលគិតតែតំបន់ឆ្លងកាត់ក្នុងរាជធានីភ្នំពេញគឺខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ ស្របពេលដែលផ្លូវមួយខែ្សនេះនឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ក្នុងភ្ជាប់ភ្នំពេញទៅកាន់បណ្តាខេត្តពាយ័ព្យនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ម្ចាស់គម្រោងធំៗមួយចំនួនបានទិញដីនៅតំបន់ចន្លោះផ្លូវជាតិលេខ ៥ និង ផ្លូវ ៦A ហើយលាតសន្ទឹងដល់ផ្លូវ ៦១ ក្នុងគោលដៅអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាននាពេលអនាគត។
លោកថ្លែងថា៖ «ជាពិសេសក្រវ៉ាត់ក្រុងផ្លូវជាតិលេខ ៥ ផ្លូវជាតិ ៦A នឹងមានកំណើនសន្ទុះនៃការអភិវឌ្ឍ….ព្រោះ ម្ចាស់បុរីធំៗកំពុងអភិវឌ្ឍរួមគ្នានៅតំបន់ផ្លូវជាតិទាំងពីរនេះ។ គាត់ទិញដីធំៗច្រើនណាស់ អ៊ីចឹងពេលក្រោយទៅអគារណិជ្ជកម្មខ្ពស់ៗ នឹងទៅប្រមូលផ្តុំនៅតំបន់នោះ»។
ផ្លូវជាតិលេខ ៥ តភ្ជាប់ភ្នំពេញជាមួយខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នផ្លូវជាតិមួយខ្សែនេះកំពុងអភិវឌ្ឍដោយពង្រីកពី២គន្លង ទៅ៤កន្លង គិតចាប់ពីចំនុចព្រែក្តាម (ខេត្តកណ្តាល) រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងស្ថាបនាផ្លូវជាតិលេខ ៥ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ ដែលគិតមកទល់បច្ចុប្បន្នសម្រេចបានភាគច្រើន ហើយគ្រោងចំណាយប្រមាណ ៥០០ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលជប៉ុន។

កំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ។ រូបភាព៖ Z1News
ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នា រវាងរាជធានីភ្នំពេញទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន។
ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ កញ្ញាសូ សុគុណឌឿន បានលើកឡើងថា រំហូរចរាចរណ៍ដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅបណ្តាខេត្តនានានឹងកាន់តែល្អប្រសើរ និងមមាញឹកជាងមុន។ កត្តានេះនឹងជួយជំរុញសក្តានុពលតំបន់ដែលចេញពីរាជធានីភ្នំពេញ ដូចជាកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ដោយបង្កើនតម្រូវការផ្ទះសម្រាប់ធ្វើអាជីវកម្មកាន់តែច្រើន។

កញ្ញាសូ សុគុណឌឿន ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ
កញ្ញាបន្តថា៖ «បើធៀបនឹង ៣ ឆ្នាំមុន ទីតាំងមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ ៥ ហាក់មានការអភិវឌ្ឍតិចតូច។ ប៉ុន្តែបច្ចុប្បន្ន សហគមន៍ផ្សារទំនើប និងលំនៅឋានដ្ឋានបែបអាជីវកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឬស្សីកែវមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារតំបន់នេះមានទំហំដីធំៗច្រើន និងតម្លៃដីមានលក្ខណៈប្រកួតប្រជែង បើធៀបនឹងតំបន់សក្តានុពលផ្សេងៗទៀត»។
ភោជនីយដ្ឋាន Park Cafe ដែលហាងអាហារទំនើបក្នុងស្រុកមួយ កំពុងត្រៀមខ្លួនបើកដំណើរការសាខាថ្មីឋិតក្នុងគម្រោងបុរីកម្ពុ ដែលជាបណ្តុំបុរីលំនៅឋានបែបអាជីវកម្មដ៏មានសក្តានុពល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥។
សាខាថ្មីរបស់ Park Cafe ដែលគ្រោងបើកដំណើរការឆាប់ៗខាងមុខ គឺស្របតាមយុទ្ធពង្រីកខ្លួន របស់ម៉ាកយីហោហាងអាហារក្នុងស្រុកបែបទំនើបមួយនេះ ដោយដាក់ទីតាំងកាន់តែច្រើនឡើងនៅតំបន់ទីប្រជុំជនថ្មីនៅជាយរាជធានីភ្នំពេញ ជាពិសេសផ្លូវចេញពីក្រុងទៅខេត្តនានានៅកម្ពុជា៕ (អានបន្ថែម)

សាខា Park Cafe ថ្មីឋិតក្នុងបុរីកម្ពុ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឬស្សីកែវ ។ រូបភាព៖ Z1News