និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនអភិវឌ្ឍផ្លេតហ្វមវិនិយោគទ្រព្យឌីជីថលដ៏ធំលើពិភពលោកដើម្បីសហការអភិវឌ្ឍក្របខណ្ឌបទប្បញ្ញាត្តិគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្មទ្រព្យឌីជីថលនៅកម្ពុជា។
កិច្ចសហការនេះហាក់បង្ហាញពីការចាប់អារម្មណ៍របស់ (ន.ម.ក) ពីសក្តានុពលនៃអាជីវកម្មទ្រព្យឌីជីថល ហើយការរៀបចំបទប្បញ្ញាត្តិបានត្រឹមត្រូវនឹងធ្វើឲ្យអាជីវកម្មនេះកាន់តែផ្តល់ជាទំនុកចិត្តខ្ពស់ដល់វិនិយោគិន។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក (ន.ម.ក) បានបញ្ជាក់ថា៖«ន.ម.ក នៅមិនទាន់ផ្តល់អជ្ញាប័ណ្ណក្រុមហ៊ុន ណាមួយដើម្បីដំណើរការអាជីវកម្មទ្រព្យឌីជីថលនៅឡើយ តែយើងកំពុងធ្វើការដើម្បីអភិវឌ្ឍន៍ បទប្បញ្ញាត្តិឲ្យបានត្រឹមត្រូវជាមុនសិន ហើយយើងរំពឹងថា MoU នេះនឹងក្លាយជាជំនួយដ៏សំខាន់ក្នុងការ អភិវឌ្ឍក្របខណ្ឌបទប្បញ្ញាត្តិឲ្យរឹងមាំនាពេលអនាគត»។
គណៈកម្មការនាយកនៃក្រុមហ៊ុន Zillion United ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Zillennium Group ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នេះដែរ តបតាមការអញ្ជើញពី ន.ម.ក ដែលការផ្តល់កិត្តិយសនេះបង្ហាញពីទំនុកចិត្តរបស់ ន.ម.ក មកលើ Zillion United។
តាមរយៈ MoU នេះ អ្នកជំនាញពីក្រុមហ៊ុន Binance នឹងចូលរួមសហការជាមួយនិយ័តករមូលបត្រ កម្ពុជាធ្វើការបណ្តោះបណ្តាលលើការគ្រប់គ្រងហានិភ័យពីវិស័យទ្រព្យឌីជីថលដល់វិនិយោគិននៅក្នុងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញក្រុមហ៊ុន Binance ក៏នឹងចែករំលែកពី ព័ត៌មានស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ ការរីកចំរើននៃបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលនៅអាស៊ីអាគ្នេយ៍, ការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលក្នុងវិស័យរដ្ឋាភិបាល, និយ័តកម្មក្នុងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថលជាដើម។
ប្រធានក្រុមហ៊ុន Binance ប្រចាំតំបន់អាស៊ីលោក Gleb Kostarev បានបញ្ជាក់ថាតំបន់អាស៊ានហាក់ ទទួលយកបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យឌីជីថលបានលឿន ហើយកម្ពុជាមានសក្តានុពលច្រើនក្នុងក្លាយ ខ្លួនជាអ្នកឈានមុខគេក្នុងទីផ្សារនេះ ហើយ Binance នឹងព្យាយាមផ្តល់តម្លៃបន្ថែមប្រកបដោយជំនាញ និងវិជ្ជាជីវៈ៕